កាលពីថ្ងៃទី៣០ ខែមេសា ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ចូលរួមកិច្ចប្រជុំទ្វេភាគីជាមួយក្រសួងកសិកម្មនិងរុក្ខាកម្មនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។
នៅក្នុងកិច្ចប្រជុំនេះ ឯកឧត្តមរដ្ឋមន្ត្រីទាំងពីរបានពិនិត្យលើវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការទ្វេភាគីក្រោមក្របខណ្ឌនៃអនុស្សរណៈនៃការយោគយល់គ្នា(MOU) ដែលបានចុះហត្ថលេខារួមគ្នាកាលពីថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤។
ជាលទ្ធផល ភាគីទាំងពីរបានឯកភាពគ្នាលើកិច្ចសហប្រតិបត្តិការអាទិភាពចំនួន៣ សំខាន់ៗគឺ៖ ១. កិច្ចសហប្រតិបត្តិការលើធាតុចូលកសិកម្ម៖ ដោយផ្តល់អាទិភាពលើការផ្គត់ផ្គង់ធាតុផ្សំនៃផលិតកម្មជីកសិកម្ម ជាពិសេសប្រភេទជីប៉ូតាស។ ២. ការជំរុញកសិពាណិជ្ជកម្មទ្វេភាគី៖ ការបង្កើនការនាំចេញផលិតផលកសិកម្មកម្ពុជា ជាពិសេសផលិតផលស្វាយ ដោយប្រើប្រាស់ប្រព័ន្ធដឹកជញ្ជូនតាមផ្លូវដែកនិងរថភ្លើងល្បឿនលឿនឆ្លងកាត់ប្រទេសឡាវ ទៅកាន់ទីផ្សារចិន ឬប្រទេសទី៣ ដែលនឹងជួយបង្កើនទីផ្សារថ្មីសម្រាប់ផលិតផលកសិកម្មកម្ពុជា។ ៣. កិច្ចសហប្រតិបត្តិការលើឆាកអន្តរជាតិ៖ ការបន្តពង្រឹងកិច្ចសហប្រតិបត្តិការនិងការគាំទ្រគ្នាទៅវិញទៅមកលើឆាកអន្តរជាតិនានា ដើម្បីលើកកម្ពស់ផលប្រយោជន៍រួមនៃប្រទេសទាំងពីរក្នុងវិស័យកសិកម្ម៕