ឯកឧត្តម ឆាយ ឫទ្ធិសែន សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា​ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារ​ របស់គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាក្រសួងអភិវឌ្ឍន៍ជនបទ


រាជធានីភ្នំពេញ ៖ នាថ្ងៃសៅរ៍ ១កើត ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម ឆាយ ឫទ្ធិសែន សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមីនា និងទិសដៅការងារខែបន្ដ ឆ្នាំ២០២៥ របស់គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាក្រសួងអភិវឌ្ឍន៍ជនបទ ដោយមានវត្តមានអញ្ជើញចូលរួមពីសំណាក់ ឯកឧត្ដម លោកជំទាវ ជាអនុប្រធាន សមាជិកអចិន្ត្រៃយ៍ សមាជិកគណៈកម្មាធិការគណបក្សក្រសួងអភិវឌ្ឍន៍ជនបទ។

ជាកិច្ចចាប់ផ្ដើម ឯកឧត្តម សាន វិសាល ប្រធានលេខាធិការដ្ឋានគណៈកម្មាធិការគណបក្ស ក្រសួងអភិវឌ្ឍន៍ជនបទ បានផ្សព្វផ្សាយរបាយការណ៍បូកសរុបការងារត្រួតពិនិត្យគណបក្សឆ្នាំ២០២៤ និងទិសដៅភារកិច្ចឆ្នាំ២០២៥។ ជាមួយគ្នានោះ ឯកឧត្ដម ឆាយ ឫទ្ធិសែន បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ ឯកឧត្តម លោកជំទាវ ក្រុមការងារគណបក្សក្រសួងអភិវឌ្ឍន៍ជនបទ ដែលបានខិតខំប្រឹងប្រែងអនុវត្តតួនាទី ភារកិច្ច ស្របតាមលក្ខខន្ដិក និងបទបញ្ជាផ្ទៃក្នុងរបស់គណបក្ស ព្រមទាំងបានអញ្ជើញទៅដល់មូលដ្ឋានរបស់ខ្លួន ដើម្បីពង្រឹងមូលដ្ឋាន និងចិញ្ចឹមចលនាយ៉ាងសកម្ម នាពេលកន្លងមក។

ឆ្លៀតក្នុងឱកាសនោះផងដែរ ឯកឧត្តម បានផ្ដល់អនុសាសន៍មួយចំនួន ដល់ក្រុមការងារគណបក្សក្រសួងទាំងអស់ដូចខាងក្រោម៖
-ត្រូវយកស្មារតីនៃរបាយការណ៍របស់គណកម្មាធិការត្រួតពិនិត្យ និងរបាយការណ៍របស់គណឃោសនាអប់រំ របស់គណៈកម្មាធិការគណបក្ស ទៅផ្សព្វផ្សាយ ទៅតាមតួនាទី ភារកិច្ចរបស់ខ្លួន នៅតាមមូលដ្ឋាន ឱ្យបានគ្រប់គ្នា
-ត្រូវបន្ដយកចិត្តទុកដាក់ចុះមូលដ្ឋាន ចិញ្ចឹមចលនា និងក្តាប់ជាប់នូវសតិអារម្មណ៍របស់សមាជិកគណបក្ស និងដោះស្រាយបញ្ហាស្របតាមសេចក្ដីត្រូវការរបស់ប្រជាជន និងស្នើសុំគោលការណ៍បន្ដក្នុងករណីចាំបាច់
-ត្រូវធ្វើបច្ចុប្បន្នភាពបញ្ជីសមាជិកគណបក្ស ដោយរក្សាទុកក្នុងប្រព័ន្ធព័ត៌មានវិទ្យា, ជំរុញការចុះឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោតឱ្យបានគ្រប់គ្នា, និងខិតខំពង្រីកសមាជិកបក្សពីស្រទាប់យុវជន និងអូសទាញកម្លាំងពីបក្សដទៃ
-បន្ដខិតខំជួសជុល និងសាងសង់សាលប្រជុំនៅតាមស្នាក់ការគណបក្សឃុំឱ្យបានរួចរាល់ក្នុងឆ្នាំ២០២៥ និងត្រៀមគ្រប់មធ្យោបាយសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ និងបោះឆ្នោតជ្រើសរើសតំណាងរាស្ដ្រនាពេលខាងមុខ ឱ្យទទួលបានជោគជ័យ
-បន្ដអនុវត្តរបបប្រជុំឱ្យបានទៀងទាត់ និងផ្សព្វផ្សាយឱ្យបានផុលផុសអំពី គុណតម្លៃ និងសមិទ្ធផលដែលកើតចេញពីកត្តាសុខសន្ដិភាព ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា, ផ្សព្វផ្សាយអំពីវិនាសកម្មនានាដែលចេញពីនយោបាយជ្រុលនិយម និងណែនាំអំពីការចូលរួមការពារនូវសន្ដិភាពទោះក្នុងតម្លៃណាក៏ដោយ តាមរយៈការចូលរួមបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោជាប្រធាន
-ត្រូវបន្ដរក្សាសាមគ្គីភាព ឯកភាពផ្ទៃក្នុង ដោយអនុវត្តតាមគោលការណ៍មតិភាគតិច គោរពតាមមតិភាគច្រើន និងសមូហភាពដឹកនាំ ម្នាក់ៗទទួលខុសត្រូវ តាមតួនាទី និងភារកិច្ចដែលគណបក្សប្រគល់ជូន៕