(កែប)៖ ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប បានដឹកនាំមន្ត្រីពាក់ព័ន្ធក្រោមឱវាទ យកអំណោយមនុស្សធម៌ ទៅចែកជូនប្រជាពលរដ្ឋចំណាកស្រុក ដែលទើបវិលត្រលប់មកពីប្រទេសថៃ សរុប៥៨នាក់ ស្រី៣៤នាក់ ស្មើនឹង១៦គ្រួសារ ដើម្បីសម្រាលបន្ទុកបណ្តោះអាសន្ន។ ពិធីចែកអំណោយនេះ ធ្វើឡើងនៅសាលាស្រុកដំណាក់ចង្អើរ នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥។
ថ្លែងនាឱកាសជួបសំណះសំណាលនោះ ឯកឧត្តម សោម ពិសិដ្ឋ បានលើកឡើងថា ជាមួយការយកចិត្តទុក្ខដាក់សុខទុក្ខប្រជាពលរដ្ឋ ជាពលករទើបត្រឡប់មកពីប្រទេសថៃពីសំណាក់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី គឺរដ្ឋបាលខេត្តកែប បានបញ្ចេញរថយន្តរបស់រដ្ឋបាលខេត្ត ទៅទទួលពលករនៅតាមបណ្តោយព្រំដែន ដឹកយកមកលំនៅដ្ឋានវិញ ដើម្បីផ្តល់ភាពងាយស្រួលក្នុងការធ្វើដំណើររបស់ពលករ និងបន្ថយការចំណាយជាដើម។
ទន្ទឹមនេះ ឯកឧត្តមអភិបាលខេត្ត ក៏បានណែនាំដល់អាជ្ញាធរក្រុងស្រុក ត្រូវយកចិត្តទុកដាក់ឲ្យមែនទែន ជាមួយការហូបចុក និងការរស់នៅរបស់បងប្អូនពលករផងដែរ។ ឯកឧត្តមក៏បានណែនាំឲ្យមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកែប គិតគូរស្វែងរកការងារជូនពួកគាត់ សម្រាប់បងប្អូនពលករណា ដែលមានបំណងចង់មានការងារធ្វើនៅស្រុកកំណើតរបស់ពួកគាត់។
ជាមួយក្តីរំភើបនៃការត្រឡប់មកដល់គេហដ្ឋានវិញ របស់ប្រជាពលរដ្ឋចំណាកស្រុក ដោយសុខសុវត្ថិភាព ពួកគាត់បានបញ្ជាក់ថា ខ្លួនមកដល់ផ្ទះវិញដោយមិនមានការចំណាយអ្វីនោះទេ ហើយក៏ទទួលបានការយកចិត្តទុកដាក់ពីសំណាក់អាជ្ញាធរគ្រប់លំដាប់ថ្នាក់នៃខេត្តកែប ប្រជាពលរដ្ឋ ក៏បានសម្តែងការសប្បាយរីករាយ និងបង្ហាញបំណងក្នុងការបន្តរស់នៅស្រុកកំណើតរបស់ខ្លួនវិញ វាអាចប្រសើរជាងការរស់នៅចំណាកស្រុកឯប្រទេសដ៏ទៃ៕