(ពោធិ៍សាត់)៖ ឯកឧត្តម ខូយ រីដា អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តពោធិ៍សាត់ នាថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥នេះ បានអញ្ជើញជួបសំណេះសំណាល និងនាំយកអំណោយមនុស្សធម៌ របស់សាខាកាកបាទប្រហមកម្ពុជាខេត្ត និងអំណោយរបស់សប្បុរសជន មកប្រគល់ជូនដល់ប្រជាពលរដ្ឋ ចំនួន៧៨៣គ្រួសារ ស្មើនឹង៣,០២៨នាក់ ដែលបានជម្លៀសខ្លួនចេញពីតំបន់សមរភូមិមុខ ក្នុងឃុំថ្មដា មកកាន់ទីកន្លែងសុវត្ថិភាព ក្នុងឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់។
ឯកឧត្តម ខូយ រីដា បាននាំមកនូវការផ្តាំផ្ញើសួរសុខទុក្ខ និងក្ដីនឹករលឹក ពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល សម្តេចតែងតែគិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋ ជួបការលំបាក ទីទ័លក្រ មានជំងឺ ជនងាយរងគ្រោះ ជនរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ ជាក់ស្តែងដូចជាពលរដ្ឋភាគសឹកទាំងអស់ ដោយមិនប្រកាន់រើសអើងវណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ។
ឯកឧត្តមបន្តថា ជាការពិតណាស់ ផលវិបាកនៃសង្គ្រាម បានបង្កមហន្តរាយ បំផ្លិចបំផ្លាញទ្រព្យសម្បត្តិ និងសោកនាដកម្ម ផ្តាច់ជីវិតមនុស្សមិនរើសមុខ ទាំងទាហាន និងជនស៊ីវិលស្លូតត្រង់។ ប្រជាពលរដ្ឋត្រូវបង្ខំចិត្តភៀសខ្លួន ចាកចេញពីផ្ទះសម្បែង ទ្រព្យសម្បត្តិ សត្វចិញ្ចឹម ដោយមិនអាចយកមកជាមួយបាន ហើយទុក្ខលំបាកនេះ ធ្វើឱ្យយើងទាំងអស់គ្នាយល់យ៉ាងច្បាស់ អំពីតម្លៃនៃសន្តិភាព។
ឯកឧត្តមបានគូសបញ្ជាក់ថា ជនភៀសសឹកទាំងអស់ ពិតជាបានដឹងហើយថា កាលពីវេលាម៉ោង ៥៖០២នាទីព្រឹក ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥កន្លងទៅ ទាហានឈ្លានពានសៀម បានបាញ់គ្រាប់ផ្លោង ចូលដីយើងទាំងកម្រោល នៅព្រំដែនថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ដែលនេះគឺជាការរំលោភបំពាន និងរំលោភដែនអធិបតេយ្យភាពកម្ពុជាយ៉ាងធ្ងន់ធ្ងរបំផុត។ កងទ័ពកម្ពុជា ពុំទាន់បានផ្ទុះអាវុធតបតនៅឡើយទេ ពោលគឺស្ថិតនៅក្នុងការត្រៀមវាយបកទៅវិញយ៉ាងចាស់ដៃ ទៅលើចោរថៃឈ្លានពាន។ ដោយសារការខិតខំប្រឹងប្រែង របស់សម្តេចប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា ទើបកិច្ចចចារសម្របសម្រួលឱ្យមានបទឈប់បាញ់ រវាងកម្ពុជា-ថៃ បានចាប់ផ្តើមពីអធ្រាត្រថ្ងៃទី២៨ ឆ្លងចូលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥តទៅ។
ឯកឧត្តមអភិបាលខេត្ត បានបន្ថែមថា គិតមកទល់ពេលនេះ ជនភៀសសឹក បានចាកចេញពីតំបន់សមរភូមិប្រយុទ្ធ នៅឃុំថ្មដា មកកាន់ទីកន្លែងសុវត្ថិភាព និងបានស្នាក់នៅជាក់ស្តែង ក្នុងឃុំប្រម៉ោយ ស្រុកវាលវែង មានចំនួន៧៨៣គ្រួសារ ស្មើនឹង៣,០២៨នាក់។ ពួកគាត់ទាំងអស់ទទួលបានការគាំពារយ៉ាងល្អពីអាជ្ញាធរគ្រប់ជាន់ថ្នាក់ ជាមួយគ្នានោះ គេសង្កេតឃើញថា ប្រជាពលរដ្ឋដែលជាសប្បុរសជន មកពីបណ្តារាជធានីខេត្ត ដែលមានឈាមជ័រជាខ្មែរដូចគ្នា ក៏បានបន្តដូចទឹកបាក់ទំនប់ ក្នុងការនាំយកថវិកា សម្ភារៈ និងគ្រឿងឧបភោគបរិភោគ មកប្រគល់ជូនរដ្ឋបាលខេត្តពោធិ៍សាត់ សម្រាប់ចាត់ចែងបន្តផងដែរ។
ឯកឧត្តមសូមណែនាំដល់ពុកម៉ែបងប្អូនប្រជាពលរដ្ឋ ដែលជាជនភៀសសឹកទាំងអស់ ត្រូវថែរក្សាសុខភាពជាប់ជាប្រចាំ ដោយត្រូវប្រកាន់ភ្ជាប់ ការផឹកស្អាត ហូបស្អាត និងរស់នៅស្អាត និងត្រូវត្រៀមលក្ខណៈ ក្នុងការវិលត្រឡប់ទៅកាន់លំនៅដ្ឋានជាប្រក្រតីឡើងវិញ ក្រោយពេលដែលស្ថានភាព នៅតាមបណ្ដោយព្រំដែន កម្ពុជា-ថៃ មានសភាពស្ងប់ស្ងាត់ និងមានសន្តិសុខល្អប្រសើរឡើងវិញ។
អំណោយមនុស្សធម៌ របស់សាខាកាកបាទប្រហមកម្ពុជាខេត្ត និងអំណោយរបស់សប្បុរសជន មកប្រគល់ជូនដល់ប្រជាពលរដ្ឋ ចំនួន៧៨៣គ្រួសារ ក្នុងមួយគ្រួសារៗ ទទួលបានអង្ករ២៥គីឡូក្រាម, មី១កេស, ត្រីខ១យួរ និងថវិកាសរុប៧ម៉ឺនរៀល ព្រមទាំងឃីតមួយចំនួនទៀត៕