ឯកឧត្តមរដ្ឋមន្រ្តី ថោ ជេដ្ឋា ប្រធានអាជ្ញាធរទន្លេសាប និងឯកឧត្តម Li Guoying រដ្ឋមន្ត្រីក្រសួងធនធានទឹក នៃសាធារណរដ្ឋប្រជាមានិតចិន អញ្ជើញធ្វើ​​ទស្សនកិច្ច​ នៅតំបន់ទន្លេសាប ខេត្តសៀមរាប


នៅរសៀល​ថ្ងៃអង្គារ ៥រោច ខែផល្គុន ឆ្នាំរោង ឆស័ក ពស២៥៦៨ ត្រូវនឹងថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥ នេះ​ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានអាជ្ញាធរទន្លេសាប ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម Li Guoying រដ្ឋមន្ត្រីក្រសួងធនធានទឹកនៃសាធារណរដ្ឋប្រជាមានិតចិន និងគណៈប្រតិភូអមដំណើរ បានអញ្ជើញចុះពិនិត្យទីតាំងស្ថានីយជលសាស្រ្ត និងឧតុនិយមកំពង់ថ្កូវ ស្ថិតក្នុងស្រុកក្រឡាញ់ ទស្សនកិច្ចបារាយណ៍ទឹកថ្លា និងបឹងទន្លេសាប ស្ថិតនៅតំបន់ភូមិបណ្តែតទឹកចុងឃ្នៀស ក្រុងសៀមរាប ខេត្តសៀមរាប​។

ក្នុងឱកាសនោះ​ ឯកឧត្តមរដ្ឋមន្រ្តី​ប្រធានអាជ្ញាធរទន្លេសាប បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះឯកឧត្តម Li Guoying រដ្ឋមន្ត្រីក្រសួងធនធានទឹកនៃសាធារណរដ្ឋប្រជាមានិតចិន​ និង​បាន​ជម្រាបជូនប្រតិភូ​​​​ពីតួនាទីដ៏សំខាន់​របស់​ស្ថានីយជលសាស្រ្ត និងឧតុនិយម ក្នុងការ​ទទួល-បញ្ជូនទិន្នន័យ ការតាមដានគ្រប់គ្រងធនធានទឹក និងអាកាសធាតុ និង​គ្រប់គ្រងគ្រោះមហន្តរាយទឹកជំនន់ ដើម្បីចែករំលែក និង​ផ្សព្វផ្សាយជូនដល់សាធារណ​ជន។

លើសពីនេះ​ ឯកឧត្តមរដ្ឋមន្រ្តីប្រធានអាជ្ញាធរទន្លេសាប​ ក៏បានបញ្ជាក់ជូនប្រតិភូផងដែរ​ អំពីអត្ថប្រយោជន៍បឹងទន្លេសាបលើវិស័យធនធានទឹក ទេសចរណ៍​ អេកូឡូស៊ី​ បរិស្ថាន មច្ឆជាតិជាដើម ដែលក្នុងនោះ ត្រីជាប្រភពប្រូតេអ៉ីនដ៏សំខាន់​ទ្រទ្រង់សុខភាពមនុស្ស និងសេដ្ឋកិច្ចជាតិ ខណៈ​​ព្រៃលិចទឹកជុំវិញបឹងទន្លេសាប​ផ្តល់នូវមុខងារជាច្រើនលើការការពារបឹងទន្លេសាបពីការគោករាក់ ការពារទប់ស្កាត់ភាពកករដីល្បាប់ ភាពកខ្វក់និង​ជាតិពុលពីតំបន់អភិវឌ្ឍន៍ផ្នែកខាងលើហូរចាក់ចូលបឹងទន្លេសាប ដែល​ជះឥទ្ធិពលអវិជ្ជមានដល់គុណភាពទឹក បរិស្ថាន សុខមាលភាពបឹងទន្លេសាប និងបង្កគ្រោះថ្នាក់ដល់ការប្រើប្រាស់របស់មនុស្ស សត្វ និងរុក្ខជាតិព្រៃលិចទឹក ប្រព័ន្ធជីវចម្រុះ និងប្រព័ន្ធអេកូឡូស៊ី។

ឯកឧត្តម​ Li Guoying ​រដ្ឋមន្រ្តីក្រសួងធនធានទឹកនៃសាធារណរដ្ឋប្រជាមានិតចិន បាន​បង្ហាញនូវការ​គាំទ្រ​ និង​ជំរុញ​​ពង្រឹងកិច្ចសហប្រតិបតិ្តការរវាង​អាជ្ញាធរទន្លេសាប និងក្រសួងធនធានទឹកនៃសាធារណរដ្ឋប្រជាមាននិតចិន ដើម្បី​ចូលរួមការពារ អភិរក្ស​បឹងទន្លេសាបឱ្យបានគង់វង្ស និងចីរភាព និង​បាន​ណែនាំឱ្យ​វិទ្យាស្ថានស្រាវជ្រាវជលគតិណានជីង និងវិទ្យាស្ថានស្រាវជ្រាវណានជីងផ្នែកជលសាស្រ្ត​និងប្រព័ន្ធស្វ័យប្រវត្តិកម្មសម្រាប់ការអភិរក្ស​ បន្តសហការជាមួយអាជ្ញាធរទន្លេ​សាប​ ​​សិក្សារួមគ្នាលើតម្រូវការផ្តល់នូវឧបករណ៍បំពាក់​និងបច្ចេកទេសបន្ថែម​ នៅតំបន់អាងបឹងទន្លេសាប(ស្ទឹងសំខាន់ៗទាំង១១) និងបណ្តុះបណ្តាលធនធានមនុស្សប្រកបដោយសមត្ថភាពក្នុងការថែទាំ ជួសជុល គ្រប់គ្រងទិន្នន័យជលសាស្រ្ត សិក្សាពីវដ្តនៃព្រៃលិចទឹក និងដកស្រង់បទពិសោធន៍ពីការដាំព្រៃលិចទឹកនៅបឹងទន្លេសាប ទៅដាំនៅបឹង Tiahu ប្រទេសចិន៕