សម្ដេចបវរធិបតីបង្ហាញមូលហេតុកម្ពុជាដាក់ទិសដៅរៀបចំគោលនយោបាយលើកទឹកចិត្តចំពោះផលិតកម្មគ្រឿងបង្គុំ


សម្ដេចបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីបានបង្ហាញទិសដៅថារដ្ឋាភិបាលនឹងរៀបចំគោលនយោបាយលើកទឹកចិត្តដល់ក្រុមហ៊ុនដែលចូលមកវិនិយោគផលិតកម្មគ្រឿងបង្គុំដើម្បីជួយធានានិរន្តរភាពនៃការវិនិយោគរយៈពេលវែងនៅកម្ពុជា។

សម្ដេចបវតធិបតីបានថ្លែងនៅខេត្តពោធិ៍សាត់កាលពីព្រឹកថ្ងៃទី ២២មេសាឆ្នាំ២០២៥ ដោយបញ្ជាក់ថាគោលនយោបាយនេះនឹងធ្វើឲ្យកម្ពុជានឹងក្លាយទៅជាប្រទេសផលិតគ្រឿងបង្គុំកាន់តែច្រើនហើយអនាគតកម្ពុជាមិនមែនគ្រាន់តែជាប្រទេសដែលប្រមូលគ្រឿងបង្គុំផលិតនៅក្រៅប្រទេសយកមកផ្គុំនៅកម្ពុជាហើយនាំចេញដូចមុននោះទេ តែកម្ពុជានឹងក្លាយទៅជាប្រទេសផលិតគ្រឿងបង្គុំបាន

អតិបរមាផ្គត់ផ្គង់ផលិតកម្មក្នុងស្រុកនិងអាចនាំចេញគ្រឿងបង្គុំទៅក្រៅប្រទេសទៀតផង។សម្ដេចបានបញ្ជាក់ថាការលើកទឹកចិត្តដល់អ្នកផលិតនៅក្នុងខ្សែផលិតកម្មគិតអំពីកម្រិតដែលត្រូវអនុគ្រោះនេះ គឺដើម្បីយើងជំរុញក្នុងគោលដៅឲ្យការផលិតគ្រឿងបង្គុំភាគច្រើននៅក្នុងស្រុក។ ដោយសម្តេចបវរធិបតីពន្យល់ថា ការផលិតគ្រឿងបង្គុំបានភាគច្រើននៅក្នុងស្រុក នឹងជួយយើងគឺ

ទីមួយធ្វើពិពិធកម្មនៃការធ្វើផលិតកម្ម។ពោលគឺយើងផលិតគ្រឿងបង្គុំទាំងអស់បម្រើឲ្យផលិតកម្មផលិតផលសម្រេច។ទី ២ធ្វើឲ្យកម្ពុជាមានភាពធន់។បើខ្សែផលិតកម្មគ្រឿងបង្គុំកាន់តែច្រើននាំឲ្យយើងកាត់បន្ថយការនាំចូលគ្រឿងបង្គុំពីក្រៅប្រទេសទន្ទឹមនេះនឹងនាំឲ្យផលិតផលផលិតនៅកម្ពុជាទាំងអស់មានតម្លៃទាប។

ការចូលមកវិនិយោគគ្រឿងបង្គុំនឹងជួយបង្កើតឱកាសការងារនិងជំនាញដល់កូនចៅប្រជាពលរដ្ឋ នោះគឺអ្វីដែលរដ្ឋាភិបាលចង់បាន។ ពីព្រោះក្រុមហ៊ុនមកវិនិយោគបានបណ្តុះបណ្តាលជំនាញដល់កូនចៅយើង ដើម្បីចេញមកធ្វើការអោយក្រុមហ៊ុនដែលកាន់តែទំនើបមានខ្សែសង្វាក់ផលិតកម្មកាន់តែខ្ពស់ តម្រូវការជំនាញក៏កាន់តែត្រូវការបន្ថែម ដែលសមត្ថភាពនេះ ថ្ងៃក្រោយអាចបំរើអោយឧស្សាហកម្មផ្សេងៗទៀតបាន។នេះគឺជាភាពធន់និងធនធានមនុស្សរយៈពេលវែងនៅកម្ពុជា។

សូមបញ្ជាក់ថា គម្រោងការរៀបចំគោលនយោបាយលើកទឹកចិត្តដល់ក្រុមហ៊ុនដែលចូលមកវិនិយោគផលិតកម្មគ្រឿងបង្គុំនេះ បានធ្វើឡើងខណៈសម្តេចបវរធិបតី បានឡើងថាការស្វែងរកអ្នកវិនិយោគមិនមែន ងាយស្រួលទេ ហើយការថែរក្សា និង ការពង្រីកបន្ថែមរបស់អ្នកវិនិយោគក៏មិនងាយស្រួលដែរ ។

សម្តេចបវរធិបតី បានលើកឡើងនៅក្នុងឱកាសចុះទស្សនកិច្ចសង្វាក់ផលិតកម្មតម្លើងរថយន្តហ្វដនៅខេត្តពោធិសាត់ថា«ខ្ញុំគិតថាបងប្អូនប្រជាពលរដ្ឋខ្មែរក៏មាន អារម្មណ៍ដូចខ្ញុំដែរ គឺរំភើបនិងមោទនភាព ដែលបានឃើញពាក្យ MADE IN CAMBODIA នៅលើតួរថយន្តដែល ទទួលស្គាល់ជាផ្លូវការដោយអន្តរជាតិ ។ ខ្ញុំនៅចាំបានថាកាលពីដើមទសវត្សរ៍ទី៩០ ស្ទើរតែទាំងអស់នៃផលិតផលសម្រេច រាប់តាំងពីភេសជ្ជៈ គ្រឿងសង្ហារឹមទំនើប គ្រឿងអគ្គិសនី មិនមានការផលិតនៅក្នុង ប្រទេសកម្ពុជាទេ គឺសុទ្ធសឹងតែជារបស់ នាំចូលពីក្រៅប្រទេស។

បច្ចុប្បន្ននេះកម្ពុជាបានក្លាយជា មជ្ឈមណ្ឌលផលិតនិងដំឡើងផលិតផលសម្រេច ច្រើនមុខ សម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុកមួយផ្នែក និងសម្រាប់នាំចេញ ទៅក្រៅប្រទេស ដែលរួមមានផលិតផល ភេសជ្ជៈ ចំណីអាហារ សម្លៀកបំពាក់ គ្រឿងអលង្ការ គ្រឿងសង្ហារឹមទំនើប គ្រឿងបង្គំអគ្គិសនី និងឧបករណ៍ សម្ភារៈ ច្រើនមុខទៀត ក្រោមផ្លាក Made in Cambodia។ឥឡូវយើងមានសមត្ថភាពឈានដល់មាន រថយន្តទំនើប MADE IN CAMBODIA »៕