ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ អញ្ជើញបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់សមាគមអភិវឌ្ឍលំនៅឋានកម្ពុជា


ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី និងនគរូបនីយកម្ម និងសំណង់ នៅរសៀលថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥នេះ បានអញ្ជើញជាអធិបតីភាពក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំប្រចាំ២០២៤ និងលើកទិសដៅការងារាម្រាប់ឆ្នាំ២០២៥ របស់សមាគមអភិវឌ្ឍលំនៅឋានកម្ពុជា ដែលមានលោកអ្នកឧកញ៉ា លី ហួរ ជាប្រធាន។

ពិធីនេះមានការអញ្ជើញចូលរួមពីរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ទីប្រឹក្សា អគ្គនាយក លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា ថ្នាក់ដឹកនាំ ទីប្រឹក្សា និងសមាជិក សមាជិកា សមាគមនអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា ដែលប្រព្រឹត្ដទៅនៅការិយាល័យរបស់សមាគម។

ជាកិច្ចចាប់ផ្ដើម លោកអ្នកឧកញ៉ា លី ហួរ បានថ្លែងពីសកម្មភាព និងវឌ្ឍនភាពការងាររបស់សមាគមដែលសម្រេចលទ្ធផលបាននៅឆ្នាំ២០២៤ ។ទន្ទឹមនឹងសមិទ្ធផលនេះ លោកអ្នកឧកញ៉ាក៏បានលើកពីផលប៉ះពាល់ ក៏ដូចជាបញ្ហាប្រឈម និងឧបសគ្គមួយចំនួនដោយសារបញ្ហាវិបត្តិសេដ្ឋកិច្ចធ្លាក់ចុះជាសកល តាំងពីកត្តារីករាលដាលជំងឺឆ្លងកូវីដ១៩ និងសង្គ្រាមរុំារៃរវាងប្រទេសរុស្ស៊ី-អ៊ុយក្រែន សង្គ្រាមរវាងក្រុមហាម៉ាស-ប៉ាឡេស្ទីន ព្រមទាំងមានការបែងចែកប្លុកសេដ្ឋកិច្ចតំបន់ផងដែរ និងបញ្ហាផ្សេងៗទៀត ដែលជះឥទ្ធិផលដល់សេដ្ឋកិច្ចកម្ពុជាទាំងមូលផងដែរ ជាពិសេសធ្វើឲ្យប៉ះពាល់ដល់វិស័យអចលនទ្រព្យ ធ្វើឲ្យវិស័យនេះទាំងមូលស្ទើរតែធ្លាក់ដល់សូន្យ។

លោកអ្នកឧកញ៉ា លី ហួរ បានថ្លែងបន្ដអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះវត្ដមានដ៏ខ្ពង់ខ្ពស់របស់ ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ អញ្ជើញបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់សមាគមអភិវឌ្ឍលំនៅឋានកម្ពុជា និងបានស្នើសុំឧបនាយករដ្ឋមន្ដ្រី សាយ សំអាល់ ដែលជាស្ថាប័នអាណាព្យាលបាលផ្ទាល់ ជួយសម្របសម្រួលដោះស្រាយនូវបញ្ហាប្រឈម និងវិបត្តិវិស័យអចលនទ្រព្យកំពុងជួបប្រទះនេះ។

ជាការឆ្លើយតបឯកឧត្តមឧបនាយករដ្ឋមន្ដ្រី សាយ សំអាល់ បានបង្ហាញនូវគន្លឹះប្រកបដោយសុវត្ថិភាព និងយុទ្ធសាស្ដ្ររួម សម្រាប់ដើរទៅមុខទាំងអស់គ្នា ដោយពួតដៃគ្នាឈរលើវិថីមួយដ៏ត្រឹមត្រូវ ដើម្បីកុំឱ្យមានការលំបាក និងខាតបង់ថវិកា។

ទន្ទឹមនឹងនោះឯកឧត្តមឧបនាយករដ្ឋមន្ដ្រី សាយ សំអាល់ បានគូសបញ្ជាក់ថា «រាជរដ្ឋាភិបាលយើង គឺបានខិតខំប្រឹងប្រែង ធ្វើយ៉ាងណាបង្កលក្ខណៈឱ្យប្រជាពលរដ្ឋយើងមានជីវភាពល្អប្រសើរ កាលណាពលរដ្ឋយើងមានភាពធូរធារ នោះនឹងជះឥទ្ធពលល្អផងដែរដល់វិស័យអចលនទ្រព្យ»។

ក្នុងឱកាសនោះឯកឧត្តមឧបនាយករដ្ឋមន្ដ្រី សាយ សំអាល់ ក៏បានលើកយកនូវអនុសាសន៍គន្លឹះមួយចំនួនទៀត ដោយផ្អែកលើកទិន្ន័យវិទ្យាសាស្ដ្រ និងកិច្ចការងារដែលក្រសួងកំពុងប្រឹងប្រែងធ្វើ ដើម្បីរក្សានិរន្ដន៍ភាព នូវឧស្សាហកម្មអចនទ្រព្យ ដែលសំដៅទៅលើលំនៅឋាន និងគ្រឿងបង្គុំសំណង់ ឬឧស្សាហកម្មសំណង់៕