នៅព្រឹកថ្ងៃសៅរ៍ ៧កើត ខែពិសាខ ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត ហ៊ឺ វីរៈ សមាជិកគណៈកម្មាធិការកណ្ដាល សមាជិកយុវជនគណបក្សថ្នាក់កណ្ដាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកកំពង់ត្រឡាច បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំផ្សព្វផ្សាយ លទ្ធផលសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងទិសដៅការងារបន្តរបស់យុវជនគណបក្សប្រជាជនកម្ពុជា នៅទីស្នាក់ការគណបក្សស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។ ក្នុងកិច្ចប្រជុំនេះដែរ មានការអញ្ជើញចូលរួមពីសមាជិកសមាជិកាគណៈអចិន្រ្តៃយ៍គណបក្សស្រុក យុវជនគណបក្សស្រុក និងយុវជនគណបក្សឃុំ សរុបចំនួន ១៣៣ នាក់។
បន្ទាប់ពីការអានរបាយការណ៍សង្ខេបនូវលទ្ធផលការងារឆ្នាំ២០២៤ និងទិសដៅការងារបន្តរបស់យុវជនគណបក្សស្រុកកំពង់ត្រឡាច និងសេចក្ដីជូនដំណឹងស្ដីពីលទ្ធផលសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងទិសដៅការងារបន្តរបស់យុវជនគណបក្សប្រជាជនកម្ពុជា ឯកឧត្តមបណ្ឌិត បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមការងារយុវជនគណបក្សស្រុក យុវជនគណបក្សឃុំ យុវជនគណបក្សភូមិ យុវជនគណបក្សតាមសាខា នៅក្នុងស្រុកកំពង់ត្រឡាច ដែលតែងតែចូលរួមយ៉ាងសកម្ម ក្នុងការចុះជួយដល់បងប្អូនប្រជាពលរដ្ឋ ជាពិសេសការពង្រឹងសាមគ្គីភាពជាធ្លុងមួយ និងឯកភាពផ្ទៃក្នុងរបស់យុវជនគណបក្សនៅគ្រប់ជាន់ថ្នាក់បានយ៉ាងល្អប្រសើរ និងមានប្រសិទ្ធភាពខ្ពស់។
នៅរសៀលថ្ងៃដដែលនោះ ឯកឧត្ដមបណ្ឌិត ក៏បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមេសា និងលើកទិសដៅការងារប្រចាំខែឧសភា របស់គណៈកម្មាធិការគណបក្សស្រុក និងក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកកំពង់ត្រឡាច ដែលធ្វើឡើងក្នុងស្នាក់ការគណបក្សស្រុកកំពង់ត្រឡាច។ កិច្ចប្រជុំខាងលេីនេះដែរ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រីអនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុក លោក លោកស្រីប្រធាន អនុប្រធាន សមាជិកសមាជិកាគណៈកម្មាធិការគណបក្សស្រុក លោក លោកស្រីសាខាគណបក្សអង្គភាពជុំវិញស្រុក លោក លោកស្រីប្រធាន អនុប្រធាន សមាជិកសមាជិកាគណៈកម្មាធិការគណបក្សឃុំទាំង១០។ ក្នុងឱកាសនៃកិច្ចប្រជុំនោះ ឯកឧត្តមបណ្ឌិត បានមានប្រសាសន៍ជារួមដោយកោតសរសើរចំពោះថ្នាក់ដឹកនាំ ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុក និងគណៈកម្មាធិការគណបក្សឃុំទាំង១០ ដែលជានិច្ចកាលតែងតែគិតគូរ និងជួយសម្រួលទុក្ខលំបាករបស់ប្រជាពលរដ្ឋគ្រប់រូបភាព គ្រប់កាលៈទេសៈ។ ឯកឧត្តមបណ្ឌិត ក៏បានមានប្រសាសន៍បន្ថែមពីទិសដៅរបស់ក្រុមការងារគណបក្សគឺ ១.រៀបចំកែសម្រួលសមាសភាពក្រុមការងារគណបក្សចុះមូលដ្ឋានស្រុក ២.រៀបចំផែនការសកម្មភាពចុះជួបសំណេះសំណាល និងសួរសុខទុក្ខមេក្រុមបក្សតាមភូមិនីមួយៗទូទាំងស្រុក និង៣.សូមឱ្យសមាជិកសមាជិកាគណបក្សទាំងមូល សូមរួមសាមគ្គីគ្នាជាធ្លុងមួយ ទោះបីស្ថិតក្នុងកាលៈទេសៈ និងស្ថានភាពណាក៏ដោយ ត្រូវតែការពារឱ្យ បានជាដាច់ខាតនូវសន្តិភាព និងស្ថិរភាពនយោបាយ ការពារជាដាច់ខាតនូវឯករាជ្យ និងអធិបតេយ្យជាតិ ដើម្បីបន្តការពារ កសាង និងអភិវឌ្ឍប្រទេសជាតិយើង ឱ្យរីកចម្រើនជឿនលឿនទៅមុខជាដរាបដោយគ្មានការកើតឡើងវិញនូវសង្គ្រាម អំពើប្រល័យពូជសាសន៍ និងការបែកបាក់ផ្ទៃក្នុងជាតិដូចពីអតីតកាលទៀត៕