ឯកឧត្តម គង់ ច័ន្ទវាសនា អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ម៉ាស៊ីនផលិតជីខ្នាតធំទី២ របស់ក្រុមហ៊ុន ហាស វេនឈ័រ ខេមបូឌា


នាព្រឹកថ្ងៃទី២៩​ ខែមេសា​ ឯកឧត្តម គង់ ច័ន្ទវាសនា រដ្ឋលេខាធិការក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ បានអញ្ជេីញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ម៉ាស៊ីនផលិតជីខ្នាតធំទី២ របស់ក្រុមហ៊ុន ហាស វេនឈ័រ ខេមបូឌា ដែលមានទីតាំងក្នុងស្រុកប្រាសាទបល្ល័ង ខេត្តកំពង់ធំ​ ដោយមានការចូលរួមពីឯកឧត្តម​អនុរដ្ឋលេខាធិការ ឡោ​ រស្មី​ លោក​ ព្រឹម​ រដ្ឋា​ អភិបាលរងខេត្តកំពង់ធំ​ តំណាង​ អគ្គនាយកដ្ឋានកសិកម្ម​ មន្ទីរ​និងអង្គភាពចំណុះ​រដ្ឋបាលខេត្ត​ រដ្ឋបាលស្រុក​ អាជ្ញាធរ​មូលដ្ឋាន​ ព្រមទាំងដៃគូចែកចាយ​ និងបុគ្គលិកក្រុមហ៊ុន​សរុបជាង​ ១៤០នាក់។ 

ក្នុងនាមក្រសួងកសិកម្ម រុក្ឋាប្រមាញ់​ និង​នេសាទ​ ឯកឧត្តមរដ្ឋលេខាធិការបានកោត​សរសេីរ​ និងវាយតម្លៃខ្ពស់​ ចំពោះការរួមចំណែករបស់ក្រុមហ៊ុន ហាស វេនឈ័រ ខេមបូឌា ក្នុងការអភិវឌ្ឍវិស័យកសិកម្ម​ ជាពិសេស​ការផលិត និងផ្គត់ផ្គង់ចែកចាយជីកសិកម្ម​ ប្រកបដោយគុណភាព និងតម្លៃសមរម្យ ដេីម្បីកាត់បន្ថយថ្លៃដេីមផលិត​ និងបង្កេីនប្រាក់ចំណេញរបស់កសិករ​ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លៀសវៃ​ ស្វាហាប់​ និងបុិនប្រសប់របស់សម្តេចមហាបវរធិបតី​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ 

ឯកឧត្តម​បានបន្ថែមថា​ ស្របតាមគោលនយោបាយនេះ​ ក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ បានអនុញ្ញាតឱ្យក្រុមហ៊ុនជាច្រេីនប្រកួតប្រជែង​ និងនាំចូលជី​ និងថ្នាំកសិកម្មមានគុណភាព​ និងតម្លៃសមរម្យ​ ដេីម្បីផ្គត់ផ្គង់​ និងចែកចាយជូនដល់ប្រជាកសិករនៅទូទាំងប្រទេស​។ ជាក់ស្តែង​ ក្នុងឆ្នាំ២០២៤​ កម្ពុជាបាននាំចូលជីកសិកម្មចំនួន​ ៩៦មុឺនតោន​ និងថ្នាំកសិកម្ម​ជាង​ ៧មុឺនតោន​ ដល់ប្រជាកសិករ។ ដោយឡែក​ ក្រុមហ៊ុន​ និងសិប្បកម្មក្នុងស្រុកចំនួន១៦​ រួមទាំងក្រុមហ៊ុន​ ហាស វេនឈ័រ ខេមបូឌា​ ផងដែរ​ មានសមត្ថភាពផលិត​ និងផ្គត់ផ្គង់ចែកចាយជីកសិកម្ម​ប្រមាណ​ ៥មុឺនតោន​ ក្នុងមួយឆ្នាំ​។ 

ឯកឧត្តមបានបញ្ជាក់ថា​ តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម​ ឌិត​ ទីណា​ រដ្ឋមន្ត្រីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ ក្រសួងផ្តោតការយកចិត្តទុកដាក់ខ្ពស់​ដល់ការផ្តល់សេវាសាធារណ:ល្អ ឆាប់រហ័ស​ និងប្រកបដោយតម្លាភាព​ ជាពិសេស​ ការអនុវត្តប្រព័ន្ធបញ្ជរតែមួយជាតិ​ ដែលបង្កលក្ខណ:ងាយស្រួលដល់ក្រុមហ៊ុនទាំងអស់​ ទាំងក្រុមហ៊ុននាំចូល​ និងក្រុមហ៊ុនផលិតក្នុងស្រុក​ ក្នុងដំណេីរការ​អាជីវកម្ម​ផ្គត់ផ្គង់ចែកចាយជី​ និងថ្នាំកសិកម្ម​ ប្រកបដោយគុណភាព​ តម្លៃសមរម្យ​ ទាន់ពេលវេលា​ និងតាមតម្រូវការ​ ជូនដល់ប្រជាកសិករ​ នៅទូទាំងប្រទេស​។ ការធានា បាននូវការផ្គត់ផ្គង់នេះ​ បានរួមចំណែកជួយឱ្យកម្ពុជាសម្រេចបានផលិតផលកសិកម្មប្រមាណ​ ៤០លានតោន​ ក្នុងឆ្នាំ២០២៤​ ដោយក្នុងនោះ​ កម្ពុជាបាន​នាំចេញជិត​ ១២លានតោន​ ទៅកាន់ទិសដៅ​ចំនួន​ ៩៥ប្រទេស​ គិតជាទឹកប្រាក់ប្រមាណ​ ៥,២ពាន់លានដុល្លារអាមេរិក។ 

សូមជម្រាបថា​ ក្រុមហ៊ុន ហាស​ វេនឈ័រ​ ខេមបូឌា​ បានចាប់ផ្តេីមផលិតជីធម្មជាតិ​ចាប់ពីឆ្នាំ២០១៩មក​ និងកំពុង​ផ្តល់ការងារ​សម្រាប់ប្រជាពលរដ្ឋខ្មែរចំនួន​ ៤៥នាក់។ ក្នុងឆ្នាំ២០២៥នេះ​ ក្រុមហ៊ុនមានផែនការផលិត​ ជីប្រមាណ​ ៥​ ០០០តោន​ និងគ្រោងតម្លេីងម៉ាសុីនទី៣​មួយទៀត​ នៅចុងឆ្នាំនេះ​ ដេីម្បីបង្កេីនការផលិតថែមទៀត។ 

ឯកឧត្តម​បានណែនាំ​ និងលេីកទឹកចិត្តក្រុមហ៊ុន​ ហាស វេនឈ័រ ខេមបូឌា​ ក៏ដូចជាក្រុមហ៊ុនផលិត​ និងនាំចូលជី​ និងថ្នាំកសិកម្មផ្សេងទៀត​ ឱ្យធ្វេីការ​បណ្តុះបណ្តាល​ និងផ្សព្វផ្សាយអំពីការ​ប្រេីប្រាស់ឱ្យបានត្រឹមត្រូវតាមបច្ចេកទេស​ ដល់ដៃគូចែកចាយ​ និងកសិករ​ ដេីម្បីចូលរួមកាត់បន្ថយថ្លៃដេីមផលិត​ និងបង្កេីនប្រាក់ចំណេញរបស់ប្រជាកសិករ៕​