ឯកឧត្តម វ៉ាង វិនពីង៖​ សង្គ្រាមពាណិជ្ជកម្មអាមេរិក-ចិន នឹងជះឥទ្ធិពលអវិជ្ជមានដល់ប្រទេសកំពុងអភិវឌ្ឍ, ប្រធានាធិបតីចិន លើកទឹកចិត្តវិនិយោគិន មកវិនិយោគនៅកម្ពុជា និងបើកទីផ្សារចិនឲ្យកម្ពុជា


ឯកឧត្តម វ៉ាង វិនពីង ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា បានថ្លែងថា សង្គ្រាមពាណិជ្ជកម្មអាមេរិក-ចិន នឹងជះឥទ្ធិពលអវិជ្ជមានដល់ក្រុមប្រទេសខាងត្បូង ដែលកំពុងអភិវឌ្ឍ ក៏ដូចជាប្រទេសកម្ពុជាផងដែរ។

ក្នុងន័យនេះ ប្រទេសចិននឹងសហការជាមួយប្រទេសក្នុងតំបន់ ជាពិសេសកម្ពុជា ដើម្បីការពារប្រព័ន្ធពាណិជ្ជកម្មទ្វេភាគី ដែលមានស្នូលរបស់អង្គការពាណិជ្ជកម្មពិភពលោក រក្សាគោលនយោបាយតុល្យភាព បើកចំហរ និងបរិយាប័ន្ន ខណៈលោកប្រធានាធិបតីចិន លើកទឹកចិត្តវិនិយោគិន មកវិនិយោគនៅកម្ពុជា និងបើកទីផ្សារចិនឲ្យកម្ពុជា។

ឯកឧត្តមឯកអគ្គរដ្ឋទូត បានថ្លែងបែបនេះ ក្នុងឱកាសស្ថានទូតចិនប្រចាំកម្ពុជា បានរៀបចំសន្និសីទសារព័ត៌មាន ស្តីពីលទ្ធផលដំណើរទស្សនកិច្ចផ្លូវរដ្ឋមកកម្ពុជា របស់ឯកឧត្តម ស៉ី ជីនពីង ប្រធានាធិបតីចិន នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៥នេះ។

ឯកឧត្តមបានថ្លែងថា សហរដ្ឋអាមេរិក បានចាត់វិធានការពន្ធគយដោយគ្មានគោលការណ៍ និងបានជះឥទ្ធិពលអវិជ្ជមានចំពោះប្រទេសខ្លួនឯង និងប្រទេសដទៃ ជាប្រទេសក្រុមប្រទេសខាងត្បូង ដែលកំពុងអភិវឌ្ឍ។ លោកសង្ឃឹមថាប្រទេសទាំងអស់ នឹងរួមគ្នាប្រឆាំងនឹងឯកតោភាគីនិយមរបស់អាមេរិក។

ឯកឧត្តមបានបញ្ជាក់យ៉ាងដូច្នេះថា «ប្រទេសចិន នឹងសហការជាមួយប្រទេសក្នុងតំបន់ ជាពិសេសកម្ពុជា ដើម្បីការពារប្រព័ន្ធពាណិជ្ជកម្មទ្វេភាគី ដែលមានស្នូលរបស់អង្គការពាណិជ្ជកម្មពិភពលោក រក្សាគោលនយោបាយតុល្យភាព បើកចំហរ និងបរិយាប័ន្ន។ ឯកឧត្តម ស៉ី ជីនពីង បានលើកឡើងថា ប្រទេសចិនយើងនឹងលើកទឹកចិត្តឲ្យវិនិយោគិនកាន់តែច្រើន មកវិនិយោគនៅកម្ពុជា បើកទីផ្សារប្រទេសចិនយើងឲ្យកម្ពុជា យើងនឹងនាំចូលនូវកសិផល ឲ្យបានកាន់តែច្រើន ធ្វើឲ្យកម្ពុជាមានឱកាសអភិវឌ្ឍប្រទេសកម្ពុជា ជួយកម្ពុជាសម្រេចបាននូវចក្ខុវិស័យឆ្នាំ២០២៣០ ក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ និងឆ្នាំ២០៥០ ក្លាយជាប្រទេសមានចំណូលកម្រិតខ្ពស់»។

សូមជម្រាបថា កម្ពុជាបានចាត់វិធានការការទូតយ៉ាងឆាប់រហ័ស ដើម្បីឆ្លើយតបទៅនឹងការដំឡើងពន្ធ ៤៩% ដែលរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន បានប្រកាសកាលពីមុននេះ លើការនាំចេញទំនិញរបស់កម្ពុជាទៅកាន់សហរដ្ឋអាមេរិក។ ជាក់ស្តែង រដ្ឋបាល Donald Trump របស់សហរដ្ឋអាមេរិក បានប្រកាសផ្អាករយៈពេល ៩០ថ្ងៃនៃការអនុវត្តយកពន្ធដំឡើងលើទំនិញនាំចូលពីប្រទេសទាំងឡាយដែលបានស្នើសុំចរចា ជាមួយនឹងសហរដ្ឋអាមេរិក ក្នុងនោះរួមមានទាំងប្រទេសកម្ពុជាផងដែរ៕