ថ្នាក់ដឹកនាំខេត្តរតនគិរី អញ្ជើញចុះជួបសួរសុខទុក្ខ យកគ្រឿងបរិភោគ និងសម្ភារប្រើប្រាសចាំបាច់ជាច្រើន ចែកជូនជនភៀសសឹកពីតំបន់មានជម្លោះព្រំដែនកម្ពុជា-ថៃ


(រតនគិរី)៖ នៅព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥ គណៈប្រតិភូរដ្ឋបាលខេត្តរតនគិរី ដឹកនាំដោយឯកឧត្តម ណាប់ ប៊ុនហេង ប្រធានក្រុមប្រឹក្សាខេត្ត, ឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី និងលោកជំទាវ និងឯកឧត្តម គិត ទ្រី អ្នកតំណាងរាស្រ្តមណ្ឌលរតនគិរី បាននាំយកអំណោយមូលនិធិរដ្ឋបាលខេត្ត ដែលបានគៀរគរពីប្រជាពលរដ្ឋក្នុងខេត្តរតនគិរី ជូនជនភៀសសឹក ដែលកំពុងស្នាក់អាស្រ័យនៅមណ្ឌលសុវត្ថិភាពវត្តពោធិ៍៥០០០ដើម ស្ថិតក្នុងភូមិគូលែនត្បូង ឃុំគូលែនត្បូង ស្រុកគូលែន ខេត្តព្រះវិហារ។

ក្នុងឱកាសនៃការអញ្ជើញជួបសួរសុខទុក្ខនេះឯកឧត្តម ញ៉ែម សំអឿន បានសំណេះសំណាល និងបានផ្តល់ស្បៀងអារហារ និងរបស់របរប្រើប្រាសចាំបាច់ជាច្រើនជូន បងប្អូនប្រជាពលរដ្ឋភៀសសឹកទាំងអស់ដែលកំពុងស្នាក់អាស្រ័យ នៅមណ្ឌលសុវត្ថិភាពវត្តពោធិ៍៥០០០ដើម នាពេលនេះ នូវថ្នាំពេទ្យ តង់ មុង កន្ទេល អង្រឹង ក្រម៉ា ភួយ ខ្នើយ សាប៊ូ ដែកកេស ព្រមទាំងស្បៀងអាហារ មានអង្ករ ត្រីងៀត ទឹកត្រី ទឹកស៊ីអ៊ីវ ទឹកបរិសុទ្ធ ត្រីខកំប៉ុង មី សាច់ក្រក ឆៃប៉ូវ ត្រីប្រាហើម សៀងផ្អែមជាដើមដើម្បីផ្គត់ផ្គង់បងប្អូនប្រជាពលរដ្ឋសម្រាប់ប្រើប្រាស់ និងបរិភោគដែលអាចដោះស្រាយការលំបាកនៅចំពោះមុខមួយគ្រានេះ។

ឯកឧត្តម ញ៉ែម សំអឿន បានលើកឡើងថា ផលវិបាកនៃសង្គ្រាមបានបង្កមហន្តរាយ បំផ្លិចបំផ្លាញទ្រព្យសម្បត្តិ និងសោកនាដកម្ម ផ្តាច់ជីវិតមិនរើសមុខ ទាំងទាហាន និងជនស៊ីវិលស្លូតត្រង់។ ប្រជាពលរដ្ឋត្រូវបង្ខំចិត្តភៀសខ្លួន ចាកចេញពីផ្ទះសម្បែង ទ្រព្យសម្បត្តិ សត្វចិញ្ចឹមដែលមិនអាចយកមកជាមួយបាន។ ទុក្ខលំបាកនេះធ្វើឱ្យយើងទាំងអស់គ្នាយល់យ៉ាងច្បាស់តម្លៃនៃសន្តិភាព។

សូមបញ្ជាក់ថា ក្រោមការយកចិត្តទុកដាក់ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាល សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានណែនាំឱ្យអាជ្ញាធរមានសមត្ថកិច្ច យកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋជាជនភៀសសឹក ដែលបានជម្លៀសខ្លួនចេញពីតំបន់ប្រយុទ្ធគ្នាក្នុងនោះមានគណៈកម្មការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានសហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ រដ្ឋបាលខេត្តពាក់ព័ន្ធ រៀបចំទួលសុវត្ថិភាពក៏ដូចជាដោះស្រាយទីតាំងស្នាក់នៅ ការហូបចុក និងសុខាភិបាលជូនបងប្អូនទាំងអស់គ្នា។

ជាមួយគ្នានេះ ក្នុងស្មារតីខ្មែរជួយខ្មែរ ស្មារតីខ្មែរតែមួយ មានប្រជាពលរដ្ឋជាច្រើនបានចូលរួមបរិច្ចាគទាំងថវិកា និងកញ្ចប់ស្បៀងអាហារ ថ្នាំពេទ្យ និងសម្ភារៈប្រើប្រាស់នានាជាច្រើនទៀតជួយដល់កងទ័ពជួរមុខ និងប្រជាពលរដ្ឋភៀសសឹកពីតំបន់មានជម្លោះព្រំដែនកម្ពុជា-ថៃ៕