នាព្រឹកថ្ងៃពុធ ទី៣០ កក្កដា ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ អញ្ជើញចូលរួមការវេចនំអន្សមជាមួយប្រជាពលរដ្ឋនៅស្រុកថ្មពួក សម្រាប់ផ្គត់ផ្គង់នំអន្សមចំនួន ៥០០០ ដើមជូនពុកម៉ែបងប្អូនភៀសខ្លួនមកទីតាំងសុវត្ថិភាព និងកងកម្លាំងការពារតំបន់ព្រំដែននៃខេត្តបន្ទាយមានជ័យ។
ឯកឧត្តមរដ្ឋមន្ត្រីបានកោតសរសើរឯកឧត្តម ប្រាក់ ដាវីដ និងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកថ្មពួក ព្រមទាំងអាជ្ញាធរស្រុក ចំពោះការររៀបចំកម្មវិធីវេចនំអន្សមនេះ ដើម្បីឱ្យពុកម៉ែបងប្អូនទទួលបានស្បៀងបន្ថែមផង និងចូលរួមវេចនំអន្សមជូនកងទ័ពជួរមុខផង។
រាជរដ្ឋាភិបាល និងអាជ្ញាធរខេត្តនឹងបន្តគាំពារនិងផ្គត់ផ្គង់ស្បៀងជូនពុកម៉ែបងប្អូន រហូតដល់ស្ថានភាពនៅព្រំដែនមានស្ថិរភាព ហើយពុកម៉ែបងប្អូនអាចវិលត្រឡប់វិញបាន៕