(ភ្នំពេញ)៖ នាថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានដឹកនាំមន្រ្តី អញ្ជើញគោរពវិញ្ញាណក្ខន្ធសពលោកអនុសេនីយ៍ ឯក លៀម សំពៅមាស មន្ត្រីនគរបាល នៃវរសេនាតូចនគរបាលការពារព្រំដែន៧៩៣ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្នុងជន្មាយុ៤៣ឆ្នាំ និងសពលោកអនុសេនីយ៍ឯក ពោ វៃ យោធិន នៃកងពលតូចអន្តរាគមន៍លេខ៨ ចំណុះកងពលធំអន្តរាគមន៍លេខ៣ កងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទក្នុងជន្មាយុ ៤៦ឆ្នាំ ដែលបានពលី ក្នុងបុព្វហេតុការពារជាតិការពារទឹកដីកម្ពុជា ពីការឈ្លានពានដោយកងទ័ពសត្រូវ។
ក្នុងនោះឯកឧត្តម ឃួង ស្រេង ចាត់ទុកមរណភាពរបស់អ្នកទាំងពីរ គឺជាការបាត់បង់នូវឧត្តមស្វាមី ឪពុក ឪពុកក្មេក និងជីតា ដែលប្រកប ដោយព្រហ្មវិហារធម៌ ជាទីគោរពស្រលាញ់បំផុតដែលបានបូជាកម្លាំងកាយ កម្លាំងចិត្ត បញ្ញា ស្មារតី ក្នុងការចិញ្ចឹមបីបាច់ថែរក្សា និងផ្តល់ដំបូន្មានល្អៗ ដល់កូនក្មួយ និងចៅៗ ឱ្យក្លាយទៅជាធនធានមនុស្សដ៏មានតម្លៃ ប្រកបដោយគុណធម៌ នៅក្នុងសង្គមជាតិ ជាពិសេសគឺបាត់បង់ឥស្សរជនស្នេហាជាតិដ៏ឧត្តុងឧត្តម ដែលបានរួមចំណែក យ៉ាងធំធេងក្នុងការប្រយុទ្ធតស៊ូជាមួយកងទ័ពសៀម ដែលធ្វើការឈ្លានពាន មកលើដែនអធិបតេយ្យភាពកម្ពុជាយើង។
នៅក្នុងសមានទុក្ខដ៏ក្រៀមក្រំនេះឯកឧត្តម ឃួង ស្រេង ក៏បានចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារនៃសព និងសូមបួងសួងដល់តេជៈបារមីនៃព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ តាមជួយថែរក្សាដួងវិញ្ញាណក្ខន្ធអ្នកទាំងពីរ បានទៅសោយសុខ ក្នុងឋានសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕