ខេត្តកំពង់ឆ្នាំង៖ នាព្រឹកថ្ងៃអាទិត្យ ១១កើត ខែអាសាឍ ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម ឆាយ ឫទ្ធិសែន សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អនុប្រធានទី១ ក្រុមការងារចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង និងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកសាមគ្គីមានជ័យ និងស្រុកទឹកផុស បានអញ្ជើញជាអធិបតីក្នុងពិធី ប្រកាសក្រុមការងារគណបក្សចុះមូលដ្ឋានឃុំស្វាយជុក នៅទីស្នាក់ការគណបក្សឃុំស្វាយជុក ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។
ពិធីប្រកាសនេះ មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ អនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះមូលដ្ឋានស្រុកសាមគ្គីមានជ័យ, ឯកឧត្តម លោកជំទាវ ប្រធាន អនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះមូលដ្ឋានឃុំទាំង ៩ នៃស្រុកសាមគ្គីមានជ័យ, លោក លោកស្រី ប្រធាន អនុប្រធាន និងសមាជិកគណៈកម្មាធិការគណបក្សស្រុកសាមគ្គីមានជ័យ, លោក លោកស្រី ប្រធាន អនុប្រធាន និងសមាជិកគណៈកម្មាធិការគណបក្សឃុំ, សាខាបក្សភូមិ, យុវជនបក្សឃុំ-ភូមិ, សកម្មជនគណបក្ស និងគណៈចលនាស្ត្រី សរុបប្រមាណ ២០០នាក់។
ជាកិច្ចចាប់ផ្ដើម លោកស្រី ប៉ែន សោភា ប្រធានគណៈកម្មាធិការគណបក្សឃុំស្វាយជុក បានធ្វើរបាយការណ៍ស្វាគមន៍អំពីស្ថានភាពទូទៅ និងវឌ្ឍនភាពការងារគណបក្សក្នុងមូលដ្ឋានឃុំស្វាយជុក ជូនអង្គពិធី។ បន្ទាប់មកឯកឧត្តម សាន វិសាល បានអានសេចក្ដីសម្រេចស្ដីពីការតែងតាំងប្រធាន អនុប្រធាន និងសមាជិក ក្រុមការងារគណបក្សចុះមូលដ្ឋានឃុំស្វាយជុក។ បន្ទាប់ពីការអានរបាយការណ៍ស្វាគមន៍ និងការអានសេចក្ដីសម្រេចរួច ឯកឧត្តម ឆាយ ឫទ្ធិសែន បានអញ្ជើញប្រគល់សេចក្ដីសម្រេចជូនឯកឧត្ដមប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកសាមគ្គីមានជ័យ និងឃុំស្វាយជុក ។
ក្នុងឱកាសនោះផងដែរ ឯកឧត្តមប្រធាន បានមានប្រសាសន៍សំណេះសំណាល ដោយថ្លែងអំណរគុណដល់ប្រជាពលរដ្ឋ សមាជិកគណបក្សឃុំស្វាយជុក ដែលតែងតែស្រឡាញ់ ជឿជាក់ និងគាំទ្របោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាទទួលបានជ័យជម្នះគ្រប់អាណត្តិ និងថ្លែងករកោតសរសើរក្រុមការងារចុះមូលដ្ឋានដែលបានបំពេញតួនាទី និភារកិច្ចសំខាន់ក្នុងការជួយគាំទ្រគណបក្សមូលដ្ឋានទាំងស្មារតី និងធនធាន សំដៅថែរក្សា ការពារ និងកសាងសមិទ្ធផលឱ្យបានកាន់តែច្រើន ដើម្បីធ្វើឱ្យសេដ្ឋកិច្ចនៅក្នុងមូលដ្ឋានមានការរីកចម្រើន និងចូលរួមចំណែកធ្វើឱ្យមានកំណើនសេដ្ឋកិច្ចជាតិទាំងមូល។ នេះជាការចូលរួមអនុវត្តកម្មវិធីនយោបាយរបស់គណបក្ស ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រធានគណបក្ស និងជាបិតាសន្តិភាព ជាស្ថាបនិកមគ្គុទេសក៏ និងប្រតិបត្តិករនយោបាយឈ្នះ-ឈ្នះ និងការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី អនុប្រធានគណបក្ស និងជានាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា។ ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមប្រធាន បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសាកសួរសុខទុក្ខ និងពរសព្ទសាធុការពីសំណាក់ ថ្នាក់ដឹកនាំកំពូលៗរបស់គណបក្សប្រជាជនកម្ពុជា ដែលជានិច្ចកាលគឺបានធ្វើអ្វីៗ ក្នុងបុព្វប្រជាជន និងមាតុភូមិកម្ពុជា ជូនចំពោះអង្គពិធីទាំងមូល។
បន្ទាប់ពីជួបសំណេះសំណាលជាមួយសមាជិកបក្សនៅឃុំស្វាយជុករួចមក នាព្រឹកថ្ងៃអាទិត្យ ១១កើត ខែអាសាឍ ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៥ដដែលនោះ ឯកឧត្តម ឆាយ ឫទ្ធិសែន បានអញ្ជេីញបន្តដំណើរទៅពិនិត្យវឌ្ឍនភាពការសាងសង់អគារទីស្នាក់ការគណបក្សស្រុកសាមគ្គីមានជ័យ ដែលសាងសង់លើផ្ទៃដីទំហំ ៥ ០៧៧ម៉ែត្រក្រឡា។ អគារទីស្នាក់ការគណបក្ស ដែលកំពុងសាងសង់នេះមានបណ្តោយ ៣២ម៉ែត្រ និងទទឹង ១៣ម៉ែត្រ កម្ពស់ ៩,៩៧ម៉ែត្រ មានវឌ្ឍនភាពការដ្ឋានប្រមាណ ៩៥% និងបានបំពាក់បរិក្ខារមួយចំនួន ហើយដែលនឹងត្រូវបញ្ចប់ក្នុងពេលដ៏ខ្លីខាងមុខនេះ ដើម្បីដាក់ឱ្យប្រើប្រាស់សម្រាប់ពិធីប្រជុំពង្រឹងការងារគណបក្ស និងជំនួបធំៗផងដែរ។
ក្នុងឱកាសនៃការអញ្ជើញចុះត្រួតពិនិត្យនោះ ឯកឧត្តមប្រធានក៏បានណែនាំដល់អ្នកម៉ៅការសាងសង់ឱ្យត្រួតពិនិត្យបច្ចេកទេសសាងសង់ឱ្យបានត្រឹមត្រូវ និងត្រូវពន្លឿនការសាងសង់ឱ្យបានឆាប់រួចរាល់ដើម្បីប្រគល់ជូនគណបក្សស្រុកអាចបំពេញការងារបម្រើដល់ប្រយោជន៍គណបក្សប្រជាជនកម្ពុជា៕