ឯកឧត្តម ថោ ជេដ្ឋា អញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុង ដើម្បីពិនិត្យ ពិភាក្សា និងពិគ្រោះយោបល់លើខ្លឹមសារនៃសេចក្តីព្រាងអនុក្រឹត្យស្តីពីអាជ្ញាបណ្ណទឹក


នាព្រឹកថ្ងៃព្រហស្បតិ៍ ៦កើត ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥នេះ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុង ដើម្បីពិនិត្យ ពិភាក្សា និងពិគ្រោះយោបល់លើខ្លឹមសារនៃសេចក្តីព្រាងអនុក្រឹត្យស្ដីពីអាជ្ញាបណ្ណទឹក ដោយមានវត្តមានអញ្ជើញចូលរួមពីឯកឧត្តមរដ្ឋលេខាធិការប្រចាំការ ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងនិងមន្ទីររាជធានីខេត្ត គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងអាជ្ញាធរទន្លេសាបជាច្រើនរូប នៅសាលប្រជុំនៃទីស្ដីការក្រសួងធនធានទឹក និងឧតុនិយម។

ថ្លែងក្នុងឱកាសបើកកិច្ចប្រជុំ ឯកឧត្តមរដ្ឋមន្ត្រី បានមានប្រសាសន៍ឱ្យដឹងថា អនុក្រឹត្យស្តីពីអាជ្ញាបណ្ណទឹកជាឧបករណ៍គតិយុត្តមួយសម្រាប់អនុវត្តច្បាប់ស្តីពីការគ្រប់គ្រងធនធានទឹកនៅក្នុងព្រះរាជាណាចក្រកម្ពុជាឆ្នាំ២០០៧ ក៏ដូចជាក្រមបរិស្ថាននិងធនធានធម្មជាតិឆ្នាំ២០០៣ ដែលត្រូវបានរៀបចំឡើងដើម្បី ទី១)ផ្ដល់សិទ្ធិស្របច្បាប់ដល់បុគ្គលគ្រប់រូប ក្នុងការប្រើប្រាស់ទឹក និងធនធានទឹក ប្រកបដោយសមធម៌ និងបរិយាបន្ន ទី២)អនុញ្ញាតឱ្យក្រសួងធនធានទឹក និងឧតុនិយម ក្តាប់បាននូវព័ត៌មានទិន្នន័យនៃការប្រើប្រាស់ទឹក ដើម្បីងាយស្រួលក្នុងការរៀបចំផែនការគ្រប់គ្រងធនធានទឹកប្រកបដោយនិរន្តរភាព និង ទី៣)ចូលរួមចំណែកដល់កំណើនសេដ្ឋកិច្ចជាតិ និងការប្រើប្រាស់ទឹកពីប្រភពសាធារណៈដោយការសន្សំសំចៃ តាមរយៈការកំណត់ថ្លៃនៃការប្រើប្រាស់ទឹក និងធនធានទឹកសម្រាប់ការធ្វើអាជីវកម្ម។

សូមបញ្ជាក់ថា ក្រសួងធនធានទឹក និងឧតុនិយម កាលពីថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៣ បានសម្រេចបង្កើតគណៈកម្មការ និងអនុគណៈកម្មការរៀបចំ តាក់តែង និងធ្វើបច្ចប្បន្នកម្មច្បាប់ គោលនយោបាយ ផែនការមេ ផែនការយុទ្ធសាស្ត្រ និងលិខិតបទដ្ឋានគតិយុត្តរបស់ក្រសួង ដើម្បីពង្រឹងការងារនីតិកម្មឡើងវិញ។ សេចក្តីព្រាងអនុក្រឹត្យស្តីពីអាជ្ញាបណ្ណទឹក ចែកចេញជា ១១ ជំពូក រួមមាន ២៧ មាត្រា៕