នាព្រឹកថ្ងៃអាទិត្យ ៦កើត ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត ហ៊ឺ វីរៈ អ្នកតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ឆ្នាំង បានអញ្ជើញសំណេះសំណាលជាមួយប្រជាពលរដ្ឋចំនួន ១៤៤នាក់ មកពីភូមិគៀនឃ្លាំង ភូមិវាលស្បូវ ភូមិបាក់ភ្នំ និងភូមិខ្លាក្រហឹម ឃុំអំពិលទឹក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។ ក្នុងពិធីសំណេះសំណាលនោះមានការអញ្ជើញចូលរួមពី ឯកឧត្តម ជាង សិឡាសុមាឫទ្ធិវង្ស ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកំពង់ត្រឡាច លោក លោកស្រីក្រុមការងារចុះមូលដ្ឋានស្រុកកំពង់ត្រឡាច រដ្ឋបាលស្រុកកំពង់ត្រឡាច រដ្ឋបាលឃុំអំពិលទឹក ព្រមទាំងប្រជាការពារភូមិផងដែរ។
ថ្លែងក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត ក៏បាននាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខដ៏ខ្ពង់ខ្ពស់របស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្ដមបណ្ឌិត បានបន្តថាថ្នាក់ដឹកនាំប្រទេស ជាពិសេសសម្តេចទាំងពីរ តែងតែយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋទូទាំងប្រទេស ដោយមិនប្រកាន់នូវពូជសាសន៍ ពណ៌សម្បុរ និងនិន្នាការនយោបាយណាមួយឡេីយ។
ទន្ទឹមនឹងនោះដែរ ឯកឧត្តមបណ្ឌិត ក៏បានមានប្រសាសន៍លេីកឡើងអំពីគោលបំណងនៃការសំណេះសំណាលនេះ គឺដើម្បីសិក្សាស្វែងយល់ពីការប្រកបមុខរបរចិញ្ចឹមជីវិតប្រចាំថ្ងៃ របស់ប្រជាពលរដ្ឋនៅក្នុងឃុំអំពិលទឹក និងដោះស្រាយនូវរាល់បញ្ហា ទុក្ខលំបាកនានាដែលប្រជាពលរដ្ឋជួបប្រទះផងដែរ។ ឆ្លៀតក្នុងឱកាសនោះ ឯកឧត្ដមបណ្ឌិត បានផ្ដាំផ្ញើដល់ប្រជាពលរដ្ឋ អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ត្រូវថែរក្សាសុខភាព នឹងត្រូវចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ដែលកំពុងរីករាលដាលជាថ្មីម្ដងទៀត និងជាពិសេសត្រូវសម្អាតបរិស្ថានតាមទីសាធារណៈជាប្រចាំដើម្បីសោភ័ណភាពក្នុងមូលដ្ឋាន។ ជាកិច្ចបញ្ចប់នៃពិធីជួបសំណេះសំណាលនោះ ឯកឧត្តមបណ្ឌិត បាននាំយកក្រមា ១ និងថវិកាមួយចំនួន ជូនដល់ប្រជាពលរដ្ឋ និងបានទទួលទានអាហារសាមគ្គីដោយក្ដីសប្បាយរីករាយ៕