ទីប្រឹក្សាសម្ដេចតេជោ ហ៊ុន សែន ដឹកនាំក្រុមការងារចលនាកសាងសមាជិកបក្សមូលដ្ឋានខេត្តកំពង់ស្ពឺ និងសប្បុរសជននាំយកជំនួយជូនរដ្ឋបាលខេត្តកោះកុង


នៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម ទី ប៊ុនថេង ទីប្រឹក្សារបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាក្រុមការងារស្នូលរបស់ក្រុមចលនាកសាងសមាជិកបក្សចុះមូលដ្ឋានខេត្តកំពង់ស្ពឺ តំណាងឯកឧត្តម យូ សិរីវុឌ្ឍ បេសកជនពិសេសរបស់សម្ដេចតេជោ ហ៊ុន សែន និងជាប្រធានក្រុមចលនាកសាងសមាជិកបក្សរាជធានី-ខេត្ត និងឯកឧត្តម ភឺន ផល្លា ជំនួយការផ្ទាល់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងជាអនុប្រធានក្រុមការងារចលនាកសាងសមាជិករាជធានី-ខេត្ត បានដឹកនាំក្រុមការងារចលនាកសាងសមាជិកបក្សមូលដ្ឋានខេត្តកំពង់ស្ពឺ និងសប្បុរសជននាំយកនូវស្បៀងអាហារគ្រឿងឧបភោគបរិភោគ ព្រមទាំងរបស់របរប្រើប្រាស់ជាច្រើន ទៅប្រគល់ជូនលោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង។

ក្នុងឱកាសនៃការអញ្ជើញជួបសួរសុខទុក និងសំណេះសំណាល ឯកឧត្តម ទី ប៊ុនថេង បានប្រគល់ជូនស្បៀងអារហារ និងរបស់របរប្រើប្រាសជាច្រើនរួមមាន អង្ករ ត្រីងៀត ទឹកត្រី ទឹកស៊ីអ៊ីវ ទឹកបរិសុទ្ធ ត្រីខកំប៉ុង មី ឆៃប៉ូវ ផ្អកត្រីប្រា សៀងផ្អែម បន្លែជាច្រើនមុខ ព្រមទាំងថវិកាចំនួន២លានរៀល ដើម្បីសម្រាប់ទុកផ្គត់ផ្គង់ជូនវីរកងទ័ព និងប្រជាពលរដ្ឋដែលកំពុងភៀសសឹកពីតំបន់មានជម្លោះព្រំដែនកម្ពុជា-ថៃ។

ឯកឧត្តម ទី ប៊ុនថេង បានលើកឡើងថា ផលវិបាកនៃសង្គ្រាមបានបង្កមហន្តរាយ បំផ្លិចបំផ្លាញទ្រព្យសម្បត្តិ និងសោកនាដកម្ម ផ្តាច់ជីវិតមិនរើសមុខ ទាំងទាហាន និងជនស៊ីវិលស្លូតត្រង់។ ប្រជាពលរដ្ឋត្រូវបង្ខំចិត្តភៀសខ្លួន ចាកចេញពីផ្ទះសម្បែង ទ្រព្យសម្បត្តិ សត្វចិញ្ចឹមដែលមិនអាចយកមកជាមួយបាន។ ទុក្ខលំបាកនេះធ្វើឲ្យយើងទាំងអស់គ្នាយល់យ៉ាងច្បាស់តម្លៃ នៃសន្តិភាព។

ក្រោមការយកចិត្តទុកដាក់ខ្ពស់ពីសម្ដេចតេជោ ហ៊ុន សែន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានណែនាំឲ្យអាជ្ញាធរមានសមត្ថកិច្ច យកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋជាជនភៀសសឹក ដែលបានជម្លៀសខ្លួនចេញពីតំបន់ប្រយុទ្ធគ្នា ក្ក្នុងស្មារតីខ្មែរជួយខ្មែរ ស្មារតីខ្មែរតែមួយ មានប្រជាពលរដ្ឋជាច្រើន បានចូលរួមបរិច្ចាគទាំងថវិកា និងកញ្ចប់ស្បៀងអាហារ ថ្នាំពេទ្យ និងសម្ភារៈប្រើប្រាស់នានាជាច្រើនទៀតជួយដល់កងទ័ពជួរមុខ និងប្រជាពលរដ្ឋភៀសសឹកពីតំបន់មានជម្លោះព្រំដែនកម្ពុជា-ថៃ។

ក្នុងឱកាសនោះ លោកជំទាវ មិថុនា ភូថង អភិបាលខេត្តកោះកុង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនក្រុមការងារចលនាកសាងសមាជិកបក្សមូលដ្ឋានរាជធានី-ខេត្ត ជាពិសេសលោក ទី ប៊ុនថេង និងសប្បុរសជនក្នុងខេត្តកំពង់ស្ពឺ ដែលបានជ្រោមជ្រែងនាំយកគ្រឿងឧបភោគបរិភោគ សម្ភាររួមទាំងថវិកា មកប្រគល់ជូនរដ្ឋបាលខេត្តកោះកុងនៅថ្ងៃនេះ ក្នុងស្មារតីគាំទ្រវីរៈកងទ័ពជួរមុខ ក៏សូមអរគុណដល់បងប្អូនទាំងអស់បង្ហាញនៅភាពជាធ្លង់មួយក្នុងនាមជាខ្មែរ ក្នុងការគាំទ្រកងកម្លាំងយើង ឲ្យមានកម្លាំងចិត្តក្នុងការការពារបូរណភាពទឹកដី ដើម្បីថែរក្សាសុខសន្តិភាពជាតិមាតុភូមិ៕