ឯកឧត្តម មិន ស៊ីថា អភិបាលរងខេត្តព្រះវិហារ តំណាងឯកឧត្តម គីម រិទ្ធី អភិបាលខេត្ត នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥ បានអញ្ជើញចុះចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋចំនួន៩៦២គ្រួសារ ស្មើនឹង ១.៩១៥បណ្ណ នៅឃុំខ្យង ស្រុកជ័យសែន បន្ទាប់ពីប្រជាពលរដ្ឋជិត ៣០០គ្រួសារ នៅស្រុកត្បែងមានជ័យ និងប្រជាពលរដ្ឋជិត ៦០០គ្រួសារ នៅស្រុកឆែប ត្រូវបានចុះចែកជួនកាលពីសប្តាហ៍មុន។
នៅក្នុងឱកាសនោះ ឯកឧត្តម មិន ស៊ីថា បានចូលរួមអបអរសាទរជាមួយបងប្អូនប្រជាពលរដ្ឋ ដែលទទួលបានបណ្ណកម្មសិទ្ធិដីធ្លីនាពេលនេះ។ ឯកឧត្តមថា បណ្ណកម្មសិទ្ធិដីធ្លីដែលចែកជូននាពេលនេះ គឺជាកេរដំណែលដ៏មានតម្លៃរបស់ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានផ្តល់ជូនបងប្អូនប្រជាពលរដ្ឋ ក្នុងទិសដៅលើកកម្ពស់ជីវភាពរស់នៅឱ្យកាន់តែប្រសើរឡើង។
ឯកឧត្តមបានផ្តាំផ្ញើបងប្អូនប្រជាពលរដ្ឋ ដែលទទួលបានបណ្ណកម្មសិទ្ធិដីធ្លីនាពេលនេះ ត្រូវថែរក្សាឱ្យបានល្អ ចៀសវាងយកទៅអ៊ុតក្នុងថង់ប្លាស្ទិក ដែលជាហេតុធ្វើឱ្យមានការលំបាកនៅពេលយើងយកទៅប្រើប្រាស់ ក្នុងកិច្ចការផ្សេងៗ។
ឯកឧត្តមអភិបាលរងខេត្តព្រះវិហារ បានលើកឡើងថា ការសម្រេចបាននូវវឌ្ឍនភាព នៃការចែកជូនវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនៈវត្ថុនៅពេលនេះ «គឺជាការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់លោក គីម រិទ្ធី អភិបាលខេត្ត ដោយលោកប្តេជ្ញា ចិត្តថា នឹងចែកប្លង់កម្មសិទ្ធដីធ្លី ជូនពលរដ្ឋឱ្យអស់ទូទាំងខេត្តក្នុងឆ្នាំ២០២៥នេះ»។
ការចែកជូននាពេលនេះ ក៏ជាបានឆ្លុះបញ្ចាំងពីការខិតខំប្រឹងប្រែងរបស់ក្រុមការងារ និងកិច្ចសហការពីអាជ្ញាធរមូលដ្ឋាន ហើយការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ មិនត្រឹមតែជួយធានានូវសិទ្ធិ និងការកាន់កាប់ដីធ្លីដោយ ស្របច្បាប់ប៉ុណ្ណោះទេ ថែមទាំងបានរួមចំណែកដល់ការកាត់បន្ថយជម្លោះដីធ្លី និងលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ចក្នុងតំបន់ផងដែរ។
ឯកឧត្តម មិន ស៊ីថា បានថ្លែងថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងឈ្លាសវៃរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ដែលបានបន្តមរតកដឹកនាំពីសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បានធ្វើឱ្យប្រទេសជាតិ មានសុខសន្តិភាព មានការអភិវឌ្ឍលើគ្រប់វិស័យនៅទូទាំងប្រទេសនិយាយជារួមខេត្តព្រះវិហារ និងនិយាយដោយឡែកស្រុកជ័យសែនរបស់យើង។
ឯកឧត្តមអំពាវនាវប្រជាពលរដ្ឋត្រូវចូលរួមថែរក្សាសុខសន្តិភាពដែលមានសព្វថ្ងៃនេះ ឱ្យនៅគង់វង្សយូរអង្វែង ដើម្បីឱ្យប្រទេសជាតិយើងកាន់តែអភិវឌ្ឍន៍រីកចម្រើនថែមទៀត៕