ឯកឧត្តមបណ្ឌិត ឈឹម ឃិនដារ៉េត អញ្ជើញធ្វើបទឧទ្ទេសនាមស្តីពី «តួនាទី ភារកិច្ច សិទ្ធិ រចនាសម្ព័ន្ធ និងរបៀបរបបធ្វើការរបស់អង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជា»


នាព្រឹកថ្ងៃសៅរ៍ ១០កើត ខែអាសាឍ ឆ្នាំម្សាញ់ ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៥ នៅទីស្នាក់ការគណបក្សស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ឯកឧត្តមបណ្ឌិត ឈឹម ឃិនដារ៉េត សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា សមាជិកយុវជនគណបក្សថ្នាក់កណ្តាល ប្រធានយុវជនគណបក្សប្រជាជនកម្ពុជាអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ និងជាអនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកបសេដ្ឋទទួលបន្ទុកយុវជន បានអញ្ជើញធ្វើបទឧទ្ទេសនាមស្តីពី «តួនាទី ភារកិច្ច សិទ្ធិ រចនាសម្ព័ន្ធ និងរបៀបរបបធ្វើការរបស់អង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជា»។
វគ្គបង្កើនការយល់ដឹងនេះ មានការអញ្ជើញចូលរួមជាអធិបតីពីសំណាក់ ឯកឧត្តម សត្យា វុធ សមាជិកគណៈកម្មាធិការកណ្តាលនៃគណបក្សប្រជាជនកម្ពុជា តំណាងរាស្រ្តមណ្ឌលខេត្តកំពង់ស្ពឺចុះជួយស្រុកបសេដ្ឋ គណៈអចិន្ត្រៃយ៍គណបក្សស្រុក ពញរមទាំងសមាជិក សមាជិកាគណបក្សស្រុក និងប្រធានគណៈកម្មាធិការគណបក្សឃុំទាំង១៥ យុវជនគណបក្សឃុំទាំង១៥ ដែលមានអ្នកចូលរួមសរុប ៦៥នាក់ ស្រី ៩នាក់។
ឯកឧត្តមបណ្ឌិតបានមានប្រសាសន៍ថា គិតចាប់ពីថ្ងៃបដិសន្ធិឡើងនៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ១៩៥១ មកដល់ពេលនេះ គណបក្សប្រជាជនកម្ពុជាមានអាយុកាល៧៤ឆ្នាំមកហើយ។ គណបក្សប្រជាជនកម្ពុជា ប្រកាន់ខ្ជាប់ឧត្តមគតិស្នេហាជាតិ ហ៊ានធ្វើពលិកម្មគ្រប់បែបយ៉ាងដើម្បីប្រយោជន៍ប្រទេសជាតិ និងប្រជាជនកម្ពុជា។ គណបក្សខិតខំបង្រួបបង្រួមប្រមូលផ្តុំកម្លាំងរបស់ជាតិទាំងមូល ដើម្បីកសាងប្រទេសកម្ពុជាឯករាជ្យ សន្តិភាព សេរីភាព ប្រជាធិបតេយ្យ អព្យាក្រឹត និងវឌ្ឍនភាពសង្គម។ អង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជា មានតួនាទីជាជំនួយការឱ្យគណបក្សលើការងារបំផុសចលនាយុវជនឱ្យគាំទ្របុព្វហេតុដ៏ត្រឹមត្រូវរបស់ គណបក្ស។
ឯកឧត្តមបណ្ឌិតបានបន្ថែមថា យុវជនគណបក្សត្រូវយល់ដឹងឱ្យបានច្បាស់អំពីគណបក្សប្រជាជនកម្ពុជា អំពីប្រវត្តិគណបក្ស អំពីបុព្វហេតុ និងស្នាដៃជាប្រវត្តិសាស្ត្ររបស់គណបក្ស ក្តាប់ជាប់កម្មវិធីនយោបាយ គោលការណ៍ គោលនយោបាយ និងសេចក្តីសម្រេចចិត្តនានារបស់គណបក្សបញ្រ្ជាបកម្មវិធីនយោបាយ គោលការណ៍ គោលនយោបាយ និងសេចក្តីសម្រេចចិត្តនានារបស់គណបក្សទៅក្នុងជួរយុវជនសំដៅលើកកម្ពស់ស្មារតី ភ្ញាក់រឮក ជំនឿជាក់លើការដឹកនាំរបស់គណបក្ស ហ៊ានការពារគណបក្ស ទៅបោះឆ្នោត និងបោះឆ្នោតជូនគណបក្ស។
យុវជនគណបក្សត្រូវគ្រប់គ្រងឱ្យបាននូវសតិអារម្មណ៍និងភាពថ្នាំងថ្នាក់របស់យុវជនគណបក្សគ្រប់ថ្នាក់និងគ្រប់ផ្នែកលើការចាត់តាំងនិងលើកទឹកចិត្តតាមរយៈការប្រជុំណែនាំផ្សព្វផ្សាយនិងអនុវត្តគោលករចាត់តាំងរបស់គណបក្សឱ្យបានត្រឹមត្រូវ គឺត្រូវមាន «ទស្សនៈជាក់ស្តែង ទស្សនៈប្រវត្តិសាស្ត្រ ទស្សនៈគ្រប់ជ្រុងជ្រោយនិងទស្សនៈដាច់ខាត» ព្រមទាំងគោរពលក្ខខណ្ឌគឺ «មានភាពស្មោះត្រង់ សុខភាពល្អ សមត្ថភាព និងប្រជាប្រិយ»។
នៅចុងបញ្ចប់ ឯកឧត្តមបណ្ឌិតបានសូមឱ្យយុវជនទាំងអស់បន្តពង្រឹងសាមគ្គីឯកភាពផ្ទៃក្នុង ពង្រឹងស្មារតី មានគោលជំហរស្មោះត្រង់ និងស្រឡាញ់ជឿជាក់លើគណបក្សឥតងាករេ។ យុវជនត្រូវពង្រឹងសមត្ថភាពធ្វើការងារដោយធ្វើការបំពាក់បំប៉នជាប្រចាំនូវជំនាញគន្លឹះផ្សេងៗដើម្បីបង្កើនផលិតភាពការងារ និងបន្តបំផុសចលនាយុវជនក្នុងស្រុក ឃុំ និងភូមិទាំងអស់ដែលមិនទាន់យល់ និងដែលមាននិន្នាការប្រឆាំងឱ្យងាកមកជឿជាក់ គាំទ្រគណបក្សប្រជាជនកម្ពុជា និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជានាឆ្នាំ២០២៧ និងឆ្នាំ២០២៨ នាពេលខាងមុខ៕