ឯកឧត្តម សុខ សូកេន រដ្ឋមន្រ្តីក្រសួងអធិការកិច្ច បានអញ្ជើញជាអធិបតីក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងអធិការកិច្ច នៅសណ្ឋាគាររ៉េស៊ីដង់សុខាភ្នំពេញ


រាជធានីភ្នំពេញ ថ្ងៃព្រហស្បតិ៍ ១២កើត ខែពិសាខ ឆ្នាំម្សាញ់ សប្ដស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម សុខ សូកេន រដ្ឋមន្រ្តីក្រសួងអធិការកិច្ច បានអញ្ជើញជាអធិបតីក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងអធិការកិច្ច ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ ដែលជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងអធិការកិច្ច តំណាងក្រសួង-ស្ថាប័ន និងមន្ទីរអធិការកិច្ចរាជធានី-ខេត្ត សរុបប្រមាណ ៥៧៦ នាក់ នៅសណ្ឋាគាររ៉េស៊ីដង់សុខាភ្នំពេញ។
ថ្លែងក្នុងពិធីបើក ឯកឧត្តមរដ្ឋមន្រ្តី បានលើកឡើងថា សន្និបាតថ្ងៃនេះ អង្គសន្និបាតទាំងមូលនឹងចូលរួមពិនិត្យពិភាក្សាលើសមិទ្ធផលដែលសម្រេចបាន កំណត់នូវបញ្ហាប្រឈម និងដំណោះស្រាយនានា និងលើកទិសដៅការងារឆ្នាំ២០២៥របស់ក្រសួង ជាពិសេស ការដាក់ឱ្យអនុវត្តនូវយុទ្ធសាស្រ្ត «ព៤ជ៤» របស់ក្រសួងអធិការកិច្ច សម្រាបឆ្នាំ២០២៥-២០២៨ ដែលក្នុងនោះ «ព៤» រួមមាន (១) ពង្រឹងការងារអធិការកិច្ច, (២) ពង្រឹងការងារដោះស្រាយបណ្ដឹង, (៣) ពង្រឹងការងារតាមដានការអនុវត្តច្បាប់, (៤) ពង្រឹងការងារផ្សព្វផ្សាយច្បាប់ និងវេទិកាសាធារណៈ និង «ជ៤» រួមមាន (១) ជំរុញការរៀបចំលិខិតបទដ្ឋានគតិយុត្ត, (២) ជំរុញ និងបង្កើនសមត្ថភាពស្ថាប័ន, (៣) ជំរុញកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូ, និង(៤) ជំរុញការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល។
ឯកឧត្តមរដ្ឋមន្រ្តី បានគូសបញ្ជាក់ថា យុទ្ធសាស្រ្ត «ព៤ជ៤» ជាយុទ្ធសាស្រ្តដែលមានចក្ខុវិស័យវែងឆ្ងាយ ក្នុងការចូលរួមអនុវត្តយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ និងការដ្ឋានកំណែទម្រង់នានា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយ និងប្រាកដនិយមរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីពង្រឹងនិងលើកកម្ពស់ទំនុកចិត្តលើស្ថាប័នសាធារណៈ តាមរយៈការធ្វើទំនើបកម្មស្ថាប័នរដ្ឋឱ្យក្លាយជារដ្ឋបាលសាធារណៈទំនើប ប្រកបដោយសមត្ថភាពខ្ពស់ ខ្លាំង វៃឆ្លាត និងស្អាតស្អំ សំដៅជំរុញឱ្យសង្គមកម្ពុជាមានភាពធន់ ភាពប្រកួតប្រជែង និងចីរភាព។
ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានសំដែងនូវការដឹងគុណចំពោះ អតីតថ្នាក់ដឹកនាំគ្រប់ជំនាន់ ជាពិសេស សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ អតីតឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ដែលបានផ្តួចផ្តើមត្រួសត្រាយផ្លូវ និងជំរុញការអភិវឌ្ឍវិស័យអធិការកិច្ចនាពេលកន្លងមក។
នាឱកាសនោះដែរក៏មានបទបង្ហាញពីយុទ្ធសាស្រ្ត ព៤ជ៤ របស់ថ្នាក់ដឹកនាំក្រសួងអធិការកិច្ច, បទអន្តរាគមន៍របស់ថ្នាក់ដឹកនាំនៃអគ្គាធិការដ្ឋាននៃក្រសួងមហាផ្ទៃ ក្រសួងពាណិជ្ជកម្ម និងក្រសួងអប់រំ យុវជន និងកីឡា, និងប្រធានមន្ទីរអធិការកិច្ចខេត្តកំពង់ចាម កំពង់ឆ្នាំង និងតាកែវផងដែរ៕