រាជធានីភ្នំពេញ៖ នារសៀលថ្ងៃសុក្រ ៦កើត ខែពិសាខ ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៥ នៅទីស្ដីការក្រសួង ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាអធិបតីបិទវគ្គបណ្ដុះបណ្ដាលពង្រឹងសមត្ថភាពមន្រ្ដីរាជការស្ដីពី “ភាពជាអ្នកដឹកនាំលើវិស័យអភិវឌ្ឍន៍ជនបទ” វគ្គ៤ ជូនសិក្ខាកាមដែលជាថ្នាក់ដឹកនាំនៅទីស្ដីការក្រសួង និងថ្នាក់ដឹកនាំនៃមន្ទីរអភិវឌ្ឍន៍ជនបទទាំង ២៥រាជធានី ខេត្ត។ ក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាលនេះមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ , ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គាធិការ ព្រមទាំងសិក្ខាកាមសរុបចំនួន ៣០២នាក់។
ជាកិច្ចចាប់ផ្ដើម ឯកឧត្ដម បាន បូរ័ត្ន អគ្គនាយករដ្ឋបាល និងហិរញ្ញវត្ថុ បានធ្វើរបាយការណ៍បូកសរុបលទ្ធផលវគ្គបណ្ដុះបណ្ដាលដោយបានបញ្ជាក់ជូនថា ក្រសួងបានរៀបចំវគ្គបណ្ដុះបណ្ដាលស្ដីពី “ភាពជាអ្នកដឹកនាំលើវិស័យអភិវឌ្ឍន៍ជនបទ” វគ្គទី៤នេះ ក្នុងគោលបំណងលើកកម្ពស់ប្រសិទ្ធភាពការងារអភិវឌ្ឍន៍ជនបទឱ្យកាន់តែខ្ពស់ ដោយដាក់បញ្ចូលនូវប្រធានបទសំខាន់ៗចំនួន ៤ រួមមាន (១) ការកែទម្រង់រដ្ឋបាលសាធារណៈ បង្ហាញដោយ ឯកឧត្តម ឈឹម សៅគី រដ្ឋលេខាធិការប្រចាំការ, (២) គោលការណ៍ និងយុទ្ធសាស្ដ្រអភិវឌ្ឍន៍ជនបទទូទៅ និងនៅកម្ពុជា បង្ហាញដោយ លោក ទូច ស៊ីផាត អគ្គនាយករងរដ្ឋបាល និងហិរញ្ញវត្ថុ, (៣) កិច្ចការគ្រប់គ្រង និងប្រសិទ្ធភាពការងារ បង្ហាញដោយ ឯកឧត្តម បាន បូរ័ត្ន អគ្គនាយករដ្ឋបាល និងហិរញ្ញវត្ថុ និង(៤) ផែនការយុទ្ធសាស្ដ្រអភិវឌ្ឍន៍ជាតិ បង្ហាញដោយ ឯកឧត្តម ផូ ផារិទ្ធ រដ្ឋលេខាធិការ។ ជាលទ្ធផលនៃវគ្គបណ្តុះបណ្តាលបានបង្ហាញឱ្យឃើញថា សិក្ខាកាមទាំងអស់បានទទួលការយល់ដឹងយ៉ាងស៊ីជម្រៅ ពីបទបង្ហាញរបស់វាគ្មិនទាំងអស់ដែលធ្វើបទបង្ហាញរយៈពេលពេញមួយថ្ងៃនេះ។
បន្ទាប់ពីបានស្ដាប់របាយការណ៍វគ្គបណ្ដុះបណ្ដាលរួចមក ឯកឧត្តមរដ្ឋមន្ត្រី បានសម្ដែងការអបអរសាទរចំពោះសិក្ខាកាមទាំងអស់ដែលបានចូលរួមក្នុងវគ្គបណ្តុះបណ្តាលរយៈពេលពេញមួយថ្ងៃ ប្រកបដោយការយកចិត្តទុកដាក់រហូតទទួលបានជោគជ័យ និងបានថ្លែងអំណរគុណចំពោះ គ្រូឧទ្ទេសទាំងអស់ដែលបានចែករំលែកចំណេះដឹង និងបទពិសោធន៍ដល់មន្ត្រីរាជការនៃក្រសួងភិវឌ្ឍន៍ជនបទក្រោមប្រធានបទ ភាពជាអ្នកដឹកនាំលើវិស័យអភិវឌ្ឍន៍ជនបទនាឱកាសនេះ។ ជាមួយគ្នានេះ ឯកឧត្ដមរដ្ឋមន្រ្ដី បានផ្ដល់អនុសាសន៍គន្លឹះមួយចំនួនដើម្បីជាការតម្រង់ទិសការងារជូនដល់សិក្ខាកាមដូចខាងក្រោម៖
១. ត្រូវយកចំណេះដឹង និងបទពិសោធន៍ ដែលទទួលបាននៅថ្ងៃនេះទៅអនុវត្តការងារនៅក្នុងកិច្ចការងារប្រចាំថ្ងៃរបស់ខ្លួនឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ និងទទួលជោគជ័យតាមផែនការ ដើម្បីអភិវឌ្ឍតំបន់ជនបទឱ្យកាន់តែរីកចម្រើនថែមទៀត ដោយអនុវត្តតាមគោលការណ៍ “ធ្វើឱ្យលឿន ធ្វើឱ្យលះ បើស្ទះសុំគោលការណ៍”
២. ត្រូវរៀបចំវគ្គបណ្ដុះបណ្ដាលបន្ដជូនដល់មន្ដ្រីរាជការដទៃទៀត ដោយផ្អែកលើ “អ្នកចេះច្រើន បង្រៀនអ្នកចេះតិច និង អ្នកចេះតិច បង្រៀនអ្នកមិនទាន់ចេះ”
៣. ត្រូវចូលរួមអនុវត្តដោយសកម្មក្នុងកំណែទម្រង់របស់រាជរដ្ឋាភិបាលដោយអនុវត្តតាមអភិក្រមកំណែទម្រង់ដោយជោគជ័យត្រូវមាន “១៖ចក្ខុវិស័យច្បាស់លាស់, ២៖ការប្ដេជ្ញាចិត្ត,៣៖ការចូលរួមដោយស្មោះត្រង់ និង៤៖ការលះបង់ខ្ពស់” និងអភិក្រម “ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់”
៤. ត្រូវយកចិត្តទុកដាក់អនុវត្តគោលការណ៍ការអនុវត្តការងារ ត្រូវមានការត្រួតពិនិត្យ និងវាយតម្លៃ ព្រមទាំងត្រៀមអនុវត្តប្រព័ន្ធលើកទឹកចិត្តតាមសមិទ្ធកម្មជូនមន្ដ្រី
៥. ត្រូវបន្ដពង្រឹងសាមគ្គីភាព ឯកភាពផ្ទៃក្នុង និងពង្រឹងកិច្ចសហការល្អជាមួយគ្រប់ភាគីពាក់ព័ន្ធ តាមគោលការណ៍ “អ្នកមានសមរភូមិរួម ជាមិត្តរបស់យើង”
ជាកិច្ចបញ្ចប់ ឯកឧត្ដមរដ្ឋមន្ដ្រី បានផ្ដល់កិត្តិយសប្រគល់លិខិតថ្លែងអំណរគុណជូនដល់គ្រូឧទ្ទេស និងក្រុមការងារ ព្រមទាំងបានប្រគល់វិញ្ញាបនបត្របញ្ជាក់ការសិក្សាដល់សិក្ខាកាមដែលបញ្ចប់វគ្គបណ្ដុះបណ្ដាលដោយជោគជ័យ៕