នាព្រឹកថ្ងៃទី២៩ ខែមេសា ឯកឧត្តម គង់ ច័ន្ទវាសនា រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជេីញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ម៉ាស៊ីនផលិតជីខ្នាតធំទី២ របស់ក្រុមហ៊ុន ហាស វេនឈ័រ ខេមបូឌា ដែលមានទីតាំងក្នុងស្រុកប្រាសាទបល្ល័ង ខេត្តកំពង់ធំ ដោយមានការចូលរួមពីឯកឧត្តមអនុរដ្ឋលេខាធិការ ឡោ រស្មី លោក ព្រឹម រដ្ឋា អភិបាលរងខេត្តកំពង់ធំ តំណាង អគ្គនាយកដ្ឋានកសិកម្ម មន្ទីរនិងអង្គភាពចំណុះរដ្ឋបាលខេត្ត រដ្ឋបាលស្រុក អាជ្ញាធរមូលដ្ឋាន ព្រមទាំងដៃគូចែកចាយ និងបុគ្គលិកក្រុមហ៊ុនសរុបជាង ១៤០នាក់។
ក្នុងនាមក្រសួងកសិកម្ម រុក្ឋាប្រមាញ់ និងនេសាទ ឯកឧត្តមរដ្ឋលេខាធិការបានកោតសរសេីរ និងវាយតម្លៃខ្ពស់ ចំពោះការរួមចំណែករបស់ក្រុមហ៊ុន ហាស វេនឈ័រ ខេមបូឌា ក្នុងការអភិវឌ្ឍវិស័យកសិកម្ម ជាពិសេសការផលិត និងផ្គត់ផ្គង់ចែកចាយជីកសិកម្ម ប្រកបដោយគុណភាព និងតម្លៃសមរម្យ ដេីម្បីកាត់បន្ថយថ្លៃដេីមផលិត និងបង្កេីនប្រាក់ចំណេញរបស់កសិករ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លៀសវៃ ស្វាហាប់ និងបុិនប្រសប់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
ឯកឧត្តមបានបន្ថែមថា ស្របតាមគោលនយោបាយនេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអនុញ្ញាតឱ្យក្រុមហ៊ុនជាច្រេីនប្រកួតប្រជែង និងនាំចូលជី និងថ្នាំកសិកម្មមានគុណភាព និងតម្លៃសមរម្យ ដេីម្បីផ្គត់ផ្គង់ និងចែកចាយជូនដល់ប្រជាកសិករនៅទូទាំងប្រទេស។ ជាក់ស្តែង ក្នុងឆ្នាំ២០២៤ កម្ពុជាបាននាំចូលជីកសិកម្មចំនួន ៩៦មុឺនតោន និងថ្នាំកសិកម្មជាង ៧មុឺនតោន ដល់ប្រជាកសិករ។ ដោយឡែក ក្រុមហ៊ុន និងសិប្បកម្មក្នុងស្រុកចំនួន១៦ រួមទាំងក្រុមហ៊ុន ហាស វេនឈ័រ ខេមបូឌា ផងដែរ មានសមត្ថភាពផលិត និងផ្គត់ផ្គង់ចែកចាយជីកសិកម្មប្រមាណ ៥មុឺនតោន ក្នុងមួយឆ្នាំ។
ឯកឧត្តមបានបញ្ជាក់ថា តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងផ្តោតការយកចិត្តទុកដាក់ខ្ពស់ដល់ការផ្តល់សេវាសាធារណ:ល្អ ឆាប់រហ័ស និងប្រកបដោយតម្លាភាព ជាពិសេស ការអនុវត្តប្រព័ន្ធបញ្ជរតែមួយជាតិ ដែលបង្កលក្ខណ:ងាយស្រួលដល់ក្រុមហ៊ុនទាំងអស់ ទាំងក្រុមហ៊ុននាំចូល និងក្រុមហ៊ុនផលិតក្នុងស្រុក ក្នុងដំណេីរការអាជីវកម្មផ្គត់ផ្គង់ចែកចាយជី និងថ្នាំកសិកម្ម ប្រកបដោយគុណភាព តម្លៃសមរម្យ ទាន់ពេលវេលា និងតាមតម្រូវការ ជូនដល់ប្រជាកសិករ នៅទូទាំងប្រទេស។ ការធានា បាននូវការផ្គត់ផ្គង់នេះ បានរួមចំណែកជួយឱ្យកម្ពុជាសម្រេចបានផលិតផលកសិកម្មប្រមាណ ៤០លានតោន ក្នុងឆ្នាំ២០២៤ ដោយក្នុងនោះ កម្ពុជាបាននាំចេញជិត ១២លានតោន ទៅកាន់ទិសដៅចំនួន ៩៥ប្រទេស គិតជាទឹកប្រាក់ប្រមាណ ៥,២ពាន់លានដុល្លារអាមេរិក។
សូមជម្រាបថា ក្រុមហ៊ុន ហាស វេនឈ័រ ខេមបូឌា បានចាប់ផ្តេីមផលិតជីធម្មជាតិចាប់ពីឆ្នាំ២០១៩មក និងកំពុងផ្តល់ការងារសម្រាប់ប្រជាពលរដ្ឋខ្មែរចំនួន ៤៥នាក់។ ក្នុងឆ្នាំ២០២៥នេះ ក្រុមហ៊ុនមានផែនការផលិត ជីប្រមាណ ៥ ០០០តោន និងគ្រោងតម្លេីងម៉ាសុីនទី៣មួយទៀត នៅចុងឆ្នាំនេះ ដេីម្បីបង្កេីនការផលិតថែមទៀត។
ឯកឧត្តមបានណែនាំ និងលេីកទឹកចិត្តក្រុមហ៊ុន ហាស វេនឈ័រ ខេមបូឌា ក៏ដូចជាក្រុមហ៊ុនផលិត និងនាំចូលជី និងថ្នាំកសិកម្មផ្សេងទៀត ឱ្យធ្វេីការបណ្តុះបណ្តាល និងផ្សព្វផ្សាយអំពីការប្រេីប្រាស់ឱ្យបានត្រឹមត្រូវតាមបច្ចេកទេស ដល់ដៃគូចែកចាយ និងកសិករ ដេីម្បីចូលរួមកាត់បន្ថយថ្លៃដេីមផលិត និងបង្កេីនប្រាក់ចំណេញរបស់ប្រជាកសិករ៕