ស្មារតីខ្មែរតែមួយ! អ្នកវិនិយោគលើវិស័យអប់រំ នៅកម្ពុជា បញ្ជាក់ជំហរជួយជ្រោមជ្រែងកូនៗវីរៈយុទ្ធជនពលីក្នុងសមរភូមិឱ្យបន្តការសិក្សារហូតបញ្ចប់ថ្នាក់មហាវិទ្យាល័យ


ទឹកចិត្តពោរពេញដោយមនុស្សធម៌ ក្នុងស្មារតីបេះដូង ជាតិសាសន៍ខ្មែរតែមួយ អ្នកវិនិយោគលើវិស័យអប់រំ នៅប្រទេសកម្ពុជា បានបញ្ជាក់ពីជំហរជួយជ្រោមជ្រែងកូនៗវីរៈយុទ្ធជនពលី ក្នុងសមរភូមិសង្គ្រាម ដើម្បីការពារទឹកដី ពីការឈ្លានពានរបស់ថៃ ឱ្យបន្តការសិក្សាចាប់ពីថ្នាក់មេតេយ្យសិក្សា រហូតថ្នាក់មហាវិទ្យាល័យ។ ព្រមទាំងបំផុសគំនិតស្វែងរកការឧបត្ថម្ភជួសជុសសាលារៀនដែលរងការបំផ្លិចបំផ្លាញពីគ្រាប់ផ្លោង និងគ្រាប់ទម្លាក់ពីលើយន្តហោះចម្បាំងរបស់សៀម ឡើងវិញ ដើម្បីផ្តល់ឱកាសដល់កូនសិស្សនៅទីតាំងរងគ្រោះអាចបន្តការសិក្សាក្នុងថ្នាក់រៀនស្អាត និងមានសោភ័ណភាពឡើងវិញជាដើម។

ក្នុងឱកាសផ្តល់បទសម្ភាសជាមួយក្រុមអ្នកសារព័ត៌មាន នៅព្រឹកថ្ងៃទី១ ខែសីហា ឆ្នាំ២០២៥នេះ ក្នុងពិធីគោរពវិញ្ញាក្ខន្ធ និងបង្សុកូលជូនដល់វីរៈកងទ័ពដែលបានពលីជីវិត ក្នុងសមរភូមិប្រឆាំងនឹងការឈ្លានពានរបស់កងទ័ពថៃ, លោកឧកញ៉ា ជា ធីឡាយ អគ្គនាយក និងជាស្ថាបនិកនៃស្ថាប័នអប់រំ អ៉ិន ធី ស៊ី គ្រុប បានបន្តថា ប្រសិនបើគ្មានការចូលរួមជួយជ្រោមជ្រែងដុតដៃ ដុតជើងពីសំណាក់ភាគីពាក់ព័ន្ធនឹងនោះទេ ច្បាស់នឹងបង្អាក់ដំណើរការចូលសិក្សារបស់កូនសិស្ស នៅតាមទីតាំងដែលរងការបំផ្លិចបំផ្លាញ។ ចំពោះករណីនេះច្បាស់ណាស់រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្តេចបវរធិបតី ហ៊ុន ម៉ាណែត គឺបានគិតគូររួចរាល់ហើយ ក៏ប៉ុន្តែ ក្នុងនាមជាអ្នកវិនិយោគលើវិស័យអបរំ លោកយល់ឃើញថាប្រសិនសាលារៀនណាត្រូវការជំនួយបន្ទាន់ អាចទាក់មកលោកបាន ប្រសិនបើលោកមានលទ្ធភាពជួយលោកនឹងរ៉ាប់រងជួសជុល និងសាងសង់ឡើងវិញ ដើម្បីសិស្សានុសិស្សអាចបន្តការសិក្សាបាន។

លោកឧកញ៉ា ជា ធីឡាយ​ បញ្ជាក់ពីគោលបំណងថា៖ «សម្រាប់អាហារូបករណ៍១០០ភាគ ផ្តល់ជូនកូនៗរបស់អតីតយុទ្ធពលីលើសមរភូមិ ច្បាំងតតាំងនឹងការឈ្លានពានរបស់កងទ័ពថៃ គឺជាការតបស្នងសងគុណ ដែលវីរៈកងទ័ពរបសយើងបូជាអាយុជីវិត ហ៊ានយកទ្រូងទៅពាំង ធ្វើជារបងការពារទឹកដីយើង […] យើងដឹងហើយបើគាត់ថយដីហ្នឹងនឹងបានទៅគេ អ៊ឹងគាត់សុខចិត្តឈរ ដោយយកអាយុជីវិតការពារទឹកដី»។

ឧកញ៉ា ជា ធីឡាយ បានគូសបញ្ជាក់ថា យើងនៅទីនេះមានក្តីសុខសប្បាយ គឺដោយសារតែពួកគាត់បានយកជីវិតទៅប្តូរ ដូច្នេះ យើងត្រូវធ្វើអ្វីដែលអាចធ្វើទៅបានដើម្បីជួយដល់យុទ្ធជន ជាពិសេសកូនៗរបស់វីរៈយុទ្ធពលី លើសមរភូមិ ហើយអ្វីដែលអាចធ្វើឱ្យដួងវិញ្ញាណក្ខន្ធរបស់វីរៈយុទ្ធជនពលីអាចស្ងប់ចិត្ត គឺមានតែការចូលរួមចំណែកបណ្តុះបណ្តាលកូនចៅរបស់ពួកគាត់ឱ្យទទួលបានចំណេះដឹងជ្រៅជ្រះ និងធ្វើកូនចៅរបស់វីរៈយុទ្ធជនពលី មានអនាគតរឹងមាំ។

ឧកញ៉ា ជា ធីឡាយ បានបន្ថែមថា ការបណ្តុះបណ្តាលធនធានមនុស្ស គឺជាអាវុធមួយដ៏មុតស្រួច ដើម្បីចូលរួមចំណែកកសាងជាតិ មាតុភូមិ ឱ្យមានការរីកចម្រើន។ ចំពោះលោកគឺបានសាលាសុវណ្ណភូមិ ដែលសាលាសម្រាប់បណ្តុះបណ្តាលធនធានមនុស្សវ័យក្មេងនៅកម្ពុជា ដូច្នេះ ចំពោះការសម្រេចចិត្តផ្តល់អាហារូបករណ៍ដល់កូនៗវីរៈយុទ្ធជនពលី លើសមរភូមិប្រឆាំងនឹងការឈ្លានពានពីសំណាក់កងទ័ពថៃ គឺជាចំណែកមួយដើម្បីជួយកូនៗរបស់ពួកគាត់មានក្តីសង្ឃឹមថ្មី បន្ទាប់ពីបាត់បងជំហរដ៏រឹងមាំក្នុងជីវិត។

«ការផ្តល់អាហារូបករណ៍ចាប់ពីថ្នាក់មតេយ្យ រហូតដល់ថ្នាក់ទី១២ ទោះជាគាត់មានកូនប៉ុន្មាននាក់ក៏ដោយ ក៏យើងជួយទាំងអស់ ហើយមិនមែនជួយគាត់ត្រឹមហ្នឹងនោះទេ បើទោះបីសាលារៀនសុវណ្ណភូមិ មានត្រឹមថ្នាក់ទី១២ ក៏ដោយ ប៉ុន្តែ យើងមានសាលាដៃគូផ្តល់ជាអាហារូបករណ៍ដល់ថ្នាក់មហាវិទ្យាល័យទៀត»។

ចំណុចនេះ ត្រូវបានលោកឧកញ៉ា បានគូសបញ្ជាក់ថា កូនៗវីរៈយុទ្ធជនពលី លើសមរភូមិដែលទទួលបានសិក្សានៅសាលារៀនសុវណ្ណភូមិ នៅពេលដែលបញ្ចប់ការសិក្សាថ្នាក់ទី១២ គឺមិនត្រូវបានបោះបង់ចោលនោះទេ ពោលគឺសាលានឹងព្យាយាមជួយឱ្យអស់ពីលទ្ធភាព ដើម្បីកូនៗវីរៈយុទ្ធជនពលី ឈានឆ្ពោះគោលដៅបញ្ចប់ការសិក្សាស្វែងរកឱកាសការងារចិញ្ចឹមជីវិតខ្លួនឯងបាន៕