ឯកឧត្តម ឆាយ ឫទ្ធិសែន​ បានអញ្ជើញប្រារព្ធពិធីខួបអនុស្សាវរីយ៍លើកទី៧៦ ទិវាកុមារអន្តរជាតិ ១ មិថុនា ខួបលើកទី២៤ ឆ្នាំ២០២៥


ខេត្តកំពង់ឆ្នាំង៖ នាព្រឹកថ្ងៃអាទិត្យ ៦កើត ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៥ ខេត្តកំពង់ឆ្នាំង ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ អនុប្រធានទី១ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកសាមគ្គីមានជ័យ និងស្រុកទឹកផុស បានអញ្ជើញប្រារព្ធពិធីខួបអនុស្សាវរីយ៍លើកទី៧៦ ទិវាកុមារអន្តរជាតិ ១ មិថុនា ខួបលើកទី២៤ ទិវាពិភពលោកប្រឆាំងពលកម្ម កុមារ ១២មិថុនា និងទិវាកុមារកម្ពុជាឆ្នាំ២០២៥ នៅសាលាបឋមសិក្សា មា នក ស្ថិតនៅក្នុងភូមិមានកកើត ឃុំត្បែងខ្ពស់ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។ ពិធីនេះ មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកសាមគ្គីមានជ័យ ឯកឧត្តម លោកជំទាវ ប្រធាន អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំទាំង៩, ក្រុមប្រឹក្សាស្រុក, អភិបាលស្រុក, មន្ត្រីរាជការ, លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស សរុបចំនួន ៤៥១នាក់។

ជាកិច្ចចាប់ផ្ដើម លោក កែវ សោភ័ណ្ឌ នាយកសាលា បានឱ្យដឹងថា នាយកសាលាបឋមសិក្សា មា នក មានអគារចំនួន ២ខ្នង សើ្មនឹង ១០បន្ទប់ ក្នុងនោះបន្ទប់សម្រាប់បង្រៀន និងរៀនចំនួន ៨បន្ទប់, មានបុគ្គលិកសិក្សា សរុបចំនួន ៧នាក់, មានផ្តល់សេវាអប់រំចំនួន ២ផ្នែក គឺផ្នែកអប់រំកុមារតូច (មត្តេយ្យសិក្សា) មាន ០២កម្រិត និងផ្នែកបឋមសិក្សាដែលមាន ០៦កម្រិត ដែលមានសិស្សានុសិស្សក្នុងឆ្នាំសិក្សា២០២៤-២០២៥ នេះ សរុបចំនួន ៤៨៨នាក់។ បន្ទាប់មក លោក ឈួន ចាន់ណា អភិបាលនៃគណៈអភិបាលស្រុកសាមគ្គីមានជ័យ បានសារលិខិតរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានកិត្តិយសក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ ក្នុងឱកាសខួបលើកទី៧៦ទិវាកុមារអន្តរជាតិ១មិថុនា ខួបលើកទី២៤ទិវាពិភពលោក ប្រឆាំងពលកម្មកុមារ១២មិថុនា និងទិវាកុមារកម្ពុជាឆ្នាំ២០២៥។

ក្នុងឱកាសនោះ ឯកឧត្ដម ឆាយ ឫទ្ធិសែន បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសាកសួរសុខទុក្ខ និងពរសព្ទសាធុកាពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ្រ ចន្ទមុន្នី ហ៊ុន ម៉ាណែត ជូនចំពោះថ្នាក់ដឹកនាំ មន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ ជាពិសេសលោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សទាំងអស់ក្នុងពិធី។ ឯកឧត្តមរដ្ឋមន្ដ្រី បានមានសាសន៍ថា ឆ្នាំនេះប្រទេសកម្ពុជា ប្រារព្ធខួបលើកទី៧៦ ទិវាកុមារអន្តរជាតិ ១ មិថុនា ខួបលើកទី២៤ទិវាពិភពលោកប្រឆាំងពលកម្មកុមារ ១២មិថុនា និងទិវាកុមារកម្ពុជាឆ្នាំ២០២៥ ក្រោមប្រធានបទ “បញ្ឈប់អំពើហិង្សាលើកុមារគ្រប់ទម្រង់ គឺជាការអភិវឌ្ឍធនធានមនុស្សប្រកបដោយចីរភាព” និង “លើកកម្ពស់ការងារសមរម្យសម្រាប់កម្មករនិយោជិតវ័យក្មេងនៅគ្រប់ខ្សែច្រវាក់ផលិតកម្ម ដើម្បីធានាកំណើនប្រកបដោយចីរភាពនិងភាពធន់” ដើម្បីរំលឹកដល់ការអនុវត្តសិទ្ធិជាមូលដ្ឋានរបស់កុមារ និងបង្ហាញអំពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលចំពោះកុមារស្របតាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា អនុសញ្ញាស្តីពីសិទ្ធិកុមាររបស់អង្គការសហប្រជាជាតិ អនុសញ្ញារបស់អង្គការសហប្រជាជាតិ ស្តីពីការហាមប្រាម និងសកម្មភាពបន្ទាន់សម្រាប់ការលុបបំបាត់ទម្រង់ធ្ងន់ធ្ងរបំផុតនៃពលកម្មកុមារ និងលិខិតបទដ្ឋានគតិយុត្តជាតិ និងលិខិតូបករណ៍អន្តរជាតិពាក់ព័ន្ធនឹងសិទ្ធិកុមារផ្សេងៗទៀត។ ឯកឧត្តមរដ្ឋមន្ដ្រី បានបន្ដលើកឡើងថា រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិត របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដោយយកកត្តា“មនុស្ស”ជាអាទិភាពគន្លឹះទី១ និងបានដាក់ចេញវិធានការគន្លឹះនានា សម្រាបវិស័យអប់រំ យុវជន និងកីឡា ក្នុងគោលដៅពង្រឹងគុណភាពគ្រឹះស្ថានសិក្សារដ្ឋចាប់ពីថ្នាក់មត្តេយ្យសិក្សាដល់មធ្យមសិក្សា។ ជាមួយគ្នានោះ ឯកឧត្តមរដ្ឋមន្ដ្រី បានអំពាវនាវទៅដល់គ្រប់អង្គភាព ស្ថាប័ន អង្គការនានា សប្បុរសជន អាជ្ញាធរគ្រប់លំដាប់ថ្នាក់ មាតាបិតា អាណាព្យាបាល ព្រមទាំងអ្នកពាក់ព័ន្ធទាំងអស់ ចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការធ្វើឱ្យសម្រេចបាននូវចក្ខុវិស័យកម្ពុជា ឱ្យក្លាយទៅជាប្រទេសមានចំណូលកម្រិតខ្ពស់នៅឆ្នាំ២០៥០។

ជាកិច្ចបញ្ចប់ ឯកឧត្តមរដ្ឋមន្ដ្រី បានអញ្ជើញចែកអំណោយជានិមិត្តរូប ជូនលោកគ្រូ អ្នកគ្រូ ទាំង៧រូប និងសិស្សានុសិស្ស ដែលបានចូលរួមក្នុងពិធីចំនួន ៤០៧នាក់ ព្រមទាំងជូន LCD projector និងថវិកាមួយចំនួន ជូនដល់សាលាបឋមសិក្សា មា នក ផងដែរ៕