កម្ពុជា និងអាមេរិក បន្តពង្រឹងកិច្ចសហប្រតិបត្តិការលើការទូតបៃតង ទោះជាមានការផ្លាស់ប្តូរទិសដៅជំនួយអាមេរិកក្តី


ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន ជួបពិភាក្សាការងារជាមួយ លោកស្រី Bridgette Walker ភារធារីស្ថានទូតសហរដ្ឋអាមេរិក និងលោកស្រី Kerry Pelzman ប្រធានបេសកកម្ម ទីភ្នាក់ងារសហរដ្ឋអាមេរិកដើម្បីអភិវឌ្ឍន៍អន្តរជាតិ USAID ប្រចាំកម្ពុជា រួមទាំងប្រតិភូ នៅរសៀលថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥។ ក្នុងឱកាសនេះ ភាគីទាំងពីរបានបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់ ក្នុងការបន្តកិច្ចសហប្រតិបត្តិការលើវិស័យបរិស្ថាន និងការលើកកម្ពស់ការទូតបៃតង ទោះបីជាមានការផ្លាស់ប្តូរទិសដៅ នៃជំនួយបរទេសរបស់សហរដ្ឋអាមេរិកក៏ដោយ។

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានថ្លែងអំណរគុណ ចំពោះការគាំទ្រដ៏យូរអង្វែងរបស់ USAID ក្នុងវិស័យបរិស្ថាននិងសង្គម ដែលបានរួមចំណែកលើកកម្ពស់ការយល់ដឹង ដល់ប្រជាពលរដ្ឋនៅតាមសហគមន៍តំបន់ការពារធម្មជាតិ បានចូលរួមគ្រប់គ្រងនិងអភិរក្សធនធានធម្មជាតិ នៅកម្ពុជាបានល្អប្រសើរ ឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុជាសកល។

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានថ្លែងពីការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការបន្តកិច្ចខិតខំប្រឹងប្រែងការពារធនធានធម្មជាតិ និងបរិស្ថាន តាមរយៈយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន ដែលមានសរសរស្តម្ភ៣ គឺភាពស្អាត ភាពបៃតង និងចីរភាព ដែលក្នុងនោះក្រសួងបរិស្ថាន បានដាក់ចេញយុទ្ធនាការនានា ដូចជាយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» មានអ្នកចូលរួមប្តេជ្ញាចិត្តទូទាំងប្រទេស ចំនួនជាង១១លាននាក់ យុទ្ធនាការ«កម្ពុជាស្អាត ខ្មែរធ្វើបាន» មានអ្នកចូលរួមសំអាតតាមផ្ទះ មូលដ្ឋាន និងទីសាធារណៈនានា ចំនួនជាង៦លាននាក់ យុទ្ធនាការ«ផ្លូវជាតិ គ្មានសំរាម និងសំណល់ប្លាស្ទិក» ដែលមានមនុស្សជាង២ម៉ឺននាក់ ជារៀងរាល់ថ្ងៃ បានរួមគ្នាប្រមូលសំរាម សំណល់ប្លាស្ទិកនៅតាមមូលដ្ឋាន និងតាមផ្លូវជាតិ ដើម្បីឆ្នាំ២០២៥ ធ្វើឱ្យផ្លូវជាតិស្អាត គ្មានសំរាម និងសំណល់ប្លាស្ទិក រាយប៉ាយ។

លើសពីនេះ ក្រសួងបរិស្ថាន បានដាក់ចេញយុទ្ធនាការសម្អាតលើផ្ទៃទឹក ទប់ស្កាត់សំរាមនិងសំណល់ប្លាស្ទិក ហូចូលក្នុងទន្លេសាប វិធានការកាត់បន្ថយនិងទប់ស្កាត់ការបំពុលតំបន់ទឹកសាធារណៈ ការដាក់ឧបករណ៍ស្វ័យត្រួតពិនិត្យ នៅតាមរោងចក្រសហគ្រាស ដែលមានសក្តានុពលប្រភពបំពុល ជាដើម។

ជាមួយគ្នានេះ ក្រសួងបរិស្ថានបានដាក់ចេញយុទ្ធនាការ «ពន្លកបៃតង» តាមរយៈការបណ្តុះ និងចែកកូនឈើ ជូនប្រជាពលរដ្ឋដាំ ក្នុងនោះឆ្នាំ២០២៤ ចំនួន១លាន៣សែនដើម និងនៅឆ្នាំ២០២៥ ក្រសួងបរិស្ថាន គ្រោងចែកកូនឈើចំនួន៣ លានដើម បន្ថែមទៀត ដល់ប្រជាពលរដ្ឋដាំ ដើម្បីបង្កើនគម្របបៃតង និងឆ្ពោះទៅសម្រេចគោលដៅកម្ពុជា ជាប្រទេសអព្យាក្រឹតកាបូន នៅឆ្នាំ២០៥០។

ទន្ទឹមនេះ ឯកឧត្តមរដ្ឋមន្រ្តីបានបញ្ជាក់ពីការចាត់វិធានច្បាប់ ក្នុងការគ្រប់គ្រងធនធានធម្មជាតិ ឱ្យបានម៉ឹងម៉ាត់ ពង្រឹងកិច្ចសហប្រតិបត្កតិការ ជាមួយអាជ្ញាធរមូលដ្ឋាន និងក្រសួង ស្ថាប័នពាក់ព័ន្ធ សហគមន៍ប្រជាពលរដ្ឋ ដើម្បីចូលរួមទប់ស្កាត់ និងបង្រ្កាបបទល្មើសធនធានធម្មជាតិ។ លើសពីនេះលោករដ្ឋមន្ត្រីបានធ្វើការណែនាំ ឱ្យប្រធានមន្ទីរបរិស្ថាន ពិនិត្យស្រាវជ្រាវ ករណីមានរបាយការណ៍ ពីមន្រ្តីឧទ្យានុរក្ស សេចក្តីរាយការណ៍នានាទាក់ទងបទល្មើសធនធានធម្មជាតិ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ព្រមទាំងចុះពិនិត្យ ផ្ទៀងផ្ទាត់ដោយការប្រើប្រាស់ដ្រូន និងផែនទីផ្កាយរណប ដែលក្រសួងផ្តល់ជូនឱ្យបានត្រឹមត្រូវ ចាត់ការតាមបច្ចេកទេស ធ្វើការឆ្លើយតប និងអនុវត្តនីតិវិធីច្បាប់ជាធរមាន។

សូមជម្រាបជូនថា ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និង លោកស្រី Bridgette Walker បានសន្យាបន្តការពិភាក្សានិងស្វែងរកកាលានុវត្តភាពថ្មីៗ សម្រាប់កិច្ចសហប្រតិបត្តិការ ដើម្បីផលប្រយោជន៍រួមរួមចំណែកដល់ការការពារ និងអភិរក្សធនធានធម្មជាតិ និងបរិស្ថាន៕