ឯកឧត្តម ឆាយ ឫទ្ធិសែន បានអញ្ជើញជាអធិបតីក្នុងកម្មវិធីសម្ពោធដាក់ឲ្យប្រើប្រាស់ អគារសាលប្រជុំរបស់គណៈកម្មាធិការគណបក្សឃុំជៀប និងពិធីប្រកាសបញ្ចូលសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាថ្មី


ខេត្តកំពង់ឆ្នាំង ៖ ថ្ងៃសៅរ៍ ៧កើត ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម ឆាយ ឫទ្ធិសែន សមាជិកគណ:កម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អនុប្រធានទី១ ក្រុមការងារគណបក្សថ្នាក់កណ្តាលចុះមូលដ្នានខេត្តកំពង់ឆ្នាំង និងជាប្រធានក្រុមការងារគណបក្សថ្នាក់កណ្តាលចុះមូលដ្ឋានស្រុកទឹកផុស និងស្រុកសាមគ្គីមានជ័យ បានអញ្ជើញជាអធិបតីក្នុងកម្មវិធីសម្ពោធដាក់ឲ្យប្រើប្រាស់ អគារសាលប្រជុំរបស់គណៈកម្មាធិការគណបក្សឃុំជៀប និងពិធីប្រកាសបញ្ចូលសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាថ្មី សរុបចំនួន ២៥៤នាក់។​ អញ្ជើញចូលរួមក្នុងអង្គពិធីនេះរួមមាន ឯកឧត្ដម លោកជំទាវ លោក លោកស្រី ជាអនុប្រធានក្រុមការងារចុះជួយស្រុក ប្រធាន អនុប្រធានចុះជួយឃុំ ក្នុងស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង សរុបរួមប្រមាណ ៣៥៦នាក់។

បន្ទាប់ពីបានស្ដាប់របាយការណ៍ស្វាគមន៍វឌ្ឍនភាពនៃការសាងសង់សាលប្រជុំ និងសមិទ្ធផលនានាដោយ ឯកឧត្តម អ៊ិន ចន្ថា ប្រធានក្រុមការងារគណបក្សចុះជួយមូលដ្ឋានឃុំជៀបរួចមក ឯកឧត្តម ឆាយ ឫទ្ធិសែន បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសាកសួរសុខទុក្ខ និងពរសព្ទសាធុកាពីសំណាក់ថ្នាក់ដឹកនាំកំពូលរបស់គណបក្សប្រជាជនកម្ពុជាជូនចំពោះអង្គពិធីមូល និងបានជម្រាបជូនសមាជិក សមាជិកា នៃអង្គពិធី នូវតម្លៃនៃកត្តាសុខសន្តិភាព ស្ថិរភាពនយោបាយ ក្រោមការដឹកនាំដ៏ត្រឹមត្រូវប្រកបដោយភាពប្រាកដនិយមរបស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រធានគណបក្ស សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ជាប្រធានកិត្តិយស និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាអនុប្រធានគណបក្ស និងជានាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្ដមប្រធាន បានថ្លែងអំណរគុណ និងធ្វើការកោតសរសើរ ព្រមទាំងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារគណបក្សគ្រប់លំដាប់ថ្នាក់ និងសមាជិកគណបក្ស ព្រមទាំងប្រជាពលរដ្ឋឃុំជៀប ដែលតែងតែស្រឡាញ់ ជឿជាក់ និងបោះឆ្នោតគាំទ្រគណបក្សប្រជាជនគ្រប់អាណត្តិទទួលបានជ័យជម្នះដ៏ត្រចុះត្រចង់ និងបានផ្តល់អនុសាសន៍ផ្តាំផ្ញើរមួយចំនួនដូចខាងក្រោម ៖

១.គណបក្សឃុំសូមបន្តធ្វើបច្ចុប្បន្នភាពសមាជិកបក្ស គ្រួសារបក្ស និងក្រុមបក្សជាប្រចំា តាមគោលការណ៍ « រក្សាចាស់ បង្កើនថ្មី »ដោយគៀគរសមាជិកបន្ថែប និងទទួលយកអ្នកដែលមានបំណងចង់ចូលរួមជីវភាពជាមួយគណបក្សប្រជាជន និងនាំទៅចុះឈ្មោះបោះឆ្នោតជូនបក្ស តាមគោលការណ៍ “សមាជិកម្នាក់សំឡេងគាំទ្របក្សមួយសន្លឹក” ។
២.ក្រុមការងារគណបក្ស និងគណបក្សឃុំ ត្រូវធ្វើបញ្ជីបច្ចុប្បន្នភាពក្រុមបក្ស សមាជិកបក្ស ដោយចុះក្នុងប្រព័ន្ធកុំព្យូទ័រ ។
៣. ត្រូវត្រៀមខ្លួនពីចម្ងាយសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ឆ្នាំ២០២៧ និងបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រឆ្នាំ២០២៨ នាពេលខាងមុន ដោយបុរេសកម្មត្រួតពិនិត្យទីតាំងការិយាល័យបោះឆ្នោត ឧបករណ៍សម្ភារៈបម្រើការឃោសនាបោះឆ្នោត ។
៤.ក្រុមការងារគណបក្សគ្រប់ថ្នាក់ ត្រូវបន្តចុះមូលដ្ឋានឃុំ និងភូមិ ព្រមទាំងតាមខ្នងផ្ទះផងដែរ ដូចភ្លៀងរលឹម ដោយអនុវត្តភារកិច្ចផ្សព្វផ្សាយកម្មវិធីនយោបាយគណបក្ស អប់រំសតិអារម្មណ៍ ដោះស្រាយការលំបាករបស់ក្រុមគ្រួសារបក្ស នៅមូលដ្ឋានតាមលទ្ធភាព និងសមត្ថភាព ។
៥.គណបក្សឃុំ និងសាខាបក្សភូមិ ត្រូវបន្តចូលរួមអនុវត្តគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព និងបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានល្អ ដើម្បីបង្កើន និងលើកស្ទួយប្រជាប្រិយភាពរបស់គណបក្ស ។
៦.ថែរក្សាឱ្យបានគង់វង្សនូវសមិទ្ធផលដែលមានស្រាប់ ព្រមទាំងកៀរគរថវិកាពីសប្បុរសជននានា សម្រាប់បម្រើការងារបោះឆ្នោត និងការងារចាំបាច់នានា ។
៧.គណបក្សមូលដ្ឋាន ត្រូវបន្តថែរក្សាសាមគ្គីភាព និងឯកភាពផ្ទៃក្នុង ផ្អែកលើគោលការណ៍ “សមូហភាពដឹកនាំ បុគ្គលទទួលខុសត្រូវ” និងត្រូវដឹកនាំប្រជុំជីវភាពជាប្រចាំខែ,ត្រីមាស, ឆមាស និងឆ្នាំផងដែរ និងរាយការណ៍មកក្រុមការងារគណបក្សចុះជួយឃុំ និងកណបក្សស្រុក ផ្អែកលើគោលការណ៍ “ការដឹកនាំត្រូវមានការត្រួតពិនិត្យ”។

បន្ទាប់មក ឯកឧត្តមប្រធាន បានជួយឧបត្ថម្ភនូវថវិកា និងទូរទស្សន៍ខ្នាតធំ ១គ្រឿង,ឧបករណ៍បំពងសំឡេងមួយឈុត, កុំព្យូទ័រយួរដៃ ១គ្រឿង និងម៉ាស៊ីនព្រីន ១គ្រឿង ជូនដល់ស្នាក់ការគណៈកម្មាធិការគណបក្សឃុំ សម្រាប់យកទៅប្រើប្រាស់បម្រើដល់ប្រយោជន៍គណបក្សផងដែរ៕