(ស្ទឹងត្រែង)៖ ព្រឹកថ្ងៃទី០៦ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន នាយករងខុទ្ទកាល័យសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម សរ សុពុត្រា អភិបាល នៃគណៈអភិបាលខេត្តស្ទឹងត្រែង បានដឹកនាំក្រុមការងារពិសេសប្រជុំបូកសរុបលទ្ធផលការងារបង្ក្រាបទប់ស្កាត់ការកាប់ទន្ទ្រានដីព្រៃរបស់រដ្ឋនិងដោះស្រាយបញ្ហាវិវាទដីធ្លីក្នុងរយៈពេលប៉ុន្មានថ្ងៃនេះនៅក្នុងភូមិសាស្រ្តចំណុចអូរសេវ៣ ស្រុកសេសាន ខេត្តស្ទឹងត្រែង។
ក្នុងកិច្ចប្រជុំនោះ ឯកឧត្តម សរ សុពុត្រា អភិបាល នៃគណៈអភិបាល ខេត្តស្ទឹងត្រែង បានថ្លែងការគោរពស្វាគមន៍អបអរសាទរ និងគោរពអរគុណចំពោះការគិតគូរយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ហេីយបានចាត់តាំង ឯកឧត្តមណ្ឌិត ប៉ាន់ខែម ប៊ុនថន ឱ្យចុះមកដឹកនាំក្រុមការងារសហការគ្នាដោះស្រាយបញ្ហាក្តៅពាក់ព័ន្ធនឹងវិវាទដីធ្លី និងបញ្ហាព្រៃឈេីក្នុងខេត្តស្ទឹងត្រែង ។
ឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន នាយករងខុទ្ទកាល័យសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងកោតសរសេីរខ្ពស់ចំពោះស្មារតីនិងឆន្ទៈសាមគ្គីភាពប្រកបដោយការទទួលខុសត្រូវខ្ពស់របស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តស្ទឹងត្រែង និងបណ្តាអង្គភាពចូលរួមសហការក្នុងបេសកកម្មនេះរួមមាន ៖ លេខាធិការដ្ឋាន គណៈកម្មាធិការជាតិផ្តល់ដីការពារព្រៃ ដេីម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព ហៅកាត់ថា ផ.ក.អ អង្គភាពប្រឆាំងអំពេីពុករលួយ ហៅកាត់ថា ACU និងក្រុមការងារពាក់ព័ន្ធគ្រប់ផ្នែកនានា ដែលបានរួមគ្នាអនុវត្តការងារទទួលបានលទ្ធផលល្អប្រសេីរក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ ពោលគឺបានដោះស្រាយបញ្ចប់ដោយជោគជ័យគ្រប់បញ្ហាវិវាទនៅក្នុងភូមិសាស្ត្រទីតាំងនោះ ហេីយក៏បានដាក់ផែនការបន្តដល់ក្រុមការងារពាក់ព័ន្ធទាំងអស់ ត្រូវបន្តកំណត់មុខសញ្ញា និងអនុវត្តឱ្យបានជោគជ័យជាបន្តទៀតនូវគ្រប់ការងារដែលបានដាក់ជូននៅក្នុងអង្គប្រជុំនេះ៕











