ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន រដ្ឋមន្ត្រីស្តីទីក្រសួងយុត្តិធម៌ និងជាអនុប្រធានប្រចាំការ នៃអាជ្ញាធរជាតិ និងជាអនុប្រធានប្រចាំការតំណាងឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រីក្រសួងយុត្តិធម៏ និងឯកឧត្តម កើត ឆែ អភិបាលរងរាជធានី តំណាងឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានអញ្ជើញចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា រវាងអាជ្ញាធរជាតិ ដោះស្រាយវិវាទក្រៅប្រពន្ធ័តុលាការ និងរដ្ឋបាលរាជធានីភ្នំពេញ ស្ដីពីកិច្ចសហប្រតិបត្តិការក្នុងកិច្ចសម្រុះសម្រួលផ្សះផ្សាវិវាទ ដែលបានធ្វើឡើង នាព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥ នៅរដ្ឋបាលរាជធានីភ្នំពេញ។
ក្នុងឱកាសនោះឯកឧត្តម កើត ឆែ បានលើកឡើងថា ជាការពិតណាស់ រាជរដ្ឋាភិបាលក្នុងនិតិកាលកន្លងមក ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃ ប៉ិនប្រសប និងគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា តែងបានដាស់តឿន ក្រើនរំលឹកថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ឲ្យយកចិត្តទុកដាក់ក្នុងការដោះស្រាយវិវាទក្នុងដែនសមត្ថកិច្ច គឺកុំបណ្តោយឲ្យកំទេចភ្លើង អាចបង្កជាអគ្គីភ័យ ដែលមានន័យប្រៀបប្រដូច ទៅនឹងវិវាទតូចតាចក្នុងមូលដ្ឋានបើគ្មានការយកចិត្តទុកដាក់។
ឯកឧត្តម កើត ឆែ បន្ថែមទៀតថា ឈរលើមូលដ្ឋាននេះសម្តេចតេជោ ហ៊ុន សែន តែងតែបានលើកទឹកចិត្ត និងបង្កើតឲ្យមាននូវយន្តការជាច្រើនទាំងនៅថ្នាក់ជាតិ ដោយឈរលើគោលការណ៍ឈ្នះឈ្នះ ជាមូលដ្ឋាននៃការផ្សះផ្សា ដើម្បីរក្សាបាននូវសុខដមនីយ៍កម្មក្នុងសង្គម។
ឯកឧត្តម កើត ឆែ បានបញ្ជាក់ទៀតថា សម្រាប់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយភាពស្វាហាប់ សមត្ថភាព ថាមពល និងគតិបណ្ឌិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានដាក់ចេញកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដោយផ្តោតលើការកែទម្រង់ ការពង្រឹងអភិបាលកិច្ច និងការធ្វើទំនើបកម្មស្ថាប័នរដ្ឋ ជាស្នូលនៃយុទ្ធសាស្ត្រ ដើម្បីឈានទៅរកបាវចនាទាំង៥ រួមមាន៖ «កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព» ក្នុងនោះ «ការពង្រឹង និងលើកកម្ពស់គុណភាព និងប្រសិទ្ធភាពនៃប្រព័ន្ធ យុត្តិធម៌» ត្រូវបានកំណត់ជាអាទិភាពដ៏សំខាន់មួយ ក្នុងចំណោមវិធានការគន្លឹះទាំង៥ និងបានប្រគល់ភារកិច្ចនេះជូនលោក កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ដើម្បីរៀបចំផែនការសកម្មភាពជាក់ស្តែង សំដៅសម្រេចឱ្យបាននូវការងារជាអាទិភាព គឺការបង្កើតយន្តការដោះស្រាយវិវាទក្រៅ ប្រព័ន្ធតុលាការ បន្ថែមលើយន្តការដែលមានស្រាប់ ដើម្បីជួយសម្រុះសម្រួលដោះស្រាយវិវាទឱ្យបានឆាប់រហ័ស ជាពិសេសវិវាទរបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។
ឯកឧត្តម ជិន ម៉ាលីន បានគូសបញ្ជាក់ថា អនុស្សារណៈនៃការយោគយល់គ្នា នឹងរួមគ្នាចុះហត្ថលេខានាពេលបន្តិចទៀតនេះ ត្រូវបានធ្វើឡើងក្នុងគោលបំណង ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ ក្នុងភាពជាដៃគូ សំដៅរួមគ្នាលើកកម្ពស់គុណភាព ប្រសិទ្ធិភាព និងភាពឆាប់រហ័ស នៃការដោះស្រាយវិវាទតាមរយៈការសម្របសម្រួល ដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ នៅព្រះរាជាណាចក្រកម្ពុជា។ ផ្អែកតាមអនុស្សារណៈ នៃការយោគយល់គ្នានេះ អ.ដ.ក និងរដ្ឋបាលរាជធានីភ្នំពេញ និងធ្វើកិច្ចសហប្រតិបត្តិការ ក្នុងការសម្រុះសម្រួលផ្សះផ្សាវិវាទ។
ឆ្លៀតក្នុងឱកាសនេះឯកឧត្តម ជិន ម៉ាលីន បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះថ្នាក់ដឹកនាំ និងក្រុមការងារបច្ចេកទេស នៃអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ និងរដ្ឋបាលរាជធានីភ្នំពេញ បានខិតខំប្រឹងប្រែង យកអស់កម្លាំងកាយចិត្ត សហការគ្នាយ៉ាងជិតស្និត ក្នុងការចរចាពិភាក្សា និងរៀបចំឡើងដោយជោគជ័យ នៃអនុស្សារណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការ ក្នុងការសម្របសម្រួលផ្សះផ្សាវិវាទ រហូតឈានដល់ការចុះហត្ថលេខានាឱកាសនេះ។
គួរឱ្យដឹងថា អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដែលជាយន្តការថ្មីនេះ នឹងចូលរួមចំណែកក្នុងការបង្ខិតសេវាដោះស្រាយវិវាទ ឱ្យកាន់តែខិតគៀកនឹងប្រជាពលរដ្ឋនៅមូលដ្ឋាន ព្រមទាំងជួយសម្រុះសម្រួលផ្សះផ្សាវិវាទ ជូនដល់គូភាគីវិវាទដោយឆាប់រហ័ស ដោយផ្អែកតាមគោលការណ៍ឈ្នះឈ្នះទាំងអស់គ្នា ជួយកាត់បន្ថយការកកស្ទះសំណុំរឿងនៅតាមសាលាជម្រះក្តី ព្រមទាំងរួមចំណែកជួយលើកកម្ពស់សុខដុមរនាក្នុងសហគមន៍ និងសន្តិភាពរបស់ប្រទេសជាតិផងដែរ៕