នៅថ្ងៃចន្ទ ២រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៥ នេះ ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការ ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ដ្រីក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំគណៈប្រតិភូជាថ្នាក់ដឹកនាំនៃអង្គភាពមួយចំនួនចំណុះក្រសួង និងមន្ទីរធនធានទឹក និងឧតុនិយមពាក់ព័ន្ធរបស់ខេត្តគោលដៅ បំពេញទស្សនកិច្ចជាផ្លូវការនៅសាធារណរដ្ឋបារាំង។
ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ និងគណៈប្រតិភូបានអញ្ជើញទៅពិនិត្យលើមូលដ្ឋានសំខាន់ៗនៃមន្ទីរពិសោធន៍ស្រាវជ្រាវ និងឯកសាររបស់ទីភ្នាក់ងារឧតុនិយមអន្តរជាតិបារាំង(MFI) ដែលស្ថិតនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំ Mont Aigoual ក្នុងកម្រិតកម្ពស់ ១៩០០ ម៉ែត្រ ក្បែរទីក្រុងទូលូស ប្រទេសបារាំង។
ឯកឧត្តមរដ្ឋលេខាធិការបានបញ្ជាក់ថា មន្ទីរពិសោធន៍នេះ ជាមន្ទីរពិសោធន៍លើវិស័យឧតុនិយមដ៏ធំល្បីល្បាញក្នុងតំបន់អឺរ៉ុបរបស់ទីភ្នាក់ឧតុនិយមអន្តរជាតិបារាំង(MFI) និងអង្គការសហប្រជាជាតិ(UN) សម្រាប់បម្រើឱ្យការរៀបចំយុទ្ធសាស្រ្ត ដើម្បីទប់ទល់នឹងបម្រែបម្រួលអាកាសធាតុ ការកើនឡើងនៃកម្រិតកម្ពស់ទឹកសមុទ្រ និងបាតុភូតនៃការរញ្ជួយដី៕