ឯកឧត្តមបណ្ឌិត ហ៊ឺ វីរៈ អញ្ជើញសំណេះសំណាលសិក្សាស្វែងយល់ពីការប្រកបមុខរបរប្រចាំថ្ងៃជាមួយប្រជាពលរដ្ឋ នៅឃុំអំពិលទឹក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង


នាព្រឹក​ថ្ងៃអាទិត្យ ៦កើត ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក​ ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត ហ៊ឺ វីរៈ​ អ្នកតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ឆ្នាំង បានអញ្ជើញសំណេះសំណាលជាមួយប្រជាពលរដ្ឋចំនួន ១៤៤នាក់ មកពីភូមិគៀនឃ្លាំង ភូមិវាលស្បូវ ភូមិបាក់ភ្នំ និងភូមិខ្លាក្រហឹម ឃុំអំពិលទឹក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។ ក្នុង​ពិធីសំណេះសំណាលនោះ​មានការអញ្ជើញចូលរួមពី ឯកឧត្តម ជាង សិឡាសុមាឫទ្ធិវង្ស ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកំពង់ត្រឡាច លោក លោកស្រី​ក្រុម​ការងារ​ចុះ​មូលដ្ឋាន​ស្រុក​កំពង់ត្រឡាច​ រដ្ឋបាលស្រុកកំពង់ត្រឡាច រដ្ឋបាលឃុំអំពិលទឹក ព្រមទាំង​ប្រជាការពារភូមិផងដែរ។ 

ថ្លែង​ក្នុង​ឱកាស​នោះ​ ឯកឧត្តមបណ្ឌិត ក៏​បាននាំនូវប្រសាសន៍ផ្តាំផ្ញើ​សួរ​សុខ​ទុក្ខ​ដ៏ខ្ពង់ខ្ពស់​របស់​ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្ដម​បណ្ឌិត​ បាន​បន្ត​ថា​ថ្នាក់​ដឹកនាំ​ប្រទេស​ ជា​ពិសេស​សម្តេច​ទាំង​ពីរ​ តែងតែយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋទូទាំងប្រទេស​ ដោយមិនប្រកាន់នូវពូជសាសន៍ ពណ៌សម្បុរ និង​និន្នាការនយោបាយណាមួយឡេីយ។ 

ទន្ទឹមនឹងនោះដែរ​ ឯកឧត្តមបណ្ឌិត ក៏បានមានប្រសាសន៍​លេីក​ឡើង​អំពី​គោលបំណង​នៃ​ការ​សំណេះសំណាល​នេះ​ គឺដើម្បី​សិក្សា​ស្វែង​យល់​ពី​ការ​ប្រកប​មុខ​របរ​ចិញ្ចឹម​ជីវិត​ប្រចាំថ្ងៃ​ របស់​ប្រជាពលរដ្ឋ​នៅ​ក្នុង​ឃុំ​អំពិល​ទឹក​ និង​ដោះស្រាយ​នូវ​រាល់​បញ្ហា​ ទុក្ខ​លំបាក​​នានាដែល​ប្រជាពលរដ្ឋ​ជួប​ប្រទះ​ផង​ដែរ​។ ឆ្លៀត​ក្នុង​ឱកាស​នោះ​ ឯកឧត្ដម​បណ្ឌិត​ បាន​ផ្ដាំផ្ញើដល់​ប្រជាពលរដ្ឋ​ អាជ្ញាធរ​មូលដ្ឋាន​គ្រប់​លំដាប់​ថ្នាក់​ ត្រូវថែរក្សាសុខភាព នឹងត្រូវចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ដែលកំពុងរីករាលដាលជាថ្មីម្ដងទៀត​ និង​ជាពិសេស​ត្រូវ​សម្អាត​បរិស្ថាន​តាម​ទី​សាធារណៈ​ជា​ប្រចាំ​ដើម្បី​សោភ័ណភាព​ក្នុង​មូលដ្ឋាន​។ ជា​កិច្ច​បញ្ចប់​នៃ​ពិធី​ជួបសំណេះសំណាលនោះ​ ឯកឧត្តមបណ្ឌិត បាននាំយកក្រមា ១ និងថវិកាមួយចំនួន ជូនដល់ប្រជាពលរដ្ឋ និងបានទទួលទានអាហារសាមគ្គីដោយក្ដីសប្បាយរីករាយ៕