ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៥នេះ ឯកឧត្តមវេជ្ជ. សុះ មុះសិន អ្នកតំណាងរាស្រ្តមណ្ឌលខេត្តកណ្តាល និងជាសមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា បានអញ្ជើញចុះជួបសំណេះសំណាល និងសួរសុខទុក្ខប្រជាពលរដ្ឋសាសនិកឥស្លាមនាខែបួសរ៉ម៉ាឌនឆ្នាំ២០២៥ ស្ថិតនៅភូមិបទុមសាគរ ឃុំខ្សាច់ទន្លា និងភូមិកោះថ្មី ឃុំខ្ពប ស្រុកស្អាង ខេត្តកណ្តាល និងបានពាំនាំយកអំណោយកញ្ចប់អាហារគ្រឿងឧបភោគបរិភោគចំនួន១៤៣ កញ្ចប់ ។
ពិធីខាងលើ ក៏មានការចូលរួមអមដំណើរពីសំណាក់ ឯកឧត្តម សុះ ស៊ុបអុី អនុរដ្ឋលេខាធិការ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ហាកឹម តុ តួន ផងដែរ ។
ជាកិច្ចចាប់ផ្តើម ឯកឧត្តម បានពាំនាំប្រសាសន៏ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជានិងសម្តេចបរវរធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្តី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានអចិន្រ្តៃយ៍កាកបាទក្រហមកម្ពុជា ដែលជានិច្ចជាកាលសម្តេច និងលោកជំទាវបណ្ឌិតតែងតែយកចិត្តទុកដាក់គិតគូពីសុខទុក្ខនិងជីវភាពរបស់ប្រជាជនយើងគ្រប់ទីកន្លែង ដោយមិនប្រកាន់នូវពណ៌សម្បូរ ពូជសាសន៍ ឬនិន្នាការនយោបាយឡើយ ។
ឯកឧត្តមវេជ្ជ. បានបញ្ជាក់ផងដែរពីតម្លៃនៃសុខសន្តិភាព បើគ្មានសន្តិភាពទេ នោះយើងទាំងអស់គ្នាគ្មានអ្វីគ្រប់យ៉ាងដូចសព្វថ្ងៃនេះទេ ។ ហើយរាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានប្តេជ្ញាចិត្តដ៏មោះមុតក្នុងការថែរក្សា(សន្តិភាព) និងតម្កល់ (សន្តិភាព) ជាគុណតម្លៃខ្ពស់បំផុត គឺគ្មានការប្រែប្រួលជាដាច់ខាត ទោះបីក្នុងតម្លៃណាក៏ដោយ និងមានគោលនយោបាយសុខដុមនីយកម្មសាសនាល្អបំផុត ដោយបានបើកឱកាសទូលាយ និងផ្ដល់សិទ្ធិយ៉ាងពេញលេញដល់សាសនិកឥស្លាមគ្រប់ៗរូបក្នុងការប្រតិបត្តិនូវកិច្ចការសាសនារបស់ខ្លួនដោយបើកចំហ ជាមួយនឹងការប្រតិបត្តិតាមគោលការណ៍សាសនាបានយ៉ាងពេញលេញ ដោយគ្មានទោមនស្សនោះឡើយ ។ ជាពិសេសថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៥ សម្តេចមហាបរវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត និងចូលរួមពិសារអាហារស្រាយបួសជាមួយសាសនិកឥស្លាមកម្ពុជានាពេលខាងមុខ ។
អំណោយចែកជូនក្នុង០១គ្រួសារៗ រួមមាន ÷
១. អង្ករមួយ ១៥គីឡូក្រាម
២. ទឹកដោះគោ ០២កំប៉ុង
៣. ស្ករស ០២គីឡូក្រាម
៤. មីឡូ ០១ដប
៥. អំបិល ០១គីឡូក្រាម