នៅថ្ងៃអាទិត្យ ១៥កើត ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៥ នេះ ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការ ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ដ្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញដឹកនាំក្រុមការងារបច្ចេកទេស និងមន្រ្តីជាតិនិងអន្តរជាតិនៃអង្គភាពគ្រប់គ្រង និងអនុវត្តន៍គម្រោងរបស់ក្រសួងធនធានទឹក និងឧតុនិយម ចុះត្រួតពិនិត្យទីតាំងគម្រោងសាងសង់អាគាររ៉ាដាតេជោសែនទី២ ស្ថិតនៅតំបន់ភ្នំប្រសិទ្ធិ៍ ស្រុកពញាឮ ខេត្តកណ្តាល។
សូមជម្រាបថា ការដំឡើងរ៉ាដាថ្មីបន្ថែម គឺដើម្បីជួយផ្តល់ទិន្នន័យទាន់ពេលវេលា (real time) បម្រើដល់ការព្យាករអាកាសធាតុ និងធាតុអាកាស ជាពិសេសជួយដល់ការគ្រប់គ្រងវិស័យធនធានទឹក និងបម្រើឱ្យគ្រប់វិស័យពាក់ព័ន្ធ ហើយដែលជាតម្រូវការចាំបាច់ក្នុងបរិបទនៃការប្រែប្រួលអាកាសធាតុ។
ឯកឧត្តមរដ្ឋលេខាធិការបានបញ្ជាក់ឱ្យដឹងថា គម្រោងសាងសង់នេះទទួលហិរញ្ញប្បទានពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB) តាមរយៈកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ៕