ឯកឧត្តមរដ្ឋលេខាធិការ គង់ ច័ន្ទវាសនា ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលវេទិកាសាធារណ: ឆ្នាំ២០២៥ នៅស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ


នាព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម គង់ ច័ន្ទវាសនា រដ្ឋលខាធិការក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ និងជាប្រធានក្រុមការងាររាជ​រដ្ឋាភិបាលចុះមូលដ្ឋានស្រុកព្រះនេត្រព្រះ បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលវេទិកា​សាធារណៈ ឆ្នាំ២០២៥ នៅសាលាស្រុកព្រះនេត្រព្រះ ដោយមានវត្តមានចូលរួមពីអនុប្រធាន​ និងសមាជិក-សមាជិកាក្រុមការងារ​សរុបចំនួន​ ១១៦នាក់។ 

កិច្ចប្រជុំនេះត្រូវបាន​រៀបចំឡេីង​ដេីម្បីបន្តដោះស្រាយសំណូមពរដែលក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានតាមបណ្តាឃុំទាំង៩​ នៃស្រុកព្រះនេត្រព្រះបានទទួល​ និងដោះស្រាយ​មួយចំនួនរួច​ នៅតាមវេទិកាសាធារណ:កម្រិតឃុំរួចរាល់​ កាលពី​ដេីមខែឧសភាកន្លងទៅ។ 

ឯកឧត្តមប្រធានក្រុមការងារបានកោតសរសេីរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារថ្នាក់ជាតិ មន្ទីរពាក់ព័ន្ធ​ រដ្ឋបាលស្រុក រដ្ឋបាលឃុំ និងអាជ្ញាធរ​មូលដ្ឋានដែលបានខិតខំបំពេញតួនាទីភារកិច្ចយ៉ាងសស្រាក់សស្រាំក្នុងស្មារតី​ទទួលខុសត្រូវខ្ពស់​។ 

ក្រោយពីដោះស្រាយសំណូមពរដែលទទួលបាន​ ឯកឧត្តមបានផ្តាំផ្ញេីរ​ និងលេីកទឹកចិត្តឱ្យក្រុមការងារ​ រដ្ឋបាលស្រុក​ និងអាជ្ញាធរមូលដ្ឋានទាំងអស់​ បន្តយកចិត្តទុកដាក់ផ្តល់សេវាសាធារណ:​ និងអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល​លេីគ្រប់វិស័យ ឱ្យកាន់តែល្អប្រសេីរ​ និងមានប្រសិទ្ធភាពខ្ពស់​ ដេីម្បីទទួលបានការគាំទ្រកាន់តែរឹងមាំថែមទៀតពីបងប្អូនប្រជាពលរដ្ឋ៕​