នារសៀលថ្ងៃព្រហស្បតិ៍ ៦កើត ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥នេះ នៅសាលប្រជុំនៃទីស្ដីការក្រសួង ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការ ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំកិច្ចប្រជុំតាមប្រព័ន្ធវីដេអូជាមួយតំណាងធនាគារអភិវឌ្ឍន៍អាស៊ី(ADB) ដែលមានទីស្នាក់ការនៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន។
សូមជម្រាបថា កិច្ចប្រជុំដ៏សំខាន់នេះ បានធ្វើឡើងដោយផ្ទាល់ និងតាមប្រព័ន្ធវីដេអូ ដោយមានវត្តមានអញ្ជើញចូលរួមដោយផ្ទាល់ពីមន្ដ្រីបច្ចេកទេស ទីប្រឹក្សាជាតិ និងអន្តរជាតិ នៃអង្គភាពគ្រប់គ្រង និងអនុវត្តគម្រោងរបស់ក្រសួងធនធានទឹក និងឧតុនិយម និងក្រុមមន្ត្រីបច្ចេកទេសពីធនាគារអភិវឌ្ឍន៍អាស៊ី(ADB) ជាច្រើនរូប។
ឯកឧត្តមរដ្ឋលេខាធិការ បានបញ្ជាក់ឱ្យដឹងថា កិច្ចប្រជុំបានផ្តោតការពិភាក្សាលើការងារសំខាន់ៗចំនួន ៤ គឺ៖ ទី១)គម្រោងគ្រប់គ្រងវិស័យធនធានទឹកដោយវិធានការចម្រុះជំហានទី២(IWRM2) ទី២)ការអនុវត្តកិច្ចដំណើរការសាងសង់មជ្ឈមណ្ឌលជាតិគ្រប់គ្រងទិន្នន័យធនធានទឹក និងប្រព័ន្ធព័ត៌មានធនធានទឹក (NWRMDC) ទី៣)ការដាក់ឱ្យដំណើរការដេញថ្លៃជាអន្តរជាតិនូវការសាងសង់ស្ថានីយរ៉ាដាតេជោសែនទី២ និង ទី៤)ការរៀបចំផែនការមេលើការគ្រប់គ្រងអាងទន្លេលើវិស័យធនធានទឹក៕