ឯកឧត្តម វ៉ាង វិនពីង៖ ចិនយកចិត្តទុកដាក់យ៉ាងខ្លាំង លើគម្រោងផ្លូវដែកល្បឿនលឿននៅកម្ពុជា, គម្រោងផ្លូវដែកពីកម្ពុជាទៅចិន កំពុងត្រូវបានពិភាក្សា


ឯកឧត្តម វ៉ាង វិនពីង ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានលើកឡើងថា ចិនយកចិត្តទុកដាក់យ៉ាងខ្លាំង លើគម្រោងផ្លូវដែកល្បឿនលឿននៅកម្ពុជា។ ឯកឧត្តមក៏បានបន្តថា គម្រោងផ្លូវដែកតភ្ជាប់ពីប្រទេសកម្ពុជាទៅចិន ក៏កំពុងត្រូវបានពិភាក្សាផងដែរ។

ឯកឧត្តមឯកអគ្គរដ្ឋទូត បានថ្លែងបែបនេះ ក្នុងឱកាសស្ថានទូតចិនប្រចាំកម្ពុជា បានរៀបចំសន្និសីទសារព័ត៌មាន ស្តីពីលទ្ធផលដំណើរទស្សនកិច្ចផ្លូវរដ្ឋមកកម្ពុជា របស់ឯកឧត្តម ស៉ី ជីនពីង ប្រធានាធិបតីចិន នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៥នេះ។

ឯកឧត្តមបានបញ្ជាក់យ៉ាងដូច្នេះ «ខ្ញុំយល់ឃើញថា កិច្ចសហប្រតិបត្តិការផ្លូវដែក ភាគីចិនយើងយកចិត្តទុកដាក់មែនទែន ហើយយើងនឹងជំរុញយ៉ាងសកម្ម។ ហើយយើងយល់ឃើញថា យើងបង្កើនសហប្រតិបត្តិការផ្លូវដែកនឹងផ្តល់ផលប្រយោជន៍ដល់ចិន និងកម្ពុជា ក៏ដូចជាផ្តល់ប្រយោជន៍ដល់ការតភ្ជាប់ក្នុងតំបន់យើង ហើយនឹងលើកកម្ពស់នូវប្រសិទ្ធភាពការដឹកជញ្ជូនមនុស្ស និងអីវ៉ាន់។ ចំពោះផ្លូវដែកពីប្រទេសចិន ដល់កម្ពុជា នឹងធ្វើឆ្លងកាត់តាមប្រទេសណាហ្នឹង យើងកំពុងពិភាក្សាគ្នា»

ពាក់ព័ន្ធនឹងគម្រោងអភិវឌ្ឍន៍ផ្លូវដែកនៅកម្ពុជានេះ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា កម្ពុជា បានសិក្សា និងរៀបចំផែនការរួចរាល់ហើយ។ ផែនការអភិវឌ្ឍន៍ផ្លូវ​ដែក​​នៅកម្ពុជាចែកចេញជាពីរដំណាក់កាលរួមមាន៖ ដំណាក់កាលមធ្យមពីឆ្នាំ២០២៣ ទៅឆ្នាំ២០២៧ និងរយៈពេលវែងពីឆ្នាំ២០២៨ ទៅឆ្នាំ២០៣៣។

បើតាមឯកឧត្តម ប៉េង ពោធិ៍នា ក្នុងរយៈពេលមធ្យមនេះ កម្ពុជាមានគម្រោងអភិវឌ្ឍន៍ផ្លូវដែកចំនួន៣គម្រោង រួមមាន៖ គឺប្រែក្លាយផ្លូវដែកពីរខ្សែបច្ចុប្បន្ន (ភ្នំពេញ-ព្រះសីហនុ, ភ្នំពេញ-ប៉ោយប៉ែត) ឱ្យក្លាយជាផ្លូវដែក​អាចបើក​បាន​ល្បឿនលឿនជាងពេលបច្ចុប្បន្ន ហើយគម្រោងទី២ និងទី៣ គឺការកសាងផ្លូវរថភ្លើងភ្ជាប់​រាជធានី​ភ្នំពេញ ទៅព្រលានយន្តហោះអន្តរជាតិតេជោ និងតភ្ជាប់ព្រលានយន្តហោះអន្តរជាតិខេត្ត​សៀម​រាប ទៅកាន់ក្រុងសៀមរាប។

ដោយឡែកសម្រាប់រយៈពេលវែងពីឆ្នាំ២០២៨ ទៅឆ្នាំ២០៣៣វិញ កម្ពុជា មានគម្រោងអភិវឌ្ឍន៍ផ្លូវដែក​ចំនួន​៥គម្រោងរួមមាន៖ ការសាងសង់ផ្លូវដែកល្បឿនលឿនភ្នំពេញ-ព្រះសីហនុ និងភ្នំពេញ-ប៉ោយប៉ែត, សាងសង់ផ្លូវដែកល្បឿនលឿនភ្នំពេញ ទៅបាវិត ព្រំដែនវៀតណាម, ភ្នំពេញ ទៅប៉ោយប៉ែត កាត់តាម​កំពង់​ធំ និងសៀមរាប។

ក្រៅពីគម្រោងសាងសង់ផ្លូវដែកល្បឿនលឿនទាំង៤គម្រោងនេះទៅ កម្ពុជា ក៏នឹងសាងសង់ប្រព័ន្ធផ្លូវ​ដែក​ក្នុង​រាជធានីភ្នំពេញ ដើម្បីសម្រួលការធ្វើចរាចរណ៍របស់ប្រជាពលរដ្ឋ ដែលកំពុងមានកំណើនខ្លាំង៕