ឯកឧត្តម ជា សុផារ៉ា អញ្ជើញទទួលគ្រឿងឥស្សរិយយស សម្រាប់និទាឃរដូវឆ្នាំ២០២៥ ពីរដ្ឋាភិបាលជប៉ុន


នៅព្រឹកថ្ងៃទី៩​ ខែឧសភា ឆ្នាំ២០២៥នេះ ឯកឧត្តម ជា សុផារ៉ា ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃកម្ពុជា បានអញ្ជើញទទួលគ្រឿងឥស្សរិយយស សម្រាប់និទាឃរដូវឆ្នាំ២០២៥ (The Grand Cordon of the Order of the Rising Sun) ពីរដ្ឋាភិបាលជប៉ុន។

កាលពីនៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥ ទីស្តីការគណៈរដ្ឋមន្រ្តីរដ្ឋាភិបាលជប៉ុន បានប្រកាសឈ្មោះអ្នកដែលត្រូវទទួលគ្រឿងឥស្សរិយយស សម្រាប់និទាឃរដូវឆ្នាំ២០២៥ ផ្តល់ជូនដល់បុគ្គលឆ្នើម ដើម្បីទទួលស្គាល់នូវការចូលរួមចំណែករបស់បុគ្គលទាំងនេះ ក្នុងកិច្ចការសាធារណៈ ឬជាតិ និងសមិទ្ធិផលដ៏លេចធ្លោរបស់របស់បុគ្គលទាំងនេះក្នុងវិស័យនានាក្នុងសង្គម។

ឯកឧត្តម ជា សុផារ៉ា អតីតឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលទទួលគ្រឿងឥស្សរិយយស The Grand Cordon of the Order of the Rising Sun ជាការទទួលស្គាល់ការរួមចំណែករបស់លោក ក្នុងការពង្រឹងទំនាក់ទំនងនិងមិត្តភាពរវាងជប៉ុន និងកម្ពុជា៕