ឯកឧត្តម ឆាយ ឫទ្ធិសែន អញ្ជើញទៅពិនិត្យការដ្ឋានសាងសង់ផ្លូវចំនួន ២ខ្សែ និងស្ថានភាពផ្លូវរងការខូចខាត ១កំណាត់ នៅក្នុងខេត្តព្រះវិហារ


ខេត្តព្រះវិហារ៖ នាព្រឹកថ្ងៃសៅរ៍ ៩រោច ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៥ បន្ទាប់ពីពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគាររដ្ឋបាលថ្មីរបស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រះវិហារ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ និងប្រតិភូរួមដំណើរ រួមមាន ឯកឧត្តមរដ្ឋលេខាធិការ, អនុរដ្ឋលេខាធិការ, អគ្គនាយក បានដឹកនាំមន្ដ្រីបច្ចេកទេសថ្នាក់ក្រសួង និង មន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រះវិហារ អញ្ជើញទៅពិនិត្យការដ្ឋានសាងសង់ផ្លូវ ២ខ្សែ និងស្ថានភាពផ្លូវរងការខូចខាតចំនួន ១កំណាត់ នៅក្នុងខេត្តព្រះវិហារ រួមមាន៖

  ខ្សែផ្លូវទី១ អញ្ជើញពិនិត្យការដ្ឋានសាងសង់ផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) ប្រវែង ៣៧,៧គីឡូម៉ែត្រ ទទឹង ៧ម៉ែត្រ និងមានសំណង់សិល្បការ្យមួយចំនួន ចាប់ផ្ដើមពីខាងផ្លូវជាតិ៦៤ ត្រង់ចំណុចខាងលិចសាលាស្រុកគូលែន ភូមិគូលែនត្បូង ឃុំគូលែនត្បូង ទៅដល់ភូមិស្តៅ ឃុំស្តៅ ស្រុកសង្គមថ្មី ដោយឆ្លងកាត់ឃុំចំនួន ៦ រួមមាន ឃុំគូលែនត្បូង ភ្នំត្បែងពីរ ភ្នំត្បែងមួយ រអាង និងឃុំស្ដៅ។ ផ្លូវនេះស្ថិតក្នុងក្របខ័ណ្ឌកម្មវិធីអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធជនបទកម្ពុជា (RID4CAM) បានចាប់ផ្ដើមសាងសង់នៅខែកុម្ភៈ ឆ្នាំ២០២៤ បច្ចុប្បន្នសម្រេចលទ្ធផលបាន ៨៣%។ ផ្លូវ១ខ្សែនេះ នឹងដើរតួយ៉ាងសំខាន់ក្នុងការលើកកម្ពស់សេដ្ឋកិច្ចក្នុងមូលដ្ឋាន ជាពិសេសបម្រើការដឹកជញ្ជូនកសិផលរបស់ប្រជាកសិករ និងការធ្វើដំណើរឆ្លងកាត់របស់ប្រជាជនពីស្រុកមួយ ទៅស្រុកមួយទៀត។

  ខ្សែផ្លូវទី២ អញ្ជើញពិនិត្យការដ្ឋានសាងសង់ផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) ប្រវែង ២៤ គីឡូម៉ែត្រ ទទឹង ៧ម៉ែត្រ និងមានសំណង់សិល្បការ្យមួយចំនួន ចាប់ផ្ដើមពីមុខសាលាស្រុកសង្គមថ្មីត្រង់ភូមិចំរើន ឃុំចម្រើន ទៅដល់ភូមិស្វាយ ឃុំរណសិរ្ស ស្រុកសង្គមថ្មី។ ផ្លូវនេះស្ថិតក្នុងក្របខ័ណ្ឌគម្រោងប្រកួតប្រជែងខ្សែចង្វាក់តម្លៃ និងលើកកម្ពស់សុវត្ថិភាពកសិកម្ម (ACSEP) បានចាប់ផ្ដើមសាងសង់នៅខែមេសា ឆ្នាំ២០២៤ បច្ចុប្បន្នសម្រេចលទ្ធផលបាន ៩៦%។ ផ្លូវ១ខ្សែនេះ នឹងចូលរួមចំណែកលើកកម្ពស់សេដ្ឋកិច្ច និងជីវភាពរស់នៅរបស់ប្រជាជនក្នុងមូលដ្ឋាន តាមរយៈការបង្កភាពងាយស្រួលដល់ការដឹកជញ្ជូនកសិផលរបស់ប្រជាកសិករ និងការធ្វើដំណើររបស់ភ្លៀវទេសចរចូលទៅកាន់តំបន់រមណីដ្ឋានប្រវត្តិសាស្ដ្រប្រាសាទព្រះខ័នកំពង់ស្វាយ ក្នុងឃុំរណសិរ្ស ស្រុកសង្គមថ្មី ផងដែរ។

  ខ្សែផ្លូវទី៣ អញ្ជើញពិនិត្យស្ថានភាពផ្លូវដែលរងការខូចខាត ១កំណាត់ ប្រវែង ៣,៤០គីឡូម៉ែត្រ ចាប់ផ្ដើមពីភូមិស្ដៅ ឃុំស្ដៅ ទៅដល់ភូមិចំរើន ឃុំចំរើន ស្រុកសង្គមថ្មី។ កំណាត់ផ្លូវនេះ ស្ថិតនៅលើខ្សែផ្លូវ១ខ្សែ ប្រវែងសរុប ២៤គីឡូម៉ែត្រ ផ្ដើមពីភូមិស្ដៅ ឃុំស្ដៅ ស្រុកសង្គមថ្មី ទៅដល់ផ្លូវជាតិ៦២ ត្រង់ភូមិស្វាយប៉ាត ឃុំរំដោះ ស្រុករវៀង ដែលបានស្ថាបនារួចរាល់ក្នុងឆ្នាំ២០១៩ ក្នុងក្របខ័ណ្ឌកម្មវិធីកែលម្អហេដ្ឋារចនាសម្ព័ន្ធជនបទជំហាន៤ (RIP4)។

សូមជម្រាបជូនផងដែរថា ក្នុងឱកាសចុះពិនិត្យការដ្ឋានសាងសង់ផ្លូវខាងលើ ឯកឧត្តមរដ្ឋមន្ដ្រី បានណែនាំដល់ទីប្រឹក្សាបច្ចេកទេស និងក្រុមហ៊ុនទទួលការសាងសង់ ប្រចាំការនៅការដ្ឋានផ្ទាល់ យកចិត្តទុកដាក់អនុវត្ត ឱ្យបានត្រឹមត្រូវ តាមបទដ្ឋានបច្ចេកទេស ដើម្បីធានាគុណភាពផ្លូវជាប់ មានភាពធន់ និងប្រើប្រាស់បានយូរអង្វែង៕