ឧបនាយករដ្ឋមន្ត្រី វង្សី វិស្សុត អញ្ជើញជាអធិបតីភាពក្នុងពិធិបិទសន្និបាតបូកសរុបការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងអធិការកិច្ច


ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ និងជារដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណ:រដ្ឋមន្ត្រីតំណាង សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញជាអធិបតីភាព ក្នុងពិធីបិទសន្និបាតបូកសរុប លទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងអធិការកិច្ចដែលមានការចូលរួមពីតួអង្គពាក់ព័ន្ធ សរុបចំនួន៧៧១នាក់។

អង្គសន្និបាត បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលការងារ ដែលក្រសួងអធិការកិច្ចបានអនុវត្តន៍ កាលពីឆ្នាំ២០២៤ និងផែនការការងារសម្រាប់បន្តអនុវត្តឆ្នាំ២០២៥ ពិសេសអង្គសន្និបាតបានគាំទ្រនូវយុទ្ធសាស្ត្រ (ព៤ជ៤) ដែលជាកូនសោរគន្លឹះនៃវិធានការដឹកនាំ គ្រប់គ្រងវិស័យអធិការកិច្ចនៅកម្ពុជា សំដៅរួមចំណែកអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រ បញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដែលមានការកែទម្រង់ និងអភិបាលកិច្ចល្អជាស្នូលនៃយុទ្ធសាស្ត្រ។

យុទ្ធសាស្ត្រ (ព៤ជ៤) គឺបានដាក់ចេញដោយឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងអធិការកិច្ច សម្រាប់អនុវត្តឆ្នាំ២០២៥-២០២៨ ក្នុងនោះ៖

*ព៤-សំដៅលើការពង្រឹងការងារស្នូលចំនួន៤ រួមមាន (ព១)ការពង្រឹងការងារអធិការកិច្ច (ព២)ពង្រឹងយន្តការដោះស្រាយបណ្តឹង (ព៣)ពង្រឹងការងារតាមដានការអនុវត្តច្បាប់ (ព៤)ពង្រឹងការងារផ្សព្វ ផ្សាយច្បាប់ និងវេទិកាសាធារណ​ៈ

*រីឯ-ជ៤ ៖ សំដៅលើការជំរុញការងារគាំទ្រចំនួន៤ គឺ (ជ១) ជំរុញការរបចំលិខិតបទដ្ឋានគតិយុត្ត (ជ២)ជំរុញ និងបង្កើនសមត្ថភាពស្ថាប័ន (ជ៣)ជំរុញកិច្ចសហប្រតបត្តិការ និងភាពជាដៃគូ និង (ជ៤) ជំរុញការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល។ ជាមួយគ្នានេះ អង្គសន្និបាត ក៏បានស្តាប់នូវបទបង្ហាញរបស់ក្រុមការងារ ចំពោះកិច្ចចំនួន៨រូប ដែលបានឆ្លុះបញ្ចាំងអំពីយុទ្ធសាស្ត្រព៤ជ៤ និង បទអន្តរាគមន៍របស់អគ្គាធិការដ្ឋានក្រសួង-ស្ថាប័ន និងមន្ទីរអធិការកិច្ច តាមបណ្តាខេត្តមួយចំនួន ស្តីពីដំណើរការប្រព្រិត្តទៅ នៃការអនុវត្តតួនាទីភារកិច្ច និងវឌ្ឍនភាពការងាររួមនឹងចំណុចខ្លាំង ចំណុចខ្វះខាត បញ្ហាប្រឈម និងដំណោះស្រាយនានាពាក់ព័ន្ធវិស័យអធិការកិច្ច ការងារទទួលពាក្យបណ្តឹង ដោះស្រាយបណ្តឹង ការងារតាមដានការអនុវត្តច្បាប់ ការពង្រឹងស្ថាប័ន និងការកសាងមូលធនមនុស្ស។

នាឱកាសនោះ ឯកឧត្តម វង្សី វិស្សុត បានគូសបញ្ជាក់ក្នុងពិធីបិទសន្និបាតថា ការងារអធិការកិច្ច គឺជាភារកិច្ចមួយដ៏មានសារ:សំខាន់មិនអាចខ្វះបាន សម្រាប់ត្រួតពិនិត្យលើការចាត់តាំងអនុវត្តន៍ បន្ទាប៉ពីថ្នាក់ដឹកនាំដាក់ចេញ នូវយុទ្ធសាស្ត្រ ឬគោលនយោបាយ និងការងារអធិការកិច្ចសម្រាប់តភ្ជាប់ជាមួយមហាជន ហើយរាជរដ្ឋាភិបាលចង់ឱ្យគ្រប់ក្រសួង ស្ថាប័ន តាំងពីថ្នាក់ជាតិ រហូតដល់ថ្នាក់ក្រោមជាតិ ត្រូវចូលរួមសហការធ្វើជាភ្នែកជាត្រចៀក ជាសេនាធិការដ៏ស្មោះត្រង់ សំដៅធានាការពង្រឹងប្រសិទ្ធិភាពស្ថាប័នប្រកបដោយការជឿជាក់ និងទំនួលខុសត្រូវខ្ពស់។

ឯកឧត្តម វង្សី វិស្សុត បាននាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចធិបតីនាយករដ្ឋមន្ត្រី ជូនចំពោះថ្នាក់ដឹកនាំមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ នៃក្រសួងអធិការកិច្ច និងតាមបណ្ដាក្រសួង ស្ថាប័នថ្នាក់ជាតិថ្នាក់ក្រោមជាតិ ដែលបានឆ្លៀតពេលដ៏មមាញឹកចូលរួមក្នុងសន្និបាតរយៈពេលមួយថ្ងៃកន្លះនេះ។​

លោកបានរំលឹកនូវប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចធិបតីនាយករដ្ឋមន្ត្រី នៅក្នុងសន្និបាតក្រសួងអធិការកិច្ច កាលពីឆ្នាំកន្លងទៅថា៖ «រៀបចំផ្ទះខ្លួនយើងឱ្យស្អាត មុននឹងចេញទៅមើលផ្ទះគេ», ដែលជាសារដ៏មាន អត្ថន័យ និងបានបង្ហាញអំពីកាតព្វកិច្ច និងទំនួលខុសត្រូវរបស់ស្ថាប័ន និងមន្ត្រីត្រួតពិនិត្យដែលតម្រូវឱ្យស្ថាប័ន ត្រួតពិនិត្យត្រូវមានភាពស្អាតស្អំ និងមានសមត្ថភាពគ្រប់គ្រាន់ ជាពិសេសមន្រ្តីអធិការកិច្ច ត្រូវមានសមត្ថភាពជំនាញច្បាស់លាស់ ភាពវៃឆ្លាត អត្តចរិតថ្លៃថ្នូរក្រមសីលធម៌ ស្អាតស្អំ និងបទពិសោធ ព្រមទាំងត្រូវមានសមត្ថភាពវិភាគ និងពិចារណាគ្រប់ជ្រុងជ្រោយ។

ជាថ្មីម្ដងទៀត ឯកឧត្តម វង្សី វិស្សុត បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ លោក សុខ សូកេន និងថ្នាក់ដឹកនាំ មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ នៃក្រសួងអធិការកិច្ច ព្រមទាំងមន្ត្រីអធិការកិច្ចទាំងអស់ និងសូមអបអរសាទរចំពោះលទ្ធផលដែលអង្គសន្និបាតសម្រេចបាន ពិសេសយុទ្ធសាស្ត្រ (ព៤ជ៤) ដែលនឹងបន្តអនុវត្តតាមទិសដៅការងារ ដែលបានដាក់ចេញសម្រាប់ឆ្នាំ២០២៥ ប្រកបដោយស្មារតីយកចិត្តទុកដាក់ខ្ពស់ សកម្ម បុរេសកម្ម និងអន្តរសកម្ម ដើម្បីបង្កើតនូវសមិទ្ធផលថ្មីៗបន្ថែមទៀត ជូនរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍសង្គមសេដ្ឋកិច្ចកម្ពុជា៕