មន្ត្រីជាន់ខ្ពស់ក្រសួងសាធារណការ ប្រាប់ជនភៀសសឹកពីការខិតខំប្រឹងប្រែងរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចធិបតី ក្នុងការបញ្ចប់សង្គ្រាមតាមវិស័យការទូត ដើម្បីសេចក្តីសុខប្រជាពលរដ្ឋ


ឯកឧត្តម ហេង ណន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាសមាជិកគណៈកម្មាធិការការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានផ្នែកគ្រឹះស្ថានសិក្សា នៃយុវជនថ្នាក់កណ្តាល បានថ្លែងប្រាប់ប្រជាពលរដ្ឋភៀសសឹក ពីការខិតខំប្រឹងប្រែងរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងការដោះស្រាយបញ្ចប់សង្គ្រាម តាមរយៈវិស័យការទូត ដើម្បីស្វែងរកសុខសន្តិភាព និងសេចក្តីសុខជូនប្រជាពលរដ្ឋ ពិសេសប្រជាពលរដ្ឋភៀសសឹក។

ការថ្លែងរបស់ឯកឧត្តម ហេង ណន ក្នុងឱកាសអញ្ជើញដឹកនាំក្រុមការងារ ក្រុមគ្រួសារ ដោយមានការចូលរួមពីឯកឧត្តម អ៊ុក គឹមសាន អភិបាលរងខេត្តព្រះវិហារ និងអាជ្ញាធរពាក់ព័ន្ធ នាំយកអំណោយសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ព្រមទាំងអំណោយរបស់ក្រុមគ្រួសារ និងក្រុមការងាររបស់លោក មកផ្តល់ជូនជនភៀសសឹកដោយសារសង្រ្គាមចំនួន៤ទីតាំង នៅខេត្តព្រះវិហារ។

នៅក្នុងឱកាសនេះ ឯកឧត្តម ហេង ណន បាននាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោជំទាវបណ្ឌិត ជូនប្រជាពលរដ្ឋភៀសសឹកដែលមានវត្តមាននៅទីនេះ ក៏ដូចជាប្រជាពលរដ្ឋទូទាំងខេត្តព្រះវិហារផងដែរ។

ឯកឧត្តមរដ្ឋលេខាធិការ បានថ្លែងបញ្ជាក់ថា ដោយសារតែសង្គ្រាម ដែលបង្ករឡើងដោយកងទ័ពសៀមឈ្លានពាន បានធ្វើឲ្យប្រជាពលរដ្ឋខ្មែរស្លូតត្រង់ ត្រូវបង្ខំចិត្តភៀសខ្លួនចោលផ្ទះសំបែង ចោលទ្រព្យសម្បត្តិផ្សេងៗ ពិសេសអ្នកខ្លះភៀសខ្លួនមិនមានអ្វីមកជាប់នឹងខ្លួនផង សូម្បីតែសម្លៀកបំពាក់ ចាន ឆ្នាំង មុង ភួយ ធ្វើយ៉ាងឲ្យរួចផុតពីគ្រាប់កាំភ្លើងផ្លោងរបស់កងទ័ពសៀម មកស្នាក់នៅតាមទីតាំងសុវត្ថិភាពផ្សេងៗ។

ឯកឧត្តម ហេង ណន ថ្លែងទៀតថា ដោយឃើញទិដ្ឋភាពដ៏សែនវេទនារបស់ភៀសសឹក ក៏ដូចជាប្រជាពលរដ្ឋខ្មែរទាំងមូល សម្តេចតេជោ ហ៊ុន សែន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានខិតខំប្រឹងប្រែងដោះស្រាយបញ្ចប់សង្គ្រាមតាមរយៈវិស័យការទូត រហូតឈានដល់មានបទឈប់បាញ់ កាលពីវេលាម៉ោង១២៖០០នាទីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ផ្តល់ស្នាមញញឹមដល់ប្រជាពលរដ្ឋគ្រប់រូប។

ក្នុងស្មារតីខ្មែរស្រលាញ់ខ្មែរ ខ្មែរជួយខ្មែរ សម្ភារៈ ឯកឧត្តមបាននាំអំណោយរបស់សម្តេចធិបតី និងលោជំទាវបណ្ឌិត ព្រមទាំងក្រុមគ្រួសារ ចែកជូនប្រជាពលរដ្ឋភៀសសឹកចំនួន៤មណ្ឌលសុវត្ថិភាព រួមមាន៖ មណ្ឌលសុវត្ថិភាពវត្តត្រាវគៀត ចំនូន២៥០គ្រួសារ, មណ្ឌលសុវត្ថិភាពបាក់កាំ ចំនួន៣៦៤គ្រួសារ, មណ្ឌលសុវត្ថិភាពវត្តប៉ាលហាល ចំនួន២៤៥គ្រួសារ និងមណ្ឌលសុវត្ថិភាពវត្តពោធិ៍សិលារាម ចំនូន១៤១គ្រួសារ។

សម្ភារៈ និងថវិការក្នុងមួយគ្រួសារទទួលបាន៖ ឃីត១ អង្ករ២០គីឡូក្រាម ទឹកបរិសុទ្ធ១កេស មី១កេស កន្ទេល១ ទឹកត្រីទឹកស៉ីអ៉ីវ និងថវិកា១០,០០០រៀល ព្រមទាំងប្រគេនវត្តចំនួន៣ និងមន្រ្តីរដ្ឋបាលដែលគ្រប់គ្រង់ទីទាំង៤កន្លែងផងដែរ៕