អភិបាលខេត្តកំពត ដឹកនាំមន្ត្រី ចុះបើកការដ្ឋានស្ថាបនាទីតាំងវិថីអាហារ និងសួនច្បារ ក្នុងក្រុងកំពត


នៅព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានដឹកនាំអាជ្ញាធរក្រុងកំពត មន្ទីរ អង្គភាពជំនាញពាក់ព័ន្ធ ចុះពិនិត្យបើកការដ្ឋានស្ថាបនាទីតាំងវិថីអាហារ និងសួនច្បារក្នុងក្រុងកំពត ចាប់ពីផ្សារក្រណាត់ រហូតដល់សួនដើមពោធិ៍បេនឡានខេត្ត ដើម្បីរៀបចំ និងកែលម្អសោភ័ណភាពឱ្យបានស្អាត និងទាក់ទាញភ្ញៀវទេសចរ ហើយវិថីអាហារនេះ នឹងមានការរៀបចំតាមរចនាបទខ្មែរ ដើម្បីបង្ហាញពីវប្បធម៌ប្រពៃណីជាតិផងដែរ។

ទន្ទឹមនោះ ឯកឧត្តមអភិបាលខេត្តកំពត ព្រមទាំងជួរថ្នាក់ដឹកនាំនៃមន្ត្រីរាជការ អាជ្ញាធរពាក់ព័ន្ធ ក៏បានបន្តដំណើរចុះពិនិត្យទីតាំងឆ្នេរថ្មី ចន្លោះស្ពានថ្មថ្មី និងស្ពានឥន្ទធនូ ដែលមានរៀបចំក្រាលកៅស៊ូ AC មានចំណតម៉ូតូ រថយន្ត រួមនិងការរៀបចំក្រាលថ្មម៉ាបផងដែរ៕