ឯកឧត្តម ឃួង ស្រេង ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ បានលើកឡើងថាក្នុងនាមអាជ្ញាធរ ដែលជាអ្នកបម្រើប្រជាពលរដ្ឋ នៅពេលពលរដ្ឋមានទុក្ខ ដាច់ខាតត្រូវតែមានមុខ ចុះជួយពួកគាត់ បើហួសពីសមត្ថភាពរបស់ខ្លួន ត្រូវរាយការណ៍ទៅថ្នាក់លើភ្លាម ដើម្បីដោះស្រាយជូនពួកគាត់ឲ្យបានទាន់ពេលវេលា និងសូមឲ្យមន្ត្រី យកគំរូតាមថ្នាក់ដឹកនាំកំពូលលើកិច្ចការងារ បម្រើប្រជាពលរដ្ឋ។
ការលើកឡើងបែបនេះរបស់ឯកឧត្តម ឃួង ស្រេង សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្សរាជធានីភ្នំពេញ ក្នុងពិធីសំណេះសំណាលជាមួយសមាជិក សមាជិកា គណបក្ស ប្រជាជនកម្ពុជា សង្កាត់ស្ទឹងមានជ័យទី១ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជា សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ នៅរសៀលថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៥។
ឯកឧត្តម ឃួង ស្រេង បានស្នើប្រធានភូមិទាំ៨ ក្នុងសង្កាត់ស្ទឹងមានជ័យទី១ ឡើងរាយការណ៍ពីសមិទ្ធផលការងារនានា ដែលសម្រេចបានលើកឡើងពីចំណុចខ្វះខាត និងបញ្ហាប្រឈមនានា នៅក្នុងមូលដ្ឋានរបស់ខ្លួន ដើម្បីយកបញ្ហាទាំងនោះ មកដោះស្រាយ ឲ្យក្លាយជាប្រយោជន៍ប្រជាពលរដ្ឋ ឈានទៅយកជ័យជំនះ ក្នុងការបោះឆ្នោតនៅឆ្នាំ២០២៧-២០២៨ខាងមុខនេះ។
ឯកឧត្តម ឃួង ស្រេង បានលើកឡើងថា មន្ត្រីសង្កាត់ ដែលកើតចេញពីមន្ត្រីរបស់គណបក្សប្រជាជនកម្ពុជា ត្រូវរៀបចំសណ្តាប់ធ្នាប់ នៅក្នុងមូលដ្ឋានឲ្យបានល្អ តាមរយៈការផ្សព្វផ្សាយអប់រំ ណែនាំពួកគាត់ឲ្យបានច្រើន ហើយសកម្មភាព នៃការរៀបចំសណ្តាប់ធ្នាប់នេះ ត្រូវតែមានការគាំទ្រពីសំណាក់ប្រជាពលរដ្ឋ។ ប្រជាពលរដ្ឋ នៅពេលបច្ចុប្បន្ននេះ មានភាពស៊ីវីល័យហើយទីក្រុងមួយស្អាត ដាច់ខាតត្រូវមានការចូលរួមពីប្រជាពលរដ្ឋ។
ឯកឧត្តមបានណែនាំមេភូមិ និងចៅសង្កាត់ ចុះអប់រំណែនាំប្រជាពលរដ្ឋជាប្រចាំ កុំឲ្យពួកគាត់បោះសំរាមចោលទៅក្នុងប្រឡាយទឹក។ បន្ថែមពីនេះ ត្រូវធ្វើអ្វីៗដើម្បីបម្រើប្រជាពលរដ្ឋ ដោយកុំគិតថា រឿងនេះ រឿងនោះតូចតាចឲ្យសោះ រឿងតូច តាចនេះហើយ ជាការសន្សំពន្ទុរបស់យើង ក្នុងនាមជាអ្នកបម្រើប្រជាពលរដ្ឋដោយផ្ទាល់។
ឯកឧត្តម ឃួង ស្រេង បានបញ្ជាក់ថា អ្នកដែលអភិវឌ្ឍន៍ប្រទេសជាតិ រក្សាសន្តិភាព និងការពារបូរណៈភាពទឹកដី គឺសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រី។
ឯកឧត្តម ឃួង ស្រេង ថ្លែងនូវការអរគុណ ចំពោះមន្ត្រីគណបក្សប្រជាជនកម្ពុជាទាំងអស់ ដែលបានលះបង់កំលាំងកាយ កម្លាំងចិត្ត រហូតធ្វើឲ្យគណបក្សប្រជាជនកម្ពុជាឈ្នះក្នុងការបោះឆ្នោតរហូតមក ហើយចំពោះអ្វីដែលជាការស្នើសុំរបស់ប្រធានភូមិទាំង៨ ពាក់ព័ន្ធជួយការកសាងហេដ្ឋារចនាសម្ព័ន្ធនៅក្នុងមូលដ្ឋាន ដោយលោកបានឯកភាព និងទទួលយកទាំងអស់ដោយអនុវត្តជាជំហានៗ៕