នៅថ្ងៃព្រហស្បតិ៍ ៧រោច ខែផល្គុន ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥ នេះ ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការ ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ដ្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញចុះពិនិត្យ និងជំរុញសកម្មភាពការដ្ឋានសាងសង់ទំនប់អាងស្ដុកទឹកលេខ២ ស្ថិតនៅតំបន់ក្បាលស្ទឹងពោធិ៍សាត់ ក្នុងភូមិសាស្ត្រស្រុកវាលវែង និងស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។
ឯកឧត្តមរដ្ឋលេខាធិការបានបញ្ជាក់ឱ្យដឹងថា ទំនប់អាងស្ដុកទឹកលេខ២នេះ ជាអាងស្តុកទឹកខ្នាតធំដែលធ្វើការសាងសង់ដោយទប់ភ្នំពីរនៅលើជ្រលងជ្រោះ ដែលមានសារសំខាន់ក្នុងការធានាសន្តិសុខទឹក ដើម្បីទប់ទល់ទៅនឹងបម្រែបម្រួលអាកាសធាតុបានគ្រប់រដូវកាល សម្រាប់ខេត្តពោធិ៍សាត់ និងបណ្តាខេត្តជុំវិញ៕