ឯកឧត្តម ឆាយ ឫទ្ធិសែន​ បានអនុញ្ញាតជូនឯកឧត្តម Vanlalvawna Bawitlung ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឥណ្ឌា​ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ


រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃពុធ ១១រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥ នៅទីស្ដីការក្រសួង ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអនុញ្ញាតជូនឯកឧត្តម Vanlalvawna Bawitlung ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឥណ្ឌា និងសហការីចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។

ជាកិច្ចចាប់ផ្តើម ឯកឧត្តមរដ្ឋមន្ត្រី បានជម្រាបជូនឯកឧត្តមឯកអគ្គរដ្ឋទូត និងសហការី អំពីចក្ខុវិស័យ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភាព ក្រោមការដឹកនាំដ៏ឈ្លាសវៃ ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនៅយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដែលមានបាវចនាចំនួន ៥ គឺ៖ កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព និងមានគន្លឹះអាទិភាពចំនួន ៥ ទៀតរួមមាន មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យាឌីជីថល សំដៅសម្រេចឱ្យបានចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ជាប្រទេសដែលមានប្រាក់ចំណូលកម្រិតខ្ពស់។ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានបន្តលើកឡើងអំពីសមិទ្ធផលនានាដែលសម្រេចបានកន្លងមក និងទិសដៅអាទិភាពរបស់ក្រសួងអភិវឌ្ឍន៍ជនបទ តាមរយៈចក្ខុវិស័យ“ការកសាងតំបន់ជនបទកម្ពុជាប្រកបដោយវិបុលភាព, បរិយាបន្ន, នវានុវត្តន៍, ឌីជីថល និងភាពធន់ ទាំងផ្នែកសេដ្ឋកិច្ច សង្គម និងវប្បធម៌” ធានាបានកំណើនប្រាក់ចំណូលក្នុងគ្រួសារប្រកបដោយចីរភាព និងមានសុខុមាលភាពកាន់តែល្អប្រសើរឡើង តាមរយៈការដាក់ចេញនូវយុទ្ធសាស្ត្រចំនួន ៥ រួមមាន៖ (ទី១)ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងគមនាគមន៍ជនបទប្រកបដោយភាពធន់, (ទី២)ការលើកកម្ពស់សុខភាព អនាម័យ និងបរិស្ថានរស់នៅរបស់សហគមន៍ជនបទ,(ទី៣) ការអភិវឌ្ឍសហគមន៍ជនបទ (ទី៤)ពិពិធកម្មសេដ្ឋកិច្ចជនបទ និងនវានុវត្តន៍ការងារ និង(ទី៥)ការពង្រឹងស្ថាប័នតាមរយៈការរៀបចំគោលនយោបាយ ហិរញ្ញវត្ថុ ឌីជីថល និងសហប្រតិបត្តិការ។ បន្ថែមពីនេះទៀត ឯកឧត្តមរដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់អំពីការយកចិត្តទុកដាក់លើការរៀបចំភូមិគំរូគន្លិះ ព្រោះភូមិគំរូគន្លឹះ គឺជាមជ្ឈមណ្ឌលនៃការអភិវឌ្ឍដែលផ្ដល់សេវាសង្គម សេដ្ឋកិច្ច និងផលជះវិជ្ជមានដល់ភូមិដទៃដែលនៅជុំវិញ ដែលអាចធានាបាននូវកំណើនមុខរបរ និងប្រាក់ចំណូលរបស់ប្រជាពលរដ្ឋរស់នៅតំបន់ជនបទ ដែលកាត់បន្ថយវិសមភាពសង្គមរវាងជនបទ និងទីក្រុង ពោលគឺជាតំបន់ជនបទស៊ីវីល័យ។ ជាមួយគ្នានោះផងដែរ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានលើកឡើងអំពីកិច្ចសហប្រតិបត្តិការរវាងរាជរដ្ឋាភិបាលកម្ពុជាជាមួយប្រទេសឥណ្ឌានាពេលកន្លងមកលើវិស័យ វប្បធម៌ អប់រំ និងលេីផ្នែកជាច្រេីនទៀត។ ជាមួយគ្នានេះប្រទេសឥណ្ឌាក៏បានផ្តល់ជាជំនួយតាមរយៈក្រសួងអភិវឌ្ឍន៍ជនបទមានដូចជាគម្រោងអភិវឌ្ឍន៍សហគមន៍ចម្រុះតាមរយៈទឹកស្អាត អនាម័យ និងការបណ្តុះបណ្តាលវិជ្ជាជីវៈ, គម្រោងលុបបំបាត់សារធាតុអាសេនិច ពីទឹកបរិភោគនៅជុំវិញបឹងទន្លេសាប, គម្រោងការការពារបរិស្ថានតាមរយៈ ការលុបបំបាត់សារធាតុបំពុល ក៏ដូចជាការផ្តល់ជាវគ្គបណ្តុះបណ្តាលនានាជូនដល់មន្ត្រីរបស់ក្រសួងអភិវឌ្ឍន៍ផងដែរ។ ឯកឧត្តមក៏បានលើកឡើងបន្ថែមទៀតថាប្រទេសឥណ្ឌាជាប្រទេសមួយដែលមានក្រសួងអភិវឌ្ឍន៍ជនបទដាច់ដោយឡែក ដូចប្រទេសកម្ពុជាដែរ ដូចនេះឯកឧត្តមរដ្ឋមន្ត្រីក៏ស្នើសូមតាមរយៈឯកឧត្តមឯកអគ្គរដ្ឋទូតក្នុងការផ្សាភ្ជាប់ ក៏ដូចជាពង្រឹងកិច្ចសហប្រតិបត្តិការរវាងក្រសួងអភិវឌ្ឍន៍នៃប្រទេសទាំងពីរ ក្នុងការចែករំលែកនៅបទពិសោធន៍រវាងគ្នាក្នុងការរៀបចំ និងអភិវឌ្ឍន៍នៅតំបន់ជនបទ។

ឯកឧត្តម Vanlalvawna Bawitlung បានថ្លែងអំណរចំពោះ ឯកឧត្តមរដ្ឋមន្ត្រី ដែលបានអនុញ្ញាតឱ្យឯកឧត្តម ព្រមទាំងសហការីបានអញ្ជើញជួបសម្តែងការគួរសម និងពិភាក្សាការងារនាពេលនេះ។ ឯកឧត្តមបានមានប្រសាសន៍ថាការអភិវឌ្ឍន៍ជនបទនៅក្នុងប្រទេសទាំងពីរមានសភាពប្រហាក់ប្រហែលគ្នាដោយបច្ចុប្បន្នប្រជាជនឥណ្ឌាប្រមាណ ៥០% គឺរស់នៅតំបន់ជនបទ។ មួយវិញទៀតរដ្ឋាភិបាលឥណ្ឌាក៏បានកំណត់ចក្ខុវិស័យរបស់ខ្លួនប្រែក្លាយប្រទេសឥណ្ឌាជាប្រទេសអភិវឌ្ឍន៍ក្នុងឆ្នាំ ២០៤៧ ផងដែ។ ឯកឧត្តមបានមានប្រសាសន័បន្ថែមទៀតថាឥណ្ឌា និងបន្តគាំទ្រ ក៏ដូចជាពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀតជាមួយក្រសួងអភិវឌ្ឍន៍ជនបទតាមរយៈការផ្តល់ជាជំនួយផ្សេងៗបន្ថែមទៀត ការផ្តល់ជាវគ្គបណ្តុះបណ្តាលពិសេស លើជំនាញអភិវឌ្ឍន៍ជនបទជូនដល់មន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ។

ជាចុងបញ្ចប់ ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះឯកឧត្តមឯកអគ្គរដ្ឋទូត និងសហការីដែលអញ្ជើញមកនាពេលនេះ ក៏ដូចជាថ្លែងអំណរគុណចំពោះឯកឧត្តម ដែលប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការជាមួយក្រសួងអភិវឌ្ឍន៍ឱ្យកាន់តែមានភាពរឹងមាំបន្តទៅទៀត៕