នាព្រឹកថ្ងៃសុក្រ ៦កើត ខែពិសាខ ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងអធិការកិច្ច បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវាយតម្លៃលើវឌ្ឍនភាពចុងក្រោយសម្រាប់ការរៀបចំសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងអធិការកិច្ច ព្រមទាំងពិភាក្សាលើយុទ្ធសាស្រ្ត “ព៤ជ៤” ដែល “ព៤” រួមមាន (១) ពង្រឹងការងារអធិការកិច្ច, (២) ពង្រឹងការងារដោះស្រាយបណ្ដឹង, (៣) ពង្រឹងការងារតាមដានការអនុវត្តច្បាប់, (៤) ពង្រឹងការងារផ្សព្វផ្សាយច្បាប់ និងវេទិកាសាធារណៈ និង “ជ៤” រួមមាន (១) ជំរុញការរៀបចំលិខិតបទដ្ឋានគតិយុត្ត, (២) ជំរុញ និងបង្កើនសមត្ថភាពស្ថាប័ន, (៣) ជំរុញកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូ, (៤) ជំរុញការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ និងមន្រ្តីជំនាញពាក់ព័ន្ធ ដែលជាប្រធាន អនុប្រធាន សមាជិក សមាជិកានៃអនុគណៈកម្មការចំណុះ និងតំណាងមន្ទីរអធិការកិច្ចរាជធានី ខេត្ត ទាំង២៥ តាមប្រព័ន្ធអនឡាញ។
ឆ្លៀតក្នុងឱកាសនោះ អង្គប្រជុំក៏បានពិភាក្សាលើដំណើរការរៀបចំពិធីបើក ពិធីបិទសន្និបាត ការសម្របសម្រួលលើការងារចំនួន ព្រមទាំងការត្រៀមនូវបច្ចេកទេសផ្សេងៗដើម្បីធ្វើយ៉ាងណាឱ្យសន្និបាតក្រសួង អាចប្រព្រឹត្តទៅបានដោយរលូន និងទទួលបានលទ្ធផលជាផ្លែផ្កាស្របតាមការរំពឹងទុក។
សូមបញ្ជាក់ជូនផងដែរថា សន្និបាតបូកសរុបលទ្ធផលការងារ ឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងអធិការកិច្ច នឹងប្រព្រឹត្តទៅនៅថ្ងៃទី៨ ដល់៩ ខែឧសភា ឆ្នាំ២០២៥ ក្រោមអធិបតីភាព ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៕









