ខេត្តកំពង់ឆ្នាំង៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ៦កើត ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ អនុប្រធានទី១ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកសាមគ្គីមានជ័យ និងស្រុកទឹកផុស តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្ដ្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង បានអញ្ជើញចូលរួមពិធីបុណ្យខួប ៧ថ្ងៃ លោកវរសេនីយ៍ត្រី អ៊ួន ហាច មេបញ្ជាការរងគ៣ វរសេនាតូចលេខ២ កងពលតូចអន្តរាគមន៍លេខ១ដែលបានពលីជីវិតនៅលើសមរភូមិប្រយុទ្ធ ដើម្បីការពារបូរណភាពទឹកដីកម្ពុជាពីទ័ពឈ្លានពានសៀម នៅភូមិស្វាយដូនកែវ ឃុំសេដ្ឋី ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។
អញ្ជើញចូលរួមក្នុងឱកាសនោះ មានវត្តមានឯកឧត្ដម លោកជំទាវ ជាសមាជិកព្រឹទ្ធសភា សមាជិករដ្ឋសភា ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំក្រសួងអភិវឌ្ឍន៍ជនបទ និងជាប្រធាន អនុប្រធាន សមាជិក សមាជិកានៃក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំទាំង៩ នៃស្រុកសាមគ្គីមានជ័យ ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្ដមអភិបាលនៃគណៈអភិបាលខេត្ត ថ្នាក់ដឹកនាំមន្ត្រីរាជការ អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ព្រមទាំងប្រជាពលរដ្ឋជាច្រើនកុះករ ។ ក្នុងឱកាសនោះ ឯកឧត្តម ឆាយ ឫទ្ធិសែន និងគណៈប្រតិភូ បាននាំយកថវិការបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងថវិកាផ្ទាល់ខ្លួនរបស់ឯកឧត្តម និងថ្នាក់ដឹកនាំព្រមទាំងមន្ត្រីរាជការក្រសួងអភិវឌ្ឍន៍ជនបទជូនចំពោះ លោកស្រី ប្រាក់ ហេងសុម៉ាលី ត្រូវជាភរិយានៃសព ព្រមទាំងបានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខរបស់ថ្នាក់ដឹកនាំកំពូលរបស់រាជរដ្ឋាភិបាលជូនចំពោះក្រុមគ្រួសារទាំងអស់ផងដែរ។ ក្នុងឱកាសនេះដែរ ក៏មានវត្តមានតំណាងសម្តេចមហាមន្រ្តីគុយ សុផល ដែលបាននាំយកថវិកាសម្តេចមហាមន្រ្តីផ្ទាល់មកចូលរួមបុណ្យ ៧ ថ្ងៃដល់វីរៈយុទ្ធជនយើងនេះផងដែរ ។
គួររំលឹកជូនផងដែរថា លោកវរសេនីយ៍ត្រី អ៊ួន ហាច អាយុ ៤៦ឆ្នាំ ជាវីរកងទ័ពជួរមុខឈរជើងការពារនៅតំបន់ប្រាសាទព្រះវិហារ បានទទួលមរណភាពនៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥ ៕