(សៀមរាប)៖ អំណោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមន្នី និងសម្ដេចព្រះព្រហ្មរតនមុនី ពិន សែម សិរីសុវណ្ណោ សមាជិកថេរសភាសង្ឃព្រះពុទ្ធសាសនាកម្ពុជា ព្រមទាំងសប្បុរសជន នៅរសៀលថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥ ត្រូវបានចែកអំណោយជាស្បៀងអាហារ និងសម្ភារប្រើប្រាស់ជូនដល់ជនភៀសសឹកពីសង្គ្រាមប្រមាណជាង១,២០០គ្រួសារ ដែលកំពុងស្នាក់នៅស្រុកវ៉ារិន ខេត្តសៀមរាប។
ថ្លែងក្នុងឱកាសនោះ លោកជំទាវ ទាង អេង ទៀ សីហា តំណាងនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានលើកឡើងថា កម្ពុជាមិនចង់ឃើញសង្គ្រាមនោះទេ ព្រោះសង្រ្គាម បានធ្វើឲ្យយើងទទួលរងទុក្ខលំបាក វេទនា បែកបាក់គ្រួសារ ឃ្លៀតឆ្ងាយ និងបាត់បង់មនុស្សជាទីស្រលាញ់ផងដែរ។
លោកជំទាវ បន្តថា សង្រ្គាម បានបន្សល់នូវទុកវិនាសកម្មជាច្រើន ធ្វើឱ្យប្រជាពលរដ្ឋទទួលរងទុក្ខលំបាក វេទនា អន្តរាយ ឈឺចាប់ ខ្លោចផ្សាណាស់ សោកសៅ ទ្រហោយំ ព្រាត់ប្រាស់ និរាសចាកអ្វីៗគ្រប់យ៉ាងទាំងអស់ មិនថាប្រទេស តូច ឬធំ និងមានឬ ក្រ នោះឡើយ។
លោកជំទាវ បានបន្តថា មិនអាចពិពណ៌នាបានទាំងអស់នោះទេ ប្រសិនបើបងបងប្អូនមានអារម្មណ៍បែបណា លោកស្រីក៏មានអារម្មណ៍បែបនឹងដូចគ្នាដែរ ព្រោះស្វាមីរបស់លោកស្រីក៏ជាទាហ៊ានដែរ ដែលបានព្យាយាមការពារជាតិជាមួយថ្នាក់ដឹកនាំ ដើម្បីស្វែងរកសុខសន្តិភាព ជូនបងប្អូនប្រជាពលរដ្ឋទាំអស់គ្នា។
លោកជំទាវ ទាង អេង ក៏បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ឱ្យស្រឡាញ់សុខសន្តិភាព និងអរគុណសន្តិភាព ព្រោះសន្តិភាពនេះ ជាសេចក្តីសុខរបស់យើងទាំងអស់គ្នា សូមកុំឱ្យមានសង្រ្គាម ទើបយើងនាំគ្នាបួងសួងសុំសន្តិភាព បើមានប្រទេសមានសន្តិភាពទើបមានការអភិវឌ្ឍន៍គ្រប់វិស័យ។ ជាក់ស្តែងនេះ ប្រទេសយើងត្រូវប្រទេសថៃឈ្លានពាន រំលោភបំពានក៏ដោយ ក៏មេដឹងនាំយើងនៅតែអត់ធ្មត់ ទប់ចិត្ត ប្រុងកងទ័ពយ៉ាងរឹងមាំ ប្រើបញ្ញា ស្មារតី ចរចា និងការទូតដ៏ឈ្លាសវៃ ដើម្បីដោះស្រាយបញ្ហាដោយសន្តិវិធី។
សម្ដេចព្រះព្រហ្មរតនមុនី ពិន សែម សិរីសុវណ្ណោ សមាជិកថេរសភាសង្ឃព្រះពុទ្ធសាសនាកម្ពុជា បានមានថេរដីកាថា សង្គ្រាមឈ្លានពានទឹកដីរបស់ថៃ គឺបានបង្កបញ្ហាដ៏ធ្ងន់ធ្ងរដល់ប្រជាជនខ្មែរស្លូតត្រង់ បែកបាក់ក្រុមគ្រួសារ និងអាយុជីវិតមនុស្ស ព្រមទាំងបំផ្លាញអនាគតរបស់ប្រជាជន។ ក្នុងនោះ ការនិរាសព្រាត់ប្រាស់ក្រុមគ្រួសារ និងបងប្អូន គឺជារឿងដ៏សែនឈឺចិត្តបំផុតសម្រាប់គ្រួសារ និងសង្គមទាំងមូល។
សម្ដេចព្រះព្រហ្មរតនមុនី ពិន សែម មានថេរដីកាលើកឡើងថា សង្គ្រាមមិនដែលបានផ្តល់សុភមង្គល ភាពរីកចម្រើន ជួបជុំគ្រួសារ ដូចសម័យមានសន្តិភាពនេះទេ គឺសង្គ្រាមមានតែធ្វើឱ្យពួកគាត់ឈឺចាប់ ខ្លោចផ្សា មិនអាចគណនាបានឡើយ។ វាធ្វើឱ្យបែកបាក់គ្រួសារ បាត់បង់បងប្អូន ញាតិសន្តាន និងវិស័យគ្រប់យ៉ាង គឺត្រូវបាត់បង់ទាំងអស់ ដូច្នេះបើសង្គមជាតិមានសុខសន្តិភាព ទើបសាសនារស់នៅបានសុខស្ងប់ផងដែរ។
សម្ដេចព្រះព្រហ្មរតនមុនី ក៏មានថេរដីកា សំណូមពរដល់បងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ ត្រូវរួបរួមសាមគ្គីជួយគ្នាក្នុងគ្រាលំបាក មានទុក្ខរួមទុក្ខ មានសុខរួមសុខ គ្មានអ្វីដែលល្អប្រសើរជាង ពេលបានឃើញប្រទេសជាតិ មានសន្តិភាពនោះទេ ឃើញបងប្អូនបានរស់នៅជួបជុំគ្រួសារ ពោរពេញទៅដោយស្នាមញញឹមគ្រប់ៗគ្នា។
សម្ដេចព្រះព្រហ្មរតនមុនី ក៏បានបួងសួងសូមអោយប្រទេសកម្ពុជា មានសុខសន្តិភាពដូចមុន និងសូមអោយកងទ័ពជួរមុខទាំងអស់ មានសុវត្ថិភាព និងបានជួបជុំគ្រួសារ ព្រមទាំងសូមអោយប្រជាពលរដ្ឋបានសុខសប្បាយ និងបានត្រលប់ទៅភូមិឋានរបស់ខ្លួន និងសូមឱ្យបដិសន្ធិវិញ្ញាណរបស់វីរៈកងទ័ព ដែលបានពលីជីវិតក្នុងសមរភូមិ ទទួលបានសេចក្តីសុខក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕