ឯកឧត្តម មាន ចាន់យ៉ាដា អភិបាលខេត្តឧត្តរមានជ័យ នៅថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៥នេះ បានអញ្ជើញចូលរួមបើកព្រឹត្តិការណ៍ «សង្ក្រានចុងកាល់» ស្ថិតក្នុងបរិវេណសាលាស្រុកចុងកាល់ អបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្ពស័ក ព.ស២៥៦៩ គ.ស២០២៥ ដើម្បីបង្កការសប្បាយរីករាយជូនដល់បងប្អូនប្រជាពលរដ្ឋ។
ឯកឧត្តម មាន ចាន់យ៉ាដា បានថ្លែងដោយក្តីរំភើបរីករាយយ៉ាងក្រៃលែង ដោយបានចូលរួមក្នុងព្តឹត្តិការណ៍ «សង្ក្រានចុងកាល់» អបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការ កម្លាំងប្រដាប់អាវុធ និងបងប្អូនប្រជាពលរដ្ឋស្រុកចុងកាល់ នៃខេត្តឧត្តរមានជ័យរបស់យើង។
ឯកឧត្តមថាពិធីនេះស្ថិតក្រោមដំបូលនៃសុខសន្តិភាព និងការអភិវឌ្ឍរីកចម្រើនគ្រប់វិស័យរបស់ប្រទេសជាតិ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានបន្តមរតកដឹកនាំពីសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាបិតាស្ថាបនិកនៃគោលនយោបាយឈ្នះឈ្នះ ដែលនាំមកនូវសុខសន្តិភាពពេញផ្ទៃប្រទេសរហូតសព្វថ្ងៃ។
ឯកឧត្តមអភិបាលខេត្តឧត្តរមានជ័យ ក៏បានថ្លែងដោយចំណាប់អារម្មណ៍ថា៖ ព្រឹត្តិការណ៍ «សង្ក្រាន្តចុងកាល់» មានការតាំងបង្ហាញនូវសកម្មភាពអាជីវកម្មប្រពៃណីនានា ព្រមទាំងល្បែងប្រជាប្រិយជាច្រើនប្រភេទ លោកបញ្ជាក់ផងដែរថា «សង្ក្រាន្តចុងកាល់» គឺជាទីតាំង១ ក្នុងចំណោមទីតាំង ៨១ ទូទាំងខេត្តឧត្តរមានជ័យ ដែលកំពុងរៀបចំព្រឹត្តិការណ៍អបអរសាទរបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩។
ឯកឧត្តម មាន ចាន់យ៉ាដា ក៏បានកោតសរសើរដល់រដ្ឋបាលស្រុកចុងកាល់ ដែលបានរៀបចំព្រឹត្តិការណ៍ «សង្ក្រានចុងកាល់» នេះឡើងប្រកបភាពអធិកអធម និងភាពទាក់ទាញ ជាមួយនឹងការបង្កើតនូវព្រឹត្តិការណ៍សប្បាយៗជាច្រើន ដើម្បីបង្កការសប្បាយរីករាយជូនដល់បងប្អូនប្រជាពលរដ្ឋ នៅក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីនេះ។ ឯកឧត្តមក៏បានចូលលេងកម្សាន្តជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការ និងប្រជាពលរដ្ឋនូវល្បែងកម្សាន្តប្រជាប្រិយជាច្រើន និងប្រកាសបើកព្រឹត្តិការណ៍ «សង្ក្រានចុងកាល» ចាប់ពីពេលនេះតទៅ៕