គណៈប្រតិភូជាច្រើន ក្នុងនោះរួមទាំងគណៈប្រតិភូរដ្ឋសភាជាតិ និងគណៈប្រតិភូដែលមានឯកឧត្តម ហ៊ឺ បាវី ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ប្រធានអគ្គនាយកកំពង់ផែ ស្វយ័តភ្នំពេញ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកព្រះស្តេច ខេត្តព្រៃវែង នៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២៥នេះ បានអញ្ជើញចូលរួមពិធីបុណ្យគម្រប់ខួប៧ថ្ងៃ និងគោរពវិញ្ញាណក្ខន្ធសព វីរយុទ្ធជន សំរិទ្ធ ព្រី នៅស្រុកបន្ទាយចក្រី ខេត្តព្រៃវែង ដែលបានពលីជីវិត ក្នុងបុព្វហេតុការពារបូរណភាពទឹកដី និងអធិបតេយ្យជាតិ ក្នុងភូមិសាស្ត្រខេត្តព្រះវិហារ ជាសមរភូមិមុខនៃជម្លោះព្រំដែនកម្ពុជា-ថៃ ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥។
ជាមួយនឹងការបានវិលត្រឡប់មកស្រុកកំណើតវិញ របស់សពយុទ្ធជនពលីនេះដែរ សាច់ញាតិនៃយុទ្ធជនពលី បានសម្ដែងនូវក្ដីមោទនភាព ចំពោះសាច់ញាតិរបស់ខ្លួន ជាមួយនឹងសេចក្តីក្រៀមក្រំ និងទុក្ខសោកក្រៃលែងផងដែរ។
ឯកឧត្តម ហ៊ឺ បាវី បានសម្តែងនូវការរំលែកទុក្ខ ជូនដល់គ្រួសារយុទ្ធជនពលី ដែលនេះគឺជាការបាត់បង់យុទ្ធជនដ៏អង់អាចក្លាហាន កូនជាទីស្រឡាញ់ បងប្អូនជាទីគោរព ឪពុកដ៏មានព្រហ្មវិហារធម៌ និងស្វាមីដែលមានភក្តីភាព សម្រាប់ជាតិ ព្រមទាំងក្រុមគ្រួសារ។
បន្ថែមពីនេះ លោកក៏បានពាំនាំនូវការរំលែកទុក្ខដ៏ក្រៀមក្រំបំផុត ពីសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ជូនដល់ក្រុមគ្រួសារសពនៃយុទ្ធជនពលី ជាមួយនឹងការគិតគូររបស់រាជរដ្ឋាភិបាល ព្រមទាំងគោលនយោបាយផ្សេងៗ ដើម្បីជាការសម្រាលនូវបន្ទុកគ្រួសារយុទ្ធជនពលីផងដែរ។
លោកប្រធានក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានស្រុកព្រះស្តេច បានថ្លែងថា ការពលីរបស់យុទ្ធជនជួរមុខកម្ពុជា នឹងត្រូវចងចាំទុកជាវីរភាព ប្រកបដោយឆន្ទៈមោះមុត ក្នុងបុព្វហេតុបម្រើជាតិ សាសនា ព្រះមហាក្សត្រ និងការពារបូរណភាពទឹកដីរបស់កម្ពុជាឱ្យបាន ទោះក្នុងតម្លៃណាក៏ដោយ ពីការរំលោភបំពាន និងឈ្លានពានមកលើដែនអធិបតេយ្យភាពកម្ពុជា និងសូមឧទ្ទិសបួងសួងសុំឱ្យដួងវិញ្ញាណក្ខន្ធយុទ្ធជនពលី បានចាប់កំណើតក្នុងឋានបរម្យសុខកុំបីឃ្លៀងឃ្លាតឡើយ។
ក្នុងឱកាសនោះ លោក ហ៊ឺ បាវី និងក្រុមការងារ បាននាំថវិកាជាង២៣លានរៀល និងប្រាក់ដុល្លារជាង៤ពាន់ដុល្លារ ជូនដល់ក្រុមគ្រួសារសពវីរយុទ្ធជន សំរឹទ្ធ ព្រី ព្រមទាំងរៀបចំបុណ្យឱ្យបានសម និងកិត្តិយសផងដែរ៕