ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា​ ទទួលជួបជាមួយអគ្គនាយកប្រតិបត្តិ​ក្រុមហ៊ុន​ អប្សរា​ មេឌា​ សឺវីស​ ឯ.ក


នាព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានទទួលជួបជាមួយលោក លឹម​ ឃុនស្រ៊ុន​ អគ្គនាយកប្រតិបត្តិ​ក្រុមហ៊ុន​ អប្សរា​ មេឌា​ សឺវីស​ ឯ.ក ក្នុងជំនួបសម្តែងការគួរសម​ និងពិភាក្សាការងារអំពីប្រព័ន្ធផ្សព្វផ្សាយ​ និងមាតិកា គាំទ្រ​ដល់កិច្ចការងាររបស់ក្រសួង​ នៅទីស្តីការក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ។

ក្នុងកិច្ចប្រជុំនេះ ឯកឧត្តមរដ្ឋមន្ត្រី​ បានសម្តែងការស្វាគមន៍នូវកិច្ចសហការជាច្រើនជាមួយគ្នាកន្លងមក និងបន្តកិច្ចសហការជាមួយគ្នាបន្ថែមទៀតឱ្យកាន់តែល្អប្រសេីរ។ ជាគោលដៅ ឯកឧត្តមរដ្ឋមន្ត្រី​ ចង់ឱ្យសារព័ត៌មានចូលរួមចំណែកក្នុងវិស័យកសិកម្ម​ដេីម្បីបញ្ជ្រាបការយល់ដឹងដល់សាធារណជន ​ជ្រាបកាន់តែច្បាស់​ពីការខិតខំរបស់រាជរដ្ឋាភិបាល​ ជាពិសេសការដាក់ចេញនូវគោលនយោបាយអាទិភាពទី៥​ និងទី៦​ ដែលបានគិតគូរ​ សិក្សាវាយតម្លៃយ៉ាងល្អិតល្អន់ ​ពីសំណាក់រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា។

បេីតាម ឯកឧត្តមរដ្ឋមន្ត្រី​ ការងារនេះមានសារៈសំខាន់ណាស់ និងអាចសម្រេចបាន តាមរយៈសារព័ត៌មានដែលមានវិជ្ជាជីវៈច្បាស់លាស់​ ផលិតព័ត៌មានដែលមានមូលដ្ឋានពិតប្រាកដ និងគ្រប់ជ្រុងជ្រោយ ដើម្បីផ្សព្វផ្សាយដល់សាធារណជន​ ជាជាងការផ្តល់នូវព័ត៌មានក្លែងក្លាយ​ មិនមានមូលដ្ឋានច្បាស់លាស់​ ឬចាប់មុំព័ត៌មានណាមួយដែលមានលក្ខណៈកេងចំណេញផលប្រយោជន៍អាជីវកម្ម​ តែប្រាសចាកពីការពិត៕