ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន នាព្រឹកថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៥នេះ បានអញ្ជើញជាអធិបតីក្នុងមហាសន្និបាតភាគហ៊ុនិកលើកទី១០ របស់កំពង់ផែស្វយ័តភ្នំពេញ ដោយមានការចូលរួមពីឯកឧត្តម ហ៊ឺ បាវី ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយកកំពង់ផែស្វយ័តភ្នំពេញ រួមទាំងមានថ្នាក់ដឹកនាំក្រសួង សមាជិកក្រុមប្រឹក្សាភិបាល និងមន្ត្រីត្រួតពិនិត្យរដ្ឋអមកំពង់ផែស្វយ័តភ្នំពេញ ឧកញ៉ា លោក លោកស្រី ភ្ញៀវកិត្តិយសជាតិ-អន្តរជាតិ ភាគហ៊ុនិក និងថ្នាក់ដឹកនាំ កម្មករ-និយោជិតទាំងអស់របស់កំពង់ផែស្វយ័តភ្នំពេញ ជាច្រើនរូបទៀត។
កំពង់ផែស្វយ័តភ្នំពេញ បានចុះបញ្ជី និងឈរជើងលើផ្សារមូលបត្រកម្ពុជាបាន ១០ឆ្នាំមកហើយ ដោយក្នុងនោះស្ថានភាពភាគហ៊ុនរបស់កំពង់ផែស្វយ័តភ្នំពេញ មានទំហំជួញដូរសរុបប្រចាំឆ្នាំមានចំនួន ២៣៦ ១២៦ភាគហ៊ុន និងថ្លៃជួញដូរជាមធ្យមមានចំនួន ១៣ ៧២០រៀល ក្នុងមួយភាគហ៊ុន។
ក្នុងរបាយការណ៍ឆ្នាំ២០២៤ កន្លងទៅ កំពង់ផែស្វយ័តភ្នំពេញទទួលបាននូវបរិមាណកុងតឺន័រចំនួន ៤៨០ ២០០TEUs កើនឡើងប្រមាណ ២១% ធៀបនឹងឆ្នាំ២០២៣ ក្នុងនោះបរិមាណទំនិញរាយ ប្រេង-ហ្គាស មានសរុបចំនួន ១៩៦៤ ៩១៥តោន កើនឡើងប្រមាណ ១៧% ធៀបនឹងឆ្នាំ២០២៣ បរិមាណនាវាមានសរុបចំនួន ៥ ៦០២គ្រឿង កើនប្រមាណ៥២% ធៀបនឹងឆ្នាំ២០២៣ និងបរិមាណអ្នកដំណើរឆ្លងកាត់មានចំនួនសរុប ៣៦ ០២៤នាក់ កើនឡើងប្រមាណ ៤៣% ធៀបនឹងឆ្នាំ២០២៣ ទាំងអស់នេះបានធ្វើឱ្យកំពង់ផែស្វយ័តភ្នំពេញ ទទួលបាននូវចំណូលសរុបកើនឡើងចំនួន ២០% បើធៀបនឹងចំណូល ប្រចាំឆ្នាំ២០២៣ ហើយប្រាក់ចំណេញក៏កើនឡើងប្រមាណ ៣៨% ធៀបនឹងផែនការឆ្នាំ២០២៣ ផងដែរ។
ថ្លែងក្នុងអង្គពិធីឯកឧត្តមរដ្ឋមន្រ្តី ប៉េង ពោធិ៍នា បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការចូលរួមវិនិយោគរបស់កំពង់ផែស្វយ័តភ្នំពេញ លើគម្រោងព្រែកជីកហ្វូណនតេជោ ដែលជាគម្រោងប្រវត្តិសាស្ត្ររបស់កម្ពុជា ក្រោមគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចតេជោប្រធានព្រឹទ្ធសភា និងត្រូវបានបន្តជំរុញការអនុវត្តដោយ សម្តេចធិបតី នាយករដ្ឋមន្ត្រី។
ទន្ទឹមនឹងនេះលោករដ្ឋមន្រ្តី ក៏បានសម្តែងការគាំទ្រ និងថ្លែងអំណរគុណចំពោះលោក លោកស្រី ជាសមាជិកក្រុមប្រឹក្សាភិបាលកំពង់ផែស្វយ័តភ្នំពេញ ដែលខិតខំប្រឹងប្រែងដឹកនាំ កំពង់ផែស្វយ័តភ្នំពេញ ឱ្យមានភាពរីកចម្រើនជាបន្តបន្ទាប់ និងសូមអរគុណចំពោះថ្នាក់ដឹកនាំ កម្មករ-និយោជិតទាំងអស់ ដែលបានចូលរួមអនុវត្តការងារយ៉ាងសកម្ម ធ្វើឱ្យកំពង់ផែស្វយ័តភ្នំពេញសម្រេចបានលទ្ធផលការងារគួរជាទីគាប់ប្រសើរជារៀងរាល់ឆ្នាំ។
គួរបញ្ជាក់ថាកំពង់ផែស្វយ័តភ្នំពេញ មានផែនការយុទ្ធសាស្ត្ររយៈពេលវែងគឺ គម្រោងអភិវឌ្ឍន៍ចំណតផែរណបតាមដងទន្លេនៅតាមបណ្តាទីតាំងចំនួន ៧ រួមមាន៖ ចំណតផែរណបពហុបំណងក្រចេះ ចំណតផែរណបពហុបំណងបឹងកេត ចំណតផែរណបពហុបំណងចុងឃ្លៀស ចំណតផែរណបពហុបំណងកំពង់ឆ្នាំង ចំណតផែរណបពហុបំណងកំពង់លែង ចំណតផែរណបពហុបំណង ព្រែកក្តាម និងចំណតផែរណបពហុបំណងសុវណ្ណភូមិ ដើម្បីបង្ខិតសេវាកម្មរបស់កំពង់ផែស្វយ័តភ្នំពេញឱ្យកាន់តែកៀកអតិថិជន និងជំរុញការនាំចេញកសិផលតាមតំបន់នីមួយៗបន្ថែម ទៀត ជាពិសេសការតភ្ជាប់ប្រព័ន្ធដឹកជញ្ជូនតាមផ្លូវទឹកនៅពេលគម្រោងព្រែកជីកហ្វូណនតេជោ បើកឱ្យដំណើរការជាផ្លូវការ៕